ជើងខ្លាំងកម្ពុជា៣រូប ប៉ះជើងខ្លំាំងថៃ៣រូប ដូចគ្នា រញ្ជួយសង្វៀនអប្សរា

ភ្នំពេញ៖ ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរ ជាតិ របស់ស្ថានីយទូរទស្សន៍អប្សរាសម្រាប់ចុងខែវិច្ឆិកានេះ អ្នក ប្រដាល់ថៃ៣នាក់ នឹងមកប្រកួតជាមួយជើងខ្លាំង របស់កម្ពុជា គឺអ្នកប្រដាល់ យ៉េន ឌីណា សមាគមកីឡាក្រសួងកសិកម្ម  អ្នកប្រដាល់ ឈាង ឡុង ជើងខ្លាំងស្រករក្រោយ ក្លឹបអេភូថងកីឡា និងអ្នកប្រដាល់កំពែងខ្មៅ ក្លឹបអប្សរាគុនខ្មែរនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសង្វៀនអប្សរាដែលជាការសហការស្ថានីយទូរទស្សន៍អប្សរា និងសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រោមការឧបត្ថម្ភពីណាហ្គាវើល ។

អ្នកប្រដាល់ថៃ Pan Phet ជួបប្រកួតជាមួយអ្នកប្រដាល់ យ៉េន ឌីណា ក្លឹបអប្សរាគុនខ្មែរ ។ ជាអ្នកប្រដាល់ដែលមិនទាន់ ស្គាល់ចាញ់ម្តង ណានៅឡើយ នៅក្នុងកំណត់ត្រាប្រកួតជាង៥០លើករបស់ យ៉េន ឌីណា ។ ចំពោះ Pan Phet អ្នកប្រដាល់ថៃម្នាក់នេះ ពុំដែលមកប្រកួតនៅភ្នំពេញទេ កាលពីពេលកន្លងមក ។

តាមលោក សុខ សំណាង អ្នកចាត់ចែងកម្មវិធីប្រដាល់នៅសង្វៀនអប្សរាបានឲ្យដឹងថា Pan Phet នេះនៅស្រុកថៃ គេជាជើងខ្លាំងគ្មានអ្នកណាឈ្នះគេទេ ក្នុងប្រភេទទម្ងន់៦០ គ.ក្រ នេះ ។ កាលដែលគេមកជួប យ៉េន ឌីណា នេះគឺដើម្បីចង់ស្គាល់ថ្វីដៃរបស់ យ៉េន ឌីណា ដែលល្បីល្បាញ និងផ្ដួលមិត្តរួមជាតិរបស់គេអស់ជាច្រើននាក់មកហើយនោះ ។

អ្នកប្រដាល់ យ៉េន ឌីណា ម្ចាស់ខ្សែក្រវាត់ CBF ទម្ងន់៦០ គ.ក្រ បានការពារខ្សែក្រវាត់របស់គេដោយជោគជ័យចំនួន២លើកមកហើយ ដែលឡើងការពារលើកទី១ វាយឈ្នះ Thewa Sit Khun ដោយពិន្ទុ, លើកទី២ យ៉េន ឌីណា វាយឈ្នះអ្នកប្រដាល់ជប៉ុន Ka Ey To ដោយពិន្ទុ និងលើកទី៣ ឌីណា វាយឈ្នះអ្នកប្រដាល់ថៃ Mak Namsarsuvan Phakdey ដោយពិន្ទុ ។

ឌីណា ល្អ និងខ្លាំងមិនចាញ់ សែន រ៉ាឌី ហៅម្ទេសខ្មាំងប៉ុន្មានទេ ។ ឌីណា គេមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ ហើយមានកលល្បិចខ្ពស់ក្នុងការប្រកួត ។ ឌីណា មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែងក៏ល្អថែមទៀត ។

អ្នកប្រដាល់ ឈាង ឡុង ក្លឹបអេភូថងកីឡា ដែលជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Phet Ensry ក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម ។ ជាលើកទី៣របស់ ឈាង ឡុង ហើយដែលឡើងប្រកួតជាមួយអ្នកប្រដាល់បរទេសនោះ ។ Phet Ensry នេះពុំដឹងថា មានប្រវត្តិប្រកួតបែបណាទេ ប៉ុន្តែយ៉ាងណា ឈាង ឡុង ប្រហែល ជាមិនសូវជួបការលំបាកប៉ុន្មានឡើយ ដោយសារគេមានបទពិសោធន៍ក្នុងការប្រកួតជាមួយថៃម្តងហើយ ។ ឈាង ឡុង គេប្រកួតចុងក្រោយនេះ វាយឈ្នះ Sa Than Fa អ្នកប្រដាល់ថៃក្នុងទឹកទី៣ ។

ចំណែកអ្នកប្រដាល់ថៃម្នាក់ទៀត អ្នកប្រដាល់ កំពែង ខ្មៅនោះ ប៉ះអ្នកប្រដាល់ថៃ Nam Chhok ទម្ងន់៥៣គ.ក្រ ។ កំពែង ខ្មៅ ធ្លាប់ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ៥ដងហើយ ដោយវាយឈ្នះថៃ៤ដង និងចាញ់ម្តង ដែលលើកទី១ គេវាយថៃឲ្យសន្លប់ក្នុងទឹកទី១ លើកទី២ និងលើកទី៣ គេវាយឈ្នះថៃដោយពិន្ទុ តែជួបថៃលើកទី៤នោះ គេវាយចាញ់ដោយពិន្ទុ និងលើកទី៥ កំពែងខ្មៅ បានផ្ដួលថៃ Ve Tan ក្នុងទឹកទី២កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ ។ កំពែងខ្មៅ មានស្នៀតទាត់ កែង និងជង្គង់ល្អ ហើយវាយលឿន រហ័ស ឯកម្លាំងស៊ុហ្វក៏រឹងមាំដែរ ៕

ជើងខ្លាំងកម្ពុជា៣រូប ប៉ះជើងខ្លំាំងថៃ៣រូប ដូចគ្នា រញ្ជួយសង្វៀនអប្សរា