ឈ្មួញ​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ចំណីអាហារ​ខូចគុណភាព​ចូល​តាម​ច្រក​ក្នុង​ខេត្តកោះកុង រាប់​តោន​ក្នុង​មួយថ្ងៃៗ​

ដោយសារតែ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ទើប​ឈ្មួញ​ខិលខូច​អាច​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ ប្រហិត និង​ចំណីអាហារ​ខូចគុណភាព​ពី​ប្រទេស​សៀម​ចូល​ស្រុក​ខ្មែរ​តាម​ព្រំដែន​ខេត្តកោះកុង ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​។ ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​នាំចូល​ទំនិញ​ខុសច្បាប់​ដូចខាងលើ​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ម៉ែ​អា​ម៉េង ហើយ​ឈ្មួញ​រូបនេះ​មាន​ទំនាកទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​កាំកុងត្រូល និង​សមត្ថកិច្ច​គយ​តាម​ច្រកព្រំដែន​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង បាន​បង្កប់​ទំនិញ​ខុសច្បាប់​ដូចខាងលើ​នេះ ជាមួយ​ទំនិញ​ផ្សេងៗ​ទៀត​ដឹក​តាម​ទូក​មក​ឡើង​នៅ​ចំណុច​ផែ​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​នៃ​ច្រកព្រំដែន​គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្តោយ​ម៉ែ​អា​ម៉េង នាំចូល​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ហើយ​ជួនកាល​ទំនិញ​ដូចជា ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​ទូក​ទៅ​ឡើង​នៅ​កំពង់ផែ​កែវផុស អណ្តូងទឹក និង​ស្រែអំបិល​ផងដែរ ហើយ​គេ​លើកដាក់​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​៤ មក​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង មាន​ឧ​ត្ត​ម​សេនីយ៍​នគរបាល​ម្នាក់​គឺជា​ខ្នងបង្អែក ហេតុនេះហើយ​ទើប​គេ​ហ៊ាន​បន្តសកម្មភាព​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ ប្រហិត​ខូចគុណភាព និង​ទំនិញ​ខុសច្បាប់​មក​ចែកចាយ​តាម​ទីផ្សារ​យ៉ាង​សុខ​ស្រួល​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​។

​កន្លងមក​គេ​តែង​ឃើញ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅលើ​ទីផ្សារ​តាមរបៀប​លេងសើច​ឥតប្រយោជន៍ ក្នុងខណៈដែល​មន្ត្រី​កាំកុងត្រូល​ឈរជើង​តាម​ច្រកព្រំដែន គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ជា​ចំណីអាហារ​ខូចគុណភាព មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​គឃ្លើន​។ ជាក់ស្តែង​សមត្ថកិច្ច​កាំកុងត្រូល​ក្នុង​ខេត្តកោះកុង និង​សមត្ថកិច្ច​គយ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង នាំចូល​ស្លាបមាន់ ជង្គង់​មាន់ ប្រហិត​ខូចគុណភាព​យ៉ាងតិច​៦​តោន​ក្នុង​មួយថ្ងៃ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដែល​ទិញ​ទំនិញ​ទាំងនោះ យកមក​ទទួលទាន​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល តាម​ច្រកព្រំដែន​ក្នុង​ខេត្តកោះកុង ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ជា​ចំណីអាហារ​ខូចគុណភាព​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

7944_47944_379447944_2