ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​ក្រុមហ៊ុន​រិ​ទ្ឋិ​មុន្នី​កិន​ស្លាប់​

សៀមរាប:  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ខ​ណះ​ម៉ូតូ​២​គ្រឿង​ទាក់​ដៃចង្កូត​គ្នា ដួល​ខ្ទា​ត់ក្រោម​កង់​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​រិ​ទ្ឋិ​មុន្នី​។​គ្រោះ​​ថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា ២០១៥ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុចភូមិ​ចុង​កៅស៊ូ សង្កាត់​-​ក្រុង​សៀមរាប​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ នង ទ្រី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​បន្លែ​នៅ​ផ្សារលើ​ក្រុងសៀមរាប មាន​ទីលំនៅ​ក្នុង​ឃុំ​សណ្តែក ស្រុក​ប្រាសាទបាគង​។​ក្រោយ​​កើតហេតុ អ្នកបើកបរ​រថយន្ត​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ឃាត់ខ្លួន​តែព្រូឡាន​ឈ្មោះ ឌុ​ច សុផល មាន​ស្រុកកំណើត​នៅ​ខេត្តកំពត ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ពាក់​ស្លាក​លេខ សៀមរាប 1E 9947​និង​រថយន្តក្រុង​ប្រភេទ​៤៥​កៅ​​អី ជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ "​រិ​ទ្ឋិ​មុន្នី​" ពាក់​ស្លាក​ព៌​ណ​ខៀវ ភ្នំពេញ 3C 8565 បាន​បើកក្នុងទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត ដែល​រថយន្ត​បើក​ចេញពី​ស្រុក​អូរ​ស្មាច់ចូលមក​ក្រុង​សៀមរាប លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើក​ម៉ូតូ​បាន​ជិះ​ទាក់ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​បណ្តាល​ឲ្យ​​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​យក​វត្ថុតាង​ទាំង​២​ទៅ​រក្សាទុករង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ តាម​នីតិវិធី​។ រីឯ​សាកសព​ត្រូវបាន​​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ​៕