ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​មី​យ៉ា​ន់​ម៉ា​ធ្លាក់​ចុះ​5,1%

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុមហ៊ុន​គ្រប់គ្រង​រដ្ឋបាល​សាជីវកម្ម និង​ការ​វិនិយោគ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ គិត​ជា​ទឹកប្រាក់​ចាប់ពី​៣,៩​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ មក​នៅ​ត្រឹម​៣,៧​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ។

សេចក្តីថ្លែងការណ៍​អះអាង​ថា វិនិយោគិន​នានា​កំពុង​ទន្ទឹងរង់ចាំ និង​សម្លឹង​មើល​ពី​ដំណើរកា​រវិ​វត្ត​នៃ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ក្នុង​រយៈពេល​៣-៤​ខែ​ទៅ​មុខ​ទៀត ។
អគ្គនាយក​ក្រុមហ៊ុន​គ្រប់គ្រង​រដ្ឋបាល​ក្រុមហ៊ុន និង​ការ​វិនិយោគ លោក Aung Naing Oo បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា ៖ «​ការ​វិនិយោគ​នេះ ទំនងជា​មាន​កម្រិត​យឺត ខណៈ​វិនិយោគិន​បរទេស​បាន​ទន្ទឹងរង់ចាំ​មើល​ពី​ភាព​ច្បាស់លាស់​នៃ​គោលនយោបាយ​នានា​អាច​ប្រសើរ​ជាង​មុន​សិន មុន​នឹង​ពួក​គេ​ធ្វើ​គម្រោង​ជា​ថ្មី​» ។

ចំណែក​លោក Aung Tun Thet អ្នកសម្របសម្រួល​សេដ្ឋកិច្ច​ថ្លែង​ថា ៖ «​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា អាច​ត្រូវ​លើកលែង បន្ទាប់​ពី​មី​យ៉ា​ន់​ម៉ា​បង្កើន​កាលានុវត្តភាព​បាន​ច្រើន​នោះ ។ ចំណែក​វិស័យសេដ្ឋកិច្ច​ក៏​មាន​កំណើន​ផង​ដែរ ដែល​ជា​លទ្ធផល​មួយ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​បាន​ប្រសើរ​ឡើង​ស្រប​នឹង​ស្ថានភាព​សេដ្ឋកិច្ច ។ វា​ជា​ឱកាស​ដើម្បី​នាំ​យកគុណ​ប្រយោជន៍​ក្នុង​ការ​ផ្លាស់​ប្តូរ​នេះ​» ។

ក្នុង​ឆ្នាំ​២០១១​កន្លង​មក វិនិយោគិន​បរទេស​បាន​ចាប់អារម្មណ៍​ត្រឹមតែ​ការ​ទាញ​យក​ប្រភព​ធនធានធម្មជាតិ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពួក​គេ​ក៏​បាន​ចាប់អារម្មណ៍​ទៅ​លើ​វិស័យ​ផលិតកម្ម សេវាកម្ម ប្រេង ឧស្ម័ន ទូរគមនាគមន៍ ទេសចរណ៍ និង​វិស័យ​សំណង់​ផង​ដែរ នេះ​បើ​តាម​លោក Aung Naing Oo បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ស​ប្តា​ហ៍​មុន​នេះ ។

ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ បណ្តា​ក្រុមហ៊ុន​បរទេស​នានា​បាន​សន្យា​ផ្តល់​ទុន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ចំនួន​១០៦ ហើយ​វិនិយោគិន​ធំ​ជាងគេ​បំផុត គឺ​សិង្ហ​បុរី បន្ទាប់​មក​ប្រទេស​ចិន ។

មី​យ៉ា​ន់​ម៉ា ក៏​មាន​វិនិយោគិន​មក​ពី​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​ដូច​ជា ព្រុយ​ណេ ហុងកុង ឥណ្ឌា ជប៉ុន កូរ៉េ លី​ប៊ី ម៉ា​ឡេ​ស៊ី ហូ​ឡង់ ថៃ ចក្រភព​អង់​គេ្ល​ស អា​រ៉ាប់​រួម សហរដ្ឋអាមេរិក និង​វៀតណាម ។

រីឯ​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​តំបន់ឧស្សាហកម្ម Hlaing Thar Yar លោក Myat Thin Aung បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា ៖ «​រដ្ឋាភិបាល​ថ្មី​មានការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ ដូច្នេះ ខ្ញុំ​គិត​ថា វិនិយោគិន​បរទេស​នឹង​មាន​ចំនួន​កើនឡើង​ជាក់​ជា​មិន​ខាន ។ ប្រសិនបើ​មី​យ៉ា​ន់​ម៉ា​ធ្វើការ​អភិវឌ្ឍ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ នឹង​មាន​វិនិយោគិន​កាន់តែ​ច្រើន​ឡើង​មក​បណ្តាក់ទុន​រកស៊ី​» ។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះ​មាន​ក្រុមហ៊ុន​បរទេស​ចំនួន​៧២៩​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​នៅ​មី​យ៉ា​ន់​ម៉ា ដែល​មី​យ៉ា​ន់​ម៉ា​មាន​វិនិយោគ​សរុប​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤៧​ប៊ី​លាន​ដុល្លារ៕