ថៃ​កែសម្រួល​ដំឡើង​អាយុ​ចូល​និវត្តន៍​កាត់បន្ថយ​ខ្ទង់ចំណាយ​សោធន​និវត្តន៍​ជាតិ

ប្រទេស​ថៃ ៖ យោង​តាម​ក្រុមហ៊ុន Allianz Asset Management ឱ្យ​ដឹង​ថា ប្រទេស​ថៃ​គួរតែ​ដំឡើង​អាយុ​ចូល​និវត្តន៍​ជា​មធ្យម​ចាប់ពី​វ័យ​៥៥​ឆ្នាំ​ឡើង​ទៅ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​សោធន​និវត្តន៍​របស់​រដ្ឋាភិបាល ។

ក្នុង​ស​ន្ទ​ស្សន៍​នៃ​ភាព​អាច​ទ្រទ្រង់​រួច​នូវ​សោធន​និវត្តន៍​ឆ្នាំ​២០១៤ ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ខាងលើ​បង្ហាញ​ថា ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​ខ្សោយ​ជាងគេ​បំផុត ហើយ​ក៏​ជា​ប្រទេស​ដែល​គេ​រំពឹង​ថា នឹង​ស្ថិត​ក្នុង​ចំណោម​អ្នកមាន​អត្រា​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​សមាមាត្រ​ដ៏​ប្រសើរ​ជាងគេ​ក្នុង​វ័យ​៣៥​ឆ្នាំ ជាមួយ​កោះ​តៃវ៉ាន់ និង​កូរ៉េ​ខាងត្បូង ។
ថៃ​ក៏​ជាប់​ក្នុង​ចំណោម​លំដាប់​ខ្សោយ​បំផុត​ខាង​ប្រាក់​ចំណូល​របស់​អ្នក​ចូល​និវត្តន៍​កម្រិត​សម​ល្មម​ផង​ដែរ (​ភាគរយ​នៃ​ប្រាក់​ចំណាយ​លើ​ការ​ចូល​និវត្តន៍ ធៀប​នឹង​បៀវត្ស​លើក​ចុង​ក្រោយ​) ស្រប​ពេល​ការ​ថយ​ចុះ​នៃ​អត្រា​អ្នកមាន​ផ្ទៃពោះ ។

មន្ត្រី​ថ្នាក់ដឹកនាំ​ផ្នែក​សោធន​និវត្តន៍​របស់ Allianz Asset Management លោកស្រី Brigitte Miksa បាន​ថ្លែង​ថា ៖ «​ស​ន្ទ​ស្សន៍​ដែល​សម​ល្មម​បាន​ចង្អុលបង្ហាញ​នូវ​ហានិភ័យ​នៃ​កម្រិតជីវភាព​រស់នៅ​របស់​និវត្តន៍​ជន គឺ​មានការ​ធ្លាក់​ចុះ​មក​នៅ​ក្រោម​កម្រិត​ស្ថានភាព​រស់នៅ ប៉ុន្តែ​ចំពោះ​ទស្សនៈ​នៃ​ភាព​អាច​ទ្រទ្រង់​រួច​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​នូវ​ភាព​វិជ្ជមាន ស្រប​ពេល​ដែល​វា​ដាក់បន្ទុក​លើ​ហិរញ្ញវត្ថុ​រដ្ឋ​» ។

ទោះបីជា​យ៉ាងណា ប្រសិនបើ​អត្រា​ភាព​ក្រីក្រ​ក្នុង​ចំណោម​មនុស្ស​ចាស់​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ឡើង រដ្ឋ​ចាំបាច់​ត្រូវ​ផ្តល់​ជំនួយ​ផ្នែក​សុខុមាលភាព​ដែល​អាច​បង្កើន​ការ​ពង្រឹង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ការ​ធ្វើ​បែប​នេះ​នឹង​មាន​ឥទ្ធិពល​ដល់​ការ​អាច​ទ្រទ្រង់​រួច​នៃ​ប្រព័ន្ធ​សោធន​និវត្តន៍ ។

លោកស្រី Brigitte Miksa បន្ត​ថា ៖ «​ដំណើរ​ប្រែប្រួល​យ៉ាង​លឿន​នៃ​ប្រជាសាស្ត្រ និង​ការ​ប្រកួតប្រជែង​នៃ​ស្ថានភាព​សេដ្ឋកិច្ច កំពុង​តែ​ដាក់​សម្ពាធ​លើ​ប្រាក់​ដែល​អ្នក​បាន​ចូល​ទៅ​បង់ពន្ធ​របស់​អ្នកមាន​អាយុ​ធ្វើ​ការងារ​ស្រប​តាម​ច្បាប់ ដែល​កំពុង​មើលថែ​មនុស្ស​ចាស់​នៃ​សមាជិកគ្រួសារ​របស់​ពួក​គេ ។ ថៃ​ចាំបាច់​ត្រូវ​កែទម្រង់​ខ្ទង់ចំណាយ​សោធន​និវត្តន៍​របស់​ខ្លួន ដើម្បី​លៃលក​ជាមួយ​អត្រា​ប្រជាសាស្ត្រ​ជាក់ស្តែង ហើយ​ការ​បង្កើន​នូវ​ខ្ទង់​អាយុ​ចូល​និវត្តន៍ គឺជា​ដំណោះស្រាយ​មួយ​» ។

លោកស្រី​បាន​លើក​ឧទាហរណ៍​ថា ៖ «​ប្រទេស​ដា​ណឺ​ម៉ា​កបាន​បង្កើន​អាយុ​ចូល​និវត្តន៍​ដល់​ទៅ​៧៥​ឆ្នាំ ដើម្បី​លៃលក​ជាមួយ​អាយុកាល​ជា​មធ្យម​៩០​ឆ្នាំ ។ ថៃ​គួរតែ​ធ្វើ​ដូច​គ្នា​នេះ​ដែរ ពីព្រោះ​និវត្តន៍​ជន​ថៃ​មាន​អាយុ​ជា​មធ្យម​ត្រឹមតែ​៥៥​ឆ្នាំ​បុ​៉​ណ្ណោះ ប៉ុន្តែ​អាយុកាល​របស់​ពួក​គាត់ គឺ​ប្រហាក់ប្រហែល​ត្រឹមតែ​៧៥​ឆ្នាំ មាន​ន័យ​ថា រដ្ឋាភិបាល​នឹង​ត្រូវ​បង់​លើ​ការ​ចំណាយ​សម្រាប់​សោធន​និវត្តន៍​រយៈពេល​ដល់​ទៅ​២០​ឆ្នាំ​» ។

លោកស្រី​បន្ថែម​ថា ៖ «​ក្រៅពី​ការ​បង្កើន​អាយុ​ចូល​និវត្តន៍​ហើយ ប្រទេស​ថៃ​គួរតែ​ណែនាំ​នូវ​ការ​លើកទឹកចិត្ត​ដល់​ការងារ​វែង​ឆ្ងាយ​ផង​ដែរ​» ។

ដើម្បី​កែទម្រង់​នូវ​ការ​ចំណាយ​សោធន​សាធារណៈ រដ្ឋាភិបាល​គួរតែ​កាត់​បន្ថយ​ការ​សន្យា​លើ​ការ​ផ្តល់​សោធន​និវត្តន៍​នៅ​ថ្ងៃ​អនាគត​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​គណនា និង​ការ​ផ្តល់​សិទ្ធិ ជាដើម​។ ក្រុមហ៊ុន Allianz Asset Management ក៏​បាន​ស្នើ​ផង​ដែរ​ថា ប្រទេស​ថៃ​គួរតែ​បង្កើន​ការ​សន្សំ​សំចៃ​លើ​ការ​ចូល​និវត្តន៍​របស់​វិស័យ​ឯកជន​ថែម​ទៀត ។
នៅ​លើ​ពិភពលោក​នេះ ប្រព័ន្ធ​សោធន​និវត្តន៍​ភាគច្រើន​មាន​ចំណុច​គោល​ចំនួន​៣​គឺ ៖ ១-​សោធន​និវត្តន៍​សន្តិសុខ និង​សង្គម ២-​សោធន​និវត្តន៍​ទាក់ទិន​នឹង​ការងារ និង​ការ​សន្សំ​សំចៃ​ពី​ការ​ចូល​និវត្តន៍ និង​៣-​ការ​សន្សំ​សំចៃ​ពី​ការ​ចូល​និវត្តន៍​របស់​វិស័យ​ឯកជន ។ ស្ថិរភាព និង​ភាព​អាច​ជឿ​ទុកចិត្ត​បាន​នៃ​ប្រព័ន្ធ​សោធន​និវត្តន៍​ត្រូវការ​ចំណុច​គោល​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ហានិភ័យ ។

Allianz Asset Management លើក​ឡើង​ទៀត​ថា ភាព​អាច​ទ្រទ្រង់​រួច​នៃ​ប្រព័ន្ធ​សោធន​និវត្តន៍​នេះ​អាច​មិន​គ្រប់គ្រាន់ ។ បណ្តា​ប្រទេស​ជា​ច្រើន​បាន​ផ្តោត​លើ​ប្រព័ន្ធ​សោធន​និវត្តន៍​របស់​ពួក​គេ​ដែល​មាន​កម្រិត​សម​ល្មម ។ ការ​ធ្វើ​បែប​នេះ​ទៅ​បាន រដ្ឋាភិបាល​ត្រូវ​តែ​បន្ថយ​កម្រិត​ចំណេញ​ក្នុង​ប្រព័ន្ធ​សាធារណៈ និង​ពង្រឹង​ប្រព័ន្ធ​មូលនិធិ​សោធន​និវត្តន៍ ព្រមទាំង​ផ្លាស់​ប្តូរ​នូវ​គម្រោង​កំណត់​គុណប្រយោជន៍​នៃ​សោធន​និវត្តន៍​ឲ្យ​បាន​ច្បាស់លាស់ ។

លោកស្រី Brigitte Miksa បញ្ជាក់​ទៀត​ថា ៖ «​ការ​បង្កើត​មូលនិធិ​សន្សំ​របស់​ជាតិ គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​មូលដ្ឋាន​ពង្រីក​ខ្លួន ដែល​គ្របដណ្តប់​លើ​ពលករ​ក្រៅផ្លូវការ​ប្រមាណ​ជា​២៥​លាន​នាក់​ក្នុង​ប្រទេស​» ៕