បទល្មើស​នាំចេញ​ឈើ​ប្រណីត​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​អូររាំង កើតឡើង​យ៉ាង​ពេញបន្ទុក​

លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ដាក់​ដាំ និង​ច្រក​ប៉ុស្តិ៍​កង់​ឡង់ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​ឈ្មួញ​យួន​ឈ្មោះ ជឿ​ង ចាំ​ប្រមូល​ទិញ​ឈើ​នៅតាម​តំបន់​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​រថយន្ត​ទំនើបៗ​ដូចជា ឡិច​ស៊ី​ស និង​ឡង់​គ្រី​ស័​រ​ជាដើម​ប្រមាណ​២០​គ្រឿង បាន​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​។ ឈ្មួញ​យួន​ឈ្មោះ ជឿ​ង រង់ចាំ​ប្រមូល​ទិញ​នៅ​ច្រកព្រំដែន​រួចជាស្រេច ហើយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់ជាង​ឈ្មួញ​ដទៃ​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​ជំនាញ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​មន្ត្រី​ការពារ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​ជាដើម គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្តោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។ ចំណែក​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច យោធា និង​កងរាជអាវុធហត្ថ​ជាដើម នាំគ្នា​រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកឈើ ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ត្រូវគេ​កាប់​ដឹកជញ្ជូន​ចេញពី​ស្រុក​អូររាំង យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​កង់​ឡង់ កាត់​តាម​ក្រោយ​បន្ទាយ​វរ​ការពារ​ព្រំដែន​លេខ​៦២១ ភូមិ​ដាក់​ដាំ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់​ស្កាត​នោះទេ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់វិធានការ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​កង់​ឡង់ យ៉ាង​អនាធិបតេយ្យ ហើយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ បើ​និយាយ​ពី​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​៕

W@t-241133 W@t-241132 W@t-241130