ឃាត់ខ្លួនបក្ខពួក ជនសង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូប ជនបរទេស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង៤០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៧២ កែងព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបជនបរទេស ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ ល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិត ប្រាកដ ជាអ្នកឆក់កាបូប រីឯជនសង្ស័យម្នាក់ទៀត ដែលរត់ខ្លួន គឺជាអ្នកបើកម៉ូតូឈ្មោះ ឃីម អាយុប្រហែល ជាង២០ឆ្នាំ ជាម្ចាស់ម៉ូតូ ។

មន្រ្តីអាវុធហត្ថបានបន្តថា ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាងរួមមាន -ម៉ូតូ០១គ្រឿងម៉ាក ហុងដាវេវអាល់ហ្វា ពណ៏ខ្មៅគ្មានស្លាកលេខ -ទូរស័ព្ទ០១គ្រឿង ម៉ាក NEWPHONE ចំនួន០១គ្រឿង ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា នៅវេលាម៉ោង២១និង៣០នាទី ជនសង្ស័យទាំង០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកវេវអាល់ហ្វា តាមបណ្តោយផ្លូវ១៧២ ពីលិចមកកើត ដល់ចំនុចមុខហាង ម៉ាស្សាហ័រស៊ីស៊ិន ក៏បានឆក់កាបូប ជនបរទេស ហើយក៏ជិះគេចខ្លួន បានប្រហែល៥០០ម៉ែត មកដល់ចំនុចផ្លូវ១៧២ កែងផ្លូវព្រះនរោត្តម ក៏ត្រូវ បានកំលាំងល្បាត និងប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមផ្លូវឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ ទៀតបាន រត់គេចខ្លួន ចូលក្នុងវត្តសារាវ័ន្តបាត់តែម្តង ។ ភ្លាមនោះដែរជនរងគ្រោះជាជនជាតិ បរទេសមកដល់ ក៏បានវាយ ជនសង្ស័យ២ទៅ៣ដៃ ហើយក៏បានទាញយក កាបូបរបស់គេពីជនសង្ស័យ រួចឡើងជិះម៉ូតូកង់៣ចេញ ទៅបាត់ដោយ មិនព្រមមកដាក់ពាក្យប្តឹង នៅកន្លែងយើងទេ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានឆក់កាបូបរបស់ជនបរទេសពិតប្រាកដមែន រីឯដៃគូររបស់វាដែលរត់គេចខ្លួននោះឈ្មោះ ឃីម ហើយពួកវាស្គាល់គ្នា នៅក្រោយសាលាយុគន្ធរ ប៉ុន្តែមិន ស្គាល់ផ្ទះឈ្មោះ ឃីម ទេនោះ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្ត ៕

ឃាត់ខ្លួនបក្ខពួក ជនសង្ស័យម្នាក់  បន្ទាប់ពីឆក់កាបូប ជនបរទេស