ឡុង សុភី សងសឹកជំនួស រឿង សោភ័ណ្ឌ រីឯ ឌុម កែវដា ប៉ះថៃនៅលើសង្វៀន SEA-TV

ភ្នំពេញ៖ ប្រដាល់ ឡុង សុភី ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវវគ្គ ១ទម្ងន់៦៩គីឡូក្រាម ក្លឹបសាលវ័ន្តកីឡា ឡើងសងសឹក អ្នកប្រដាល់ថៃ Kamlai Phath ជំនួសប្រដាល់ រឿង សោភ័ណ្ឌ ប្រកួតក្នុងប្រភេទទម្ងន់ ៦៩គ.ក្រ ខណៈអ្នកប្រដាល់ ឌុម កែវដា ក្លឹបម្កុដរាជសីហ៍ ប៉ះជាមួយអ្នកប្រដាល់ថៃ Kamlai Yuk ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀន K.cement របស់SEA-TV ។

តាមសម្តីលោក ញៀន សុធី អ្នកផ្គូផ្គងប្រចាំ SEA-TV ថា អ្នកប្រដាល់ថៃ Kamlai Phath ធ្លាប់មកប្រកួតនៅភ្នំពេញម្តងហើយ ដោយវាយឈ្នះជើងខ្លាំងនៅស្រុកខ្មែរ រឿង សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៍ដោយពិន្ទុ នាពេលថ្មីៗនេះ លើកនេះអ្នក ប្រដាល់ ឡុង សុភី មានកាតព្វកិច្ចសុំសងសឹកជំនួស រឿង សោភ័ណ្ឌ វិញ ។ Kamlai Phath មានកម្រិតសមត្ថភាព និងបច្ចេកទេសខ្ពស់ ហើយក៏ជាជើងខ្លាំងមួយរូបប្រចាំនៅស្រុកថៃផងដែរ ។

ដោយធ្លាប់ការប្រកួតបានចំនួន៩៧លើក វាយឈ្នះ៧៧លើកទៅហើយ ដោយចាញ់១៨ និងស្មើ២លើក ។ ចំពោះអ្នកប្រដាល់ ឡុង សុភី វិញធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃរាប់ភ្លេចហើយ ថែមទាំងប្រកួតវាយឈ្នះTom Tam ក្នុងទឹកទី៤នៅលើសង្វៀន SEA-TV កន្លងមកនេះ ។

សម្រាប់ការប្រកួតលើកនេះ ឡុង សុភី មានទំនុកចិត្តអាចផ្ដួលអ្នកប្រដាល់ថៃ Kamlai Phath បានម្នាក់ទៀតមិនខាន ព្រោះថា សុភី ឥឡូវនេះ ខ្លាំងជាងមុនទៅទៀត ដោយមានកម្លាំងសមុ្រករឹងមាំ ដែលនេះជាកត្តាកំណត់ជ័យជម្នះរបស់ ឡុង សុភី ក្នុងការប្រកួតជាមួយ Kamlai Phath នេះ ។ សុភី ធ្លាប់ប្រកួតបានចំនួន១២៨លើក វាយឈ្នះ៩៨លើកទៅហើយ ដោយចាញ់២៣ និងស្មើ៧លើក ។

រីឯអ្នកប្រដាល់ ឌុម កែវដា ក្លឹបម្កុដរាជសីហ៍ ប៉ះអ្នកប្រដាល់ថៃ Kamlai Yuk ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ លោក ញាន សុធី អ្នកផ្គូផ្គងប្រដាល់ប្រចាំ SEA-TV បាននិយាយឲ្យដឹងនោះថា Kamlai Yuk ជាជើងខ្លាំងមួយរូបនៅប្រទេសថៃ ហើយក៏ជាប្អូនរបស់ Kamlai Phath ដែលមកប្រកួតជាមួយ ឡុង សុភី នោះដែរ ។

អ្នកប្រដាល់រូបនេះមានកម្ពស់ប្រហាក់ប្រហែល ឌុម កែវដា ឯសមត្ថភាពបច្ចេកទេសក៏ត្រដំត្រសងនឹង កែវដា ដែរ ។ កែវដា មានសមត្ថភាពខ្លាំង និងថ្នឹករឿងវាយលើសង្វៀនក្តី ។ កែវដា ប្រកួតចុងក្រោយនេះវាយឈ្នះជើងខ្លាំង គិន សំបូរ ក្លឹបភីរម្យគុនខ្មែរក្នុងទឹកទី២ ៕

ឡុង សុភី សងសឹកជំនួស រឿង សោភ័ណ្ឌ រីឯ ឌុម កែវដា ប៉ះថៃនៅលើសង្វៀន SEA-TV

ឡុង សុភី សងសឹកជំនួស រឿង សោភ័ណ្ឌ រីឯ ឌុម កែវដា ប៉ះថៃនៅលើសង្វៀន SEA-TV