​នៅ​ថ្ងៃ​៣០ វិច្ឆិកា សាលាឧទ្ធរណ៍ បើកសវនាការ ប្តឹង​ទាស់​សាលក្រម​សាលាដំបូង ឲ្យ​លោក​ហុង សុខ​ហួរ និង​មេធាវី ផ្តល់​ឯកសារ​ប​បន្ថែម​

ភ្នំពេញ: សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខនេះ លើ​បណ្តឹង​របស់ លោក​ជូ​ង ជូ​ងី មេធាវី ការពារ​ក្តី​លោក​ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា គណបក្ ស​សម រង្ស៊ី ដែល​បាន​ប្តឹង​ទាស់​ទៅ​និង​សាលក្រម ចាត់​របៀប​របស់​សាលាដំបូង រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឲ្យ​លោក​ហុង សុខ​ហួរ ផ្តល់​ឯកសារ​បន្ថែម និង​ការ ទាមទារ​ផ្តល់​កុំព្យូទ័រ ដែល​បាន​ប្រើប្រាស់ ក្នុងការ​ស្វែងរក​ឯក​សារ​។​

​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​លោក ហុង សុខ​ហួរ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​លើ​បណ្តឹង ប្តឹង​ទាស់​របស់លោក ទៅនឹង​សាលក្រម ចាត់​របៀប​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បានទាមទារ​ឲ្យ​លោក ហុង សុខ​ហួរ ផ្ត​ល់កំ​ព្យូ​រ​ទ័​រ ដែល​បាន​ប្រើប្រាស់ ក្នុងការ​ស្រាវជ្រាវ​រក​ឯកសារ​។​

​ទាក់ទង​សំណុំរឿង​លោក ហុង សុខ​ហួរ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​សាកសួរ​ពី​រឿង​សមគំនិត ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​និង​ញុះញង់​បង្ក​ឲ្យ​មាន ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។​

​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​នេះ គឺពាក់ព័ន្ធ​ការ​បង្ហោះ សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្លែងក្លាយ និង​វីដេអូ​ឃ្លី​ប នៅលើ​ផេ​ក Facebook របស់លោក សម រង្ស៊ី​។ ហើយ​ការ​បង្ហោះ​នេះ ដែលជា​ដើមចម ដែល​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ ហើយ​សំណុំ​រឿងនេះ ក៏មាន​ការពាក់ព័ន្ធ​ជាមួយ ក្រុម​ជំនួយ​លោក ហុង សុខ​ហួរ និង​ក្រុមបច្ចេកទេស កាន់​ផេ​កលោក សម រង្ស៊ី ផងដែរ​។ ដោយ​ក្រុម​នេះ បានដឹងខ្លួន​ជាមុន ក៏បាន​នាំគ្នា​គេចខ្លួន ទៅ​ក្រៅប្រទេស​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ ហើយ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក​ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស​។​

​តុលាការ បាន​ចោទប្រកាន់​លោក ហុង សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១. បទ​ក្លែង​ឯកសារ​សាធារណៈ​, ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចោទប្រកាន់ ៣ បទល្មើស​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤​។​

 តុលាការ​បាន​កំពុងតែបន្ត​នីតិវិធី ក្នុង​សំណុំរឿង​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​រឿង​ព្រំដែន រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម​។ ខណៈពេលដែល តុលា​ការបន្ត​នីតិវិធី ក្នុង​សំណុំ​រឿងនេះ ជំនួយការ​លោក ហុង សុខ​ហួរ និង​អ្នកបច្ចេកទេស កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានគេច​ខ្លួន​ចេញទៅ​ក្រៅប្រទេស​។​

​ការបន្ត​នីតិវិធី​របស់​តុលាការ ក្នុង​សំណុំ​រឿងនេះ តុលាការគ្រោង​នឹង​កោះអញ្ជើញ​ជំនួយការ​លោក ហុង សុខ​ហួរ រួមទាំង​ក្រុម​អ្នកបច្ចេកទេស កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន ដើម្បី​ធ្វើការ​សាកសួរ និង​បំភ្លឺ​អំពី​ដំណើរ​បង្ហោះ វីដេអូ​ឃ្លី​ប​របស់លោក ហុង សុខ​ហួរ ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម បានធ្វើការ​បកស្រាយ​អះអាង អំពី​ខ្លឹមសារ​ប្រការ​៤ នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ថា សម្តេច ហេង សំរិន ដែលជា​ប្រមុខរដ្ឋ​បាន​ចុះហត្ថលេខា ជាមួយ​ប្រមុខរដ្ឋ​របស់ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ថា ប្រទេស​ទាំងពីរ ឯកភាពគ្នា​រំលាយ​ព្រំដែន​រដ្ឋ​ទាំងពីរ ព្រមទាំង​បាន​លើកយក​អត្ថបទ នៃ​សន្ធិសញ្ញា​នេះ ដាក់បញ្ចូល​ក្នុង​វីដេអូ​ឃ្លី​ប​នេះ​ទៀត​។​

​ក្រៅពី​ជំនួយការ​លោក ហុង សុខ​ហួរ និង​ក្រុមបច្ចេកទេស ក៏មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​ពាក់ព័ន្ធ​ផងដែរ ក្នុងការ​សមគំនិត លាក់​បំពួន​លោក​ហុង សុខ​ហួរ ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​។​

​អ្នក​ដែល​រត់គេច ទៅ​ក្រៅប្រទេស មានដូចជា ១.​ឈ្មោះ អ៊ឹង ជុង​លាង (​ហៅ ម៉ាប់ ឬ កូនជ្រូក​), ២.​ឈ្មោះ សម្បត្តិ សត្យា​, ៣.​ឈ្មោះ សម្បត្តិ ដេវីត និង​មន្ត្រី​មួយចំនួនទៀត បានគេច​ខ្លួន​ដែរ​៕V​/S