គឿម សុវណ្ណនឿត ប៉ះ អ៊ុង ស៊ីណា នៅសង្វៀន TV5 ARENA នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ គឿម សុវណ្ណនឿត ក្លឹបឃ្លាំង មឿងខេត្តពោធិ៍សាត់ មកសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ អ៊ុង ស៊ីណា ក្លឹបម្កុដរាជសីហ៍ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម នាយប់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះនៅលើសង្វៀនស៊ីម៉ង់អូដ្ឋ TV5 ARENA ។

គឿម សុវណ្ណនឿត មានកណ្ដាប់ដៃល្អ ស្នៀតទាត់ក៏ល្អដែរ ហើយមានចិត្តប្រដាល់ធំថែមទៀត សម្រាប់ការប្រកួតលើកនេះ សុវណ្ណនឿត ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ទើបបាន ព្រោះថា ស៊ីណា ឥឡូវខ្លាំងជាងពីមុន ហើយគេនឹងវាយបុកខ្លាំងមកលើមិនខាន ដូច្នេះចង់មិនចង់ ស៊ីណា អាចយកឈ្នះបាន ។ អ៊ុង ស៊ីណា មានផ្លែល្អមិនល្អដូច សុវណ្ណនឿតទេ ហើយមួយទៀតគេប្រកួត ក៏មិនសូវទៀងទាត់ប៉ុន្មានដែរ គឺជួនល្អ ជួនអន់ ឆាប់អស់កម្លាំងដែរ ។

ទោះជាយ៉ាងណា ស៊ីណា ក៏ជាអ្នកប្រដាល់ដែលមានចិត្តធំមិនចាញ់ សុវណ្ណនឿត ប៉ុន្មានដែរ ទោះបីជាលទ្ធផលប្រកួតរបស់ ស៊ីណាត កន្លងមកពុំសូវជាល្អយ៉ាងណាក្តី ។ អ៊ុង ស៊ីណា ប្រកួតចុងក្រោយនេះវាយចាញ់ យុគ យក្សផ្លែ ក្លឹបអប់រំកាយកីឡាខេត្តបាត់ដំបងដោយពិន្ទុ រីឯ គឿម សុវណ្ណនឿត ប្រកួតចុងក្រោយគេវាយឈ្នះ ឆាយ ម៉េត ក្លឹបសំរោងកោងខេត្តបាត់ដំបងក្នុងទឹកទី៣ ។

អ្នកប្រដាល់ ប្រាក់ ស៊ីណាត ក្លឹបតាឯកដំបងដែកមានរិទ្ធ ឡើងសងសឹកអ្នកប្រដាល់ សៅ ប៊ុនធឿន ក្លឹបតាព្រហ្មមាន ជ័យប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ។ អ្នកប្រដាល់២នាក់នេះ ធ្លាប់ប៉ះគ្នាចំនួន៤លើកហើយ ដោយក្នុង៤លើកនេះ ស៊ីណាត ពុំទាន់ស្គាល់ការឈ្នះម្តងណានោះទេ ។

សៅ ប៊ុនធឿន ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ រូបគេវាយខ្លាំង និងវាយមានផ្លែល្អដូចជាអ្នកប្រដាល់ជើងចាស់ដែរ ។ កាលពីប្រកួតលើកដំបូងៗ គេវាយមានផ្លែល្អ រហ័សរហួន និងបម្លាស់ទីបានល្អនៅពេលដែលគេជួបជាមួយជើងខ្លាំងម្តងៗនោះ ។ ការប្រកួតលើកចុងក្រោយនេះ គេវាយឈ្នះ ប្រាក់ ស៊ីណាត ដោយពិន្ទុ ។

អ្នកប្រដាល់ ប៊ុន សុធា ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ក៏សងសឹកជាមួយអ្នកប្រដាល់ ឡុង សុផា ក្លឹបសាលវ័ន្តកីឡា ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម រីឯអ្នកប្រដាល់ សែម ឆវ័ន្ត ក្លឹបតាឯកដំបងដែកមានរិទ្ធ ជួបប្រកួត អ្នកប្រដាល់ សូយ សុគន្ធ ក្លឹបពោធិ៍ជ័យកីឡា ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

គឿម សុវណ្ណនឿត ប៉ះ អ៊ុង ស៊ីណា នៅសង្វៀន TV5 ARENA នាយប់ថ្ងៃអាទិត្យ