ការចម្លង​វីរុស Chikungunya របស់​សត្វ​មូស​អាច​ឲ្យ​កើត​ជម្ងឺ​រលាក​ខួរក្បាល, ស្លាប់

ការចម្លង​វីរុស Chikungunya របស់​សត្វ​មូស​អាច​ឲ្យ​កើត​ជម្ងឺ​រលាក​ខួរក្បាល, ស្លាប់ 

ការសិក្សា​កន្លង​មក​រក​ឃើញ​ថា​ការ​ចម្លង​វីរុស Chikungunya របស់​មូស​នោះ​គឺ​បណ្ដាល​ឲ្យ​កើត​ជម្ងឺ​គ្រុនក្ដៅ និង​ការ​ឈឺ​ចុក​ចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​សិក្សា​ថ្មី​វិញ​បាន​បង្ហាញ​ថា​វា​អាច​នាំ​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​ខួរក្បាល និង​អាច​ស្លាប់​បាន​នៅ​លើ​មនុស្ស​មួយ​ចំនួន។

នៅ​ក្នុង​ការ​ស្រាវជ្រាវ, អ្នក​ស្រាវជ្រាវ​បាន​មើល​ទៅ​លើ​ការ​រីករាលដាល​នៃ​មេរោគ​នៅ​លើ​ប្រជុំ​កោះ​មួយ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ដែល​នៅ​ជិត​ម៉ាដាហ្គាស្ការ (Madagascar)  ចាប់​តាំង​ពី​ឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦ និង​បង្ករ​ឱ្យ​មនុស្ស បីរយពាន់ (៣០០,០០០) នាក់ ធ្លាក់​ខ្លួន​ឈឺ។ ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​របស់​ពួក​គេ​ធ្វើ​ឱ្យ​មនុស្ស ២៤​នាក់​អភិវឌ្ឍ​រោគ​រលាក​ខួរក្បាល ដែល​ជា​ការ​រលាក​នៃខួរក្បាល, និង ៤នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត។
 
រោគ​រលាក​ខួរ​ក្បាល​ពី​វីរុស Chikungunya នេះ​គឺ​ទូទៅ​បំផុត​ក្នុង​ចំណោម​ទារក​ដែល​មាន​អាយុ​តិច​ជាង ១ខួប និង​មនុស្ស​មាន​អាយុ ៦៥ ឡើង​ទៅ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​លោក​វេជ្ជបណ្ឌិត  Dr. Patrick Gérardin មក​ពី​សាកល​វិទ្យា​ល័យ  Central University Hospital in Saint Pierre,  Reunion Island បាន​បង្ហាញ​ថា «អត្រា​នៃ​រោគ​រលាក​ខួរក្បាល​មាន​អត្រា​ខ្ពស់​ជាង អត្រា​រលាក​ខួរក្បាល​នៅ​សហរដ្ឋអាមេរិក នៅ​ចន្លោះ​អាយុ​ប៉ុណ្ណឹង នៅ​ពេល​ដែល​យើង​រាប់​បញ្ចូល​នូវ​មូលហេតុ​ទាំង​អស់​នៃ​រោគ​រលាក​ខួរក្បាល​នេះ»។

វីរុស Chikungunya នេះ​ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​មូស​នេះ​ឯង។ ហើយ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​មនុស្ស​ម្នាក់​បាន​ឆ្លង​នូវ​មេរោគ​នេះ​នោះ​គឺ​មាន​អាការៈ​គ្រុនក្ដៅ និង​ឈឺ​សន្លាក់​ព្រម​ជា​មួយ​នឹង​ការ​ឈឺ​សាច់​ដុំ ហើម​សន្លាក់ និង​កន្ទួល នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជម្ងឺ (Centers for Disease Control and Prevention) ហៅ​កាត់​ថា «CDC» ។ មនុស្ស​ភាគច្រើន​អាច​មាន​ស្រួល​ខ្លួន​ឡើង​វិញ​ក្នុង​រយៈ​ពេល ១សប្ដាហ៍ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត អាច​ដល់​ខែ ឬ​ឆ្នាំ​ផង។
នា​ពេល​បច្ចុប្បន្ន​នេះ​នូវ​ពុំ​ទាន់​មាន​ថ្នាំ​វ៉ាក់សាំ​ការពារ​នូវ​វីរុស​ប្រភេទនេះ​ទេ ឬ​ថ្នាំ​ព្យាបាល​ការ​ឆ្លង​នៃ​វីរុស​ប្រភេទ​នេះ​ដែរ នេះ​បើ​យោង​តាម CDC បញ្ជាក់។ មនុស្ស​ដែល​ផ្ទុក​មេរោគ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រុន​ក្ដៅ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ប៉ុណ្ណ។ ហើយ​ប្រសិន​បើ​មនុស្ស​ណា​ដែល​អភិវឌ្ឍ​ដល់​ការ​រលាក​ខួរក្បាល​នោះ​គេ​នឹង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ខួរក្បាល​តែ​ម្ដង។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ការ​ផ្ទុះ​នៃ​វីរុស  Chikungunya បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ពិភពលោក​រួម​ទាំង​ទ្វីប​អាហ្វ្រិក អាស៊ី និង​កោះ Caribbean។ ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំងឺ​នេះ​ត្រូវ​បាន​រីក​រាលដាល​ទៅ​កាន់​តំបន់​ថ្មី​។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ ជាង ៧ពាន់​ ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​នេះ​បើ​យោង​តាម CDC

បើ​យោង​តាម CDC នៅក្នុង​ឆ្នាំ ២០១៥ នេះ មាន​ការ​ឆ្លង​វីរុស  Chikungunya រហូត​ដល់ ៥៧១ ករណី​ត្រូវ​បាន​រាយការណ៍ ដែល​ក្នុង​នោះ​មាន ២៤ករណី​នៅក្នុង​សហរដ្ឋ​អាមេរិក រួម​បញ្ចូល​ទាំង​ករណី​នៅ​កន្លែង​ផ្សេងៗ​ទៀត។ ហើយ​មាន ១៩៦ករណី​ទៀត​ស្ថិត​នៅ​ក្នុង  Puerto Rico និង​កោះ Virgin

អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ក្នុង​ចំណោម​កុមារ​ដែល​បាន​ឆ្លង​មេរោគ​នេះ​គឺ​អភិវឌ្ឍន​ទៅ​រក​ជម្ងឺ​រលាក​ខួរក្បាល និង​អាច​ក្លាយ​ជា​ពិការ ការផ្លាស់ប្ដូរ​អាកប្បកិរិយា និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចងចាំ។

Gérardin បាន​និយាយ​ថា «ផលវិបាក​នៃ​រោគ​រលាក​ខួរ​ក្បាល​នេះ​ហាក់​ដូច​ជា​បង្ក​គ្រោះថ្នាក់​ជា​ពិសេស​នៅ​ក្នុង​ទារក​ទើបនឹង​កើត»

យោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ (25 ខែ​វិច្ឆិកា​) នៅ​ក្នុង​កាសែត Neurology បង្ហាញ​ថា «ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ​នេះ និង​ការ​អភិវឌ្ឍន៍​រោគ​ រលាក​ខួរ​ក្បាល​ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​នេះ, ពិការ​រួម​បញ្ចូល​ទាំង​ជំងឺ​វង្វេង និង​ជំងឺ​ឆ្កួតជ្រូក» ។

ប្រភព៖ livescience
ដោយ៖ មង្គលការ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការចម្លង​វីរុស Chikungunya របស់​សត្វ​មូស​អាច​ឲ្យ​កើត​ជម្ងឺ​រលាក​ខួរក្បាល, ស្លាប់