អគ្គនាយក EDC៖ ឆ្នាំ២០១៨ កម្ពុជាមាន ប្រភពអគ្គីសនី បន្ថែម ៤០០មេហ្គាវ៉ាត់ កាត់បន្ថយពឹងផ្អែក ពីប្រទេសជិតខាង បានយ៉ាងច្រើនបំផុត

ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា នៅពេលណាបានទទួលអានុភាពបន្ថែមចំនួន ៤០០មេហ្គាវ៉ាត់ ពីវារីអគ្គីសនីទន្លេសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង គឺកម្ពុជានឹងកាត់បន្ថយការពឹងផ្អែក ពីប្រទេសជិតខាងបានយ៉ាងច្រើនបំផុត។

លោក កែវ រតនៈ បានបញ្ជាក់ថា យើងមិនអាចកាត់ផ្តាច់ពីប្រទេស ក្នុងតំបន់អាស៊ានទេ ព្រោះត្រូវពឹងគ្នាទៅវិញទៅមក ម្តងគេម្តងយើង មិនអាចផ្តាច់ទាំងស្រុងតែឯងនោះទេ, ដូចប្រទេសឡាវ និងថៃ គេពឹងគ្នា ទៅវិញទៅមក។ ប៉ុន្តែនៅឆ្នាំ២០១៨ខាងមុខនេះ អគ្គិសនីនៅកម្ពុជា នឹងលែងជួបបញ្ហាពិបាកដូចបច្ចុប្បន្ននេះហើយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនោះ បានបញ្ជាក់ឲ្យដឹងបន្ថែមថា ចំពោះករណីដាច់ភ្លើងកាលពីយប់មិញ ត្រូវបានដោះស្រាយរួចរាល់ ១០០ភាគរយហើយ, ប៉ុន្តែនៅពេលព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ មានបញ្ហាបច្ចេកទេសបន្តិចបន្តួច ធ្វើឲ្យចរន្តអគ្គិសនីដាច់ដោយតំបន់ខ្លះ និងជ្រាយខេត្តកំពង់ចាម និងកំពង់ស្ពឺ ប៉ុន្តែមន្រ្តីអគ្គិសនីបាននឹងកំពុងដោះស្រាយហើយ។

យោងតាមព័ត៌មានពីមន្រ្តីអគ្គិសនីកម្ពុជា បានឲ្យដឹងថា ប្រភពថាមពលអគ្គីសនីធំៗដែលកំពុងផលិតប្រើប្រាស់ ក្នុងស្រុកនាពេលបច្ចុប្បន្នមាន៖
១៖ វារីអគ្គិសនីឬស្សីជ្រុំក្រោម ៣៣៨មេហ្គាវ៉ាត់។
២៖ វារីអគ្គិសនីកំចាយ ១៩៤.១មេហ្គាវ៉ាត់៣. វារីអគ្គិសនីគិរីរម្យ៣ ១៨មេហ្គាវ៉ាត់
៣៖ វារីអគ្គិសនីស្ទឹង អាតៃ ១២០មេហ្គាវ៉ាត់
៤៖ អគ្គីសនីដើរដោយធ្យូងថ្ម ១០០មេហ្គាវ៉ាត់
៥៖ វារីអគ្គិសនីគិរីរម្យ១ ១២មេហ្គាវ៉ាត់
៦៖ វារីអគ្គិសនីគិរីរម្យ៣ ១៨មេហ្គាវ៉ាត់
៧៖ អគ្គីសនីដើរដោយប្រេងនៅតាមខេត្ត និងរាជធានី ប្រហែល១០០មេហ្គាវ៉ាត់។ល។

បច្ចុប្បន្នកម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង២បន្ថែមទៀត មានចំនួនជិត៣០០មេហ្គាវ៉ាត់ គឺ៖
១៖ ពីប្រទេសវៀតណាម ចំនួន១៧០មេហ្គាវ៉ាត់
២៖ ពីប្រទេសថៃ ចំនួន១២០មេហ្គាវ៉ាត់៕

អគ្គនាយក EDC៖ ឆ្នាំ២០១៨ កម្ពុជាមាន ប្រភពអគ្គីសនី បន្ថែម ៤០០មេហ្គាវ៉ាត់ កាត់បន្ថយពឹងផ្អែក ពីប្រទេសជិតខាង បានយ៉ាងច្រើនបំផុត