ការ​ដាច់​​អគ្គិសនី​​​បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​ពី​ប្រទេស​វៀតណាម

ការ​ដាច់​​អគ្គិសនី​​​បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​ពី​ប្រទេស​វៀតណាម

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង អគ្គនាយក​អគ្គិសនី​កម្ពុជា​​បាន​ចេញ​សារ​ភ្លាម​ៗ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដាច់​ចរន្ដ​អគ្គិសនី​កាល​ពី​យប់​មិញ ចប់​ថ្ងៃ​បិទ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះខែ អក​អំបុក។

 

តាមរយៈ​សារ​នៅ​លើ​គណនី​សម្ដេច​តេជោ ហ៊ុន សែន បាន​សរសេរ​សូម​អធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ដាច់​ចរន្ដ​អគ្គិសនី ដែល​បញ្ហា​នេះ​រំខាន​ដល់​ការ​សប្បាយ​រីករាយ​នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធី​បុណ្យ​អំទូក។ ទន្ទឹម​នឹង​នេះ សម្ដេច​បាន​ពន្យល់​ពី​មូល​ហេតុ​ថា ការ​ដាច់​ចរន្ដ​អគ្គសិនី​នេះ មិនមែន​កើត​ចេញ​ពី​អំពី​ភេរវកម្ម ឬ ឧប្បហេតុ​ណា​មួយ​ក្រៅ​ពី​ការ​ដាច់​ចរន្ដ​អគ្គសិនី​ដែល​បណ្ដាល​មក​ពី​បច្ចេកទេស​វៀតណាម​នោះ​ទេ។

 

 

ការ​ដាច់​​អគ្គិសនី​​​បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​ពី​ប្រទេស​វៀតណាម

 

នៅ​ក្នុង​សារ​របស់​សម្ដេច​ហ៊ុន​សែន ដែល​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ឃ្លីប បង្ហោះ​តាម​គណនី​ Facebook របស់​សម្ដេច​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​អគ្គិសនី និង អគ្គនាយក​អគ្គិសនី​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​ដាច់​ចរន្ដ​ គឺ​ផ្ដើម​ចេញ​ពី​ប្រទេស​វៀតណាម ដែល​កម្ពុជា​បាន​ទិញ​ពី​ប្រទេស​មួយ​នេះ​នៅ​ក្នុង​កុងត្រា ២០០ មេហ្គាវ៉ាត់ តែ​យើង​កំពុង​ធ្វើ​កុង​ត្រា​ទិញ​មក​ផ្គត់ផ្គង់​នៅ​ទី​ក្រុង​ភ្នំពេញ តែ ១៥០ មេហ្គាវ៉ាត់ ហើយ​នៅ​ពេល​យើង​កំពុង​បញ្ជូន​ភ្លើង​ចូល​មក កាន់ទី​ក្រុង​ភ្នំពេញ និង ចែក​ចាយ​ទៅ​តាម​បណ្ដាខេត្ត អគ្គិសនី​នៅ​ប្រទេស​វៀតណាម ក៏​បាន​ចាប់​ផ្ដើម​ដាច់ ដូច្នេះ ការ​ដាច់​នៅ​វៀតណាម​បាន​ទាញ​ទម្លាក់​នៅ​ទី​ក្រុង​ភ្នំពេញ និង បណ្ដា​ខេត្ត​​ដែល​ជាប់​ជាមួយ​បណ្ដាញ​ជាតិ​ក៏ត្រូវ​បាន​កាត់​ផ្ដាច់​ដូចគ្នា។

 

 

 

 

សម្ដេច​ហ៊ុន សែន បាន​បន្ថែម​ទៀត​ថា មួយ​រយៈ​នេះ អគ្គសិនី​ក៏​បាន​បញ្ជូន​មក​ដល់ ហើយ​ឥឡូវ​នេះ ទី​ក្រុង​ភ្នំពេញ​បាន​ផ្គត់ផ្គង់​លើស​ពី ៥០០ % ទៅ​ហើយ និង នៅ​តាម​បណ្ដា​ខេត្ត​ក៏​បាន​ដំណើរ​ការ​អគ្គិសនី​ផ្ទាល់​ខ្លួន ដែល​យើង​សង្ឃឹម​ថា តាម​រយៈ​អ្នក​បច្ចេក​ទេស​នឹង​ពន្លឿន​ការ​បញ្ជូន​អគ្គិសនី​ទៅ​តាម​បណ្ដា​ខេត្ត​​នានា​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ក៏​បាន​បញ្ចេញ​វីដេអូ​ឃ្លីប​ភ្លាមៗ​ដែរ ដើម្បី​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ដាច់​ថា កម្ពុជា​បាន​ដាច់​ភ្លើង​ស្ទើរ​ទូទាំង​ប្រទេស​ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេកទេស​ពី​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កម្ពុជា នៅ​គ្រា​ដែល​កម្ពុជា​បាន​ទិញ​ភ្លើង​ពី​វៀតណាម។

 

 

 

 

កាល​ពី​យប់​មិញ​នេះ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​មាន​ការ​ដាច់​ភ្លើង កាល​វេលា​យប់​ម៉ោង​ជាង ១០ ដែល​ចំ​នឹង​ថ្ងៃ​​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អំទូក​ បណ្ដែត​ប្រទីប​ និង សំពះ​ព្រះខែ អក​អំបុក។ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន​ភ្លើង​ក៏​បាន​ចាប់​ផ្ដើម​ឆេះ​ឡើង​វិញ ហើយ​សម្ដេច​នាយករដ្ឋមន្ត្រី​ និង អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ចេញ​វីដេអូ​ឃ្លីប​ ដើម្បី​ពន្យល់​សាធារណៈ​ជន​អំពី​មូលហេតុ​នៃ​ការ​ដាច់​ភ្លើង៕

 

ការ​ដាច់​​អគ្គិសនី​​​បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​ពី​ប្រទេស​វៀតណាម

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា