អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ក្បាលឆាយ​​រុះរើ​លំនៅ

អភិបាល​ខេត្ត​ព្រះសីហនុ តម្រូវ​អោយ​ប្រជាពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​មិន​ស្រប​ច្បាប់​ក្នុង​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត ឲ្យ​រុះរើ​ផ្ទះ ឬ​សំណង់​ផ្សេងៗ​ចេញ​ពី​ទីតាំង​នោះ​ជា​បន្ទាន់ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​កម្ទេច​សំណង់​ទាំង​នោះ​ចោល ហើយ​មិន​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​សម្ភារៈ​ផ្សេងៗ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​សមស្រប​ជា​មុន មុន​នឹង​រុះរើ​ផ្ទះ​ពលរដ្ឋ​ដែល​ចូល​ទៅ​រស់​នៅ​តំបន់​នោះ​យូរ​ឆ្នាំ​ហើយ​គ្មាន​ដី​សម្រាប់​សង់​ផ្ទះ​ពិតប្រាកដ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រៀម​រុះរើ​ផ្ទះ ឬ​សំណង់​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​បាន​សង់​នៅ​លើ​ដី​តំបន់​អនុក្រឹត្យ​លេខ ៧៦ ដែល​រដ្ឋ​ហាម​ឃាត់​ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ដែល​កន្លង​មក​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ពី​ជនខិលខូច​មួយ​ចំនួន។

វិធានការ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ត្រូវ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មាន​ចុះ​ហត្ថលេខា និង​បោះត្រា​ដោយ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ។ លិខិត​ដែល​យោង​តាម​អនុក្រឹត្យ​លេខ ៧៦ ចុះ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ និង​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥ ព្រម​ទាំង​យោង​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។ រដ្ឋបាល​សាលា​ខេត្ត​នេះ​បាន​ជូន​ដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​កំពុង​តាំងទី​លំនៅ​មិន​ស្រប​ច្បាប់​នៅ​តំបន់​ជម្រាល​ក្បាលឆាយ​ឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​ចាត់​វិធានការ​បោស​សំអាត​ការ​តាំង​ទីលំនៅ​មិន​ស្រប​ច្បាប់​នៅ​ក្នុង​តំបន់​ព្រែក​ទឹកសាប​ក្បាលឆាយ ដោយ​រដ្ឋបាល​ខេត្ត​ទុក​ពេល​វេលា ១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ដែល​សង់​មិន​ស្របច្បាប់​ចេញ​ពី​តំបន់​ក្បាលឆាយ។ ប៉ុន្តែ​បើ​មិន​ស្ដាប់​តាម​ការ​ណែនាំ​នេះ​ទេ នៅ​ថ្ងៃ​ផុត​កំណត់​កាលបរិច្ឆេទ​នេះ អាជ្ញាធរ​នឹង​ចាត់វិធានការ​ចុះ​រុះរើ និង​មិន​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​សម្ភារៈ​នោះ​ទេ។ ជាង​នេះ​ទៀ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​រឹង​រុះ ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន។

យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មាន​ចុះ​ហត្ថលេខា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ រំពឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​តាំងទី​លំនៅ​មិន​ស្រប​ច្បាប់​នៅ​ក្នុង​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ រដ្ឋ​ហាម​ឃាត់ នឹង​ចូល​រួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ដើម្បី​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នេះ​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​ជោគជ័យ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ជំហរ​ថា មិន​ជំទាស់​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​នេះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​រវាង​អ្នក​ក្រីក្រ និង​អ្នក​មាន​អំណាច។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់ ស៊ី.អិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មុន​នឹង​ចុះ​រុះរើ​លំនៅឋាន​មិន​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ចេញ​ពី​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ គួរ​ត្រូវ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​បាន​ដឹង​ឲ្យ​បាន​ទូលំទូលាយ​ជា​មុន។ ជាង​នេះ​ទៀត ក៏​ត្រូវ​សម្របសម្រួល និង​ស្វែង​រក​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​លំនៅឋាន​ពិត​ប្រាកដ៖ «»។

បន្ថែម​លើ​នេះ លោក សុខ សុខុម ប្រធាន​អង្គការ ស៊ី.អិន.រ៉ូ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​រក​មូលហេតុ ឬ​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​ទន្ទ្រាន​ដើម​អាកាស្យា​រំលោភ​យក​ដី​រក្សា​ប្រភព​ទឹកសាប​តំបន់​ក្បាលឆាយ​អនាធិបតេយ្យ​កន្លង​មក ត្រូវ​នាំ​មក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា អ្នក​នៅ​ពីក្រោយ​សកម្មភាព​កាត់​ព្រៃ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ ៧៦ ជា​ឡូត៍ៗ ដើម្បី​លក់​ដូរ​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ ត្រូវតែ​នាំ​យក​មក​ផ្ដន្ទាទោស​ឲ្យខាងតែ​បាន៖ «»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​គាំទ្រ​សកម្មភាព​ការពារ​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពេល​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា​រវាង​អ្នក​មាន​ទ្រព្យ​ធន មន្ត្រី​មាន​អំណាច​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន ឲ្យ​បាន​ស្មើភាព​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ខ្វះ​ដី​សង់​ផ្ទះ​ពិតប្រាកដ។

ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​តាំងទី​លំនៅ​ក្នុង​ដី​អនុក្រឹត្យ​តំបន់​ក្បាលឆាយ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​តែ​ទៅ​លើ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​តំបន់​ក្បាលឆាយ​ក្នុង​ពេល​ថ្មីៗ។ ជាង​នេះ ក៏​ត្រូវ​មានការ​អនុគ្រោះ​ដល់​ពលរដ្ឋ​ខ្វះ​ដី​សង់​ផ្ទះ​ពិតប្រាកដ ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​តំបន់​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

ពលរដ្ឋ​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​ដែល​មាន​ផ្ទះ និង​ដី នៅ​ក្នុង​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ បាន​បង្ហាញ​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​វិធានការ​តែ​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ដី​សង់ផ្ទះ​ពិត​ប្រាកដ ប៉ុន្តែ​មិន​បាន​ចាត់ការ​ទៅ​មន្ត្រី​មាន​អំណាច​ដែល​បាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លក់ដូរ​ជា​ឡូត៍ៗ​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ។ ជាង​នេះ​ទៀត ក្រុម​មន្ត្រី និង​សាច់ញាតិ​ដែល​បាន​រំលោភ​ដី​រដ្ឋ​តំបន់​ក្បាលឆាយ បែរ​ជា​រដ្ឋ​បាល​ខេត្ត មិន​បាន​នាំ​ខ្លួន​ទៅ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ទៅ​វិញ៖ «»។

​យ៉ាងណា​ក៏​ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​នឹង​ការពារ​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស។ លោក​បន្ត​ថា ដី​តំបន់​អនុក្រឹត្យ​នេះ រដ្ឋបាល​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​មាន​កម្ម​សិទ្ធិ​នោះ​ទេ។ ដូច្នេះ​ស្នើ​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​ដី​អនុក្រឹត្យ​នេះ​ត្រូវ​លះបង់​មហិច្ឆតា​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​ក្បាលឆាយ​ត​ទៅ​ទៀត ហើយ​ប្រគល់​ដី​តំបន់​នេះ​ជូន​រដ្ឋ​គ្រប់គ្រង​វិញ៖ «»។

​កន្លង​មក​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​លំនៅឋាន​ពិតប្រាកដ ហើយ​បាន​ទៅ​ទន្ទ្រាន​កាប់​ព្រៃ​ដី​តំបន់​ក្បាលឆាយ​សង់​ផ្ទះ​ខុសច្បាប់ ឲ្យ​ទៅ​ចុះឈ្មោះ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ឬ​សង្កាត់ ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច ដែល​អាជ្ញាធរ​ត្រៀម​ផ្ដល់​ជូន​មាន​ទីតាំងនៅ​តំបន់​អូរ​ត្រជាក់ចិត្ត ស្រុក​ស្ទឹងហាវ សម្រាប់​សង់​លំនៅឋាន​ជំនួស​វិញ។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដើម្បី​រក្សា​ដី​អនុក្រឹត្យ​លេខ ៧៦ ដែល​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​ថែរក្សា​ប្រភព​ទឹក​ស្អាត​ឲ្យ​បាន​គង់វង្ស។

រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ បាន​ចេញ​អនុក្រឹត្យ​លេខ​៧៦ ដោយ​កំណត់​ហ៊ុមព័ទ្ធ​ដី​នៅ​តំបន់​នេះ​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៦.២០២​ហិកតារ ដោយ​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម ជួយ​ថែរក្សា​ការពារ​ព្រៃ​ធម្មជាតិ និង​ដាំ​ឈើ​នៅ​តំបន់​នេះ​ឡើង​វិញ។

បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ក៏​បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស រំលោភ​យក​ដី​ឆ្នេរសមុទ្រ រំលោភ​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ​៧៦ ជាដើម ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់។ ជាង​នេះ លោក ស ខេង ក៏​បាន​ដាក់​បទបញ្ជា​ដល់​លោក យន្ត មីន ត្រូវ​បង្កើន​សកម្មភាព​ការពារ​ដី​អនុក្រឹត្យ​លេខ ៧៦ ឲ្យ​បាន​គង់វង្ស និង​ត្រូវ​ដក​ហូត​ដី​ទន្ទ្រាន​កាន់​កាប់​នៅ​ពេល​កន្លង​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។