ទិដ្ឋភាព​បុណ្យ​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​បន្ទាយមានជ័យ រីឯ​ពិធី​អុំទូក លើក​ទៅធ្វើ​នៅ​ថ្ងៃទី​៥-៦​ធ្នូ​

បន្ទាយមានជ័យ: ព្រះរាជ​ពិធីបុណ្យ​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ សម្រក់​ទានជ័យ នៅ​ខេត្តបន្ទាយមានជ័យ បានធ្វើ​ឡើង កាលពី​រាត្រី​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥​វិច្ឆិកា ឆ្នាំ​២០១៥ កន្លងមក ដោយមាន​ពលរដ្ឋ​ច្រើន​កុះករ ហើយ​អាច​ថា​អឹ​ក​អ​ធឹ​ក​ឱ​ឡា​រឹក​ណាស់ដែរ​។​
    
​មន្ត្រី​រៀបចំ​កម្មវិធី​បុណ្យជាតិ អន្តរជាតិ ខេត្តបន្ទាយមានជ័យ និយាយថា ព្រះរាជ​ពី​ធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ បណ្តែតប្រទីប នៅ​ខេត្ត​នេះ បានធ្វើ ២​ដំណាក់កាល​។ ដំណាក់កាល​ទី​១ នៅ​រាត្រី​ថ្ងៃទី​២៣​វិច្ឆិកា មកពី​មន្ទីរ​អង្គភាព​ក្នុងចំណោម​ផែនការ​ចំនួន ២២ ក្នុង​ខេត្ត បានចាប់ផ្តើម​បណ្តែតប្រទីប លើ​ស្ទឹង​សិរីសោភ័ណ នៅ​ចំណុច​ចន្លោះ​ស្ពាន​ព្រះ​ពន្លា​ទាំង ២ ក្នុង​សង្កាត់​ព្រះ​ពន្លា​។ រីឯ​នៅ​វត្ត​ចម​សទ្ធា​វាស និង​វត្ត​ជាច្រើន​ទៀត ដែល​នៅជាប់​ដងស្ទឹង អូរ និង​កសិណ​ប្រាសាទ​។​

​ចំណែក​នៅ​រាត្រី​ថ្ងៃទី​២៥ វិច្ឆិកា លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​និង​សមាជិក លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត លោក​អភិបាលរង និង​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ អង្គភាព​នានា ព្រមទាំង​ពលរដ្ឋ​រាប់ពាន់នាក់ បាន​ចួ​ល​រួម​បើ​ត​សម្ពោធ​ពី​ធី​លយកន្ទោង បណ្តែតប្រទីប បង្ហោះ​ភ្លើងគោម​តាម​ទំនឹមទំនៀម​ប្រពៃណី ដើម្បី​រំលឹក​នឹក​គុណ​ដល់​គុណ​ព្រះ​គង្គា​។​
   
​នៅ​វត្ត​ស្វាយ​ចាស់ ក៏មាន​ប្រជាពលរដ្ឋ ពិសេស​គឺ​យុវជន​រាប់ពាន់​ម៉ឺន​នាក់ បាន​ទៅ​កំសាន្ត​សប្បាយ និង​បណ្តែតប្រទីប ក្នុង​ស្ទឹង​សិរីសោភ័ណ​។ នៅ​ទល់មុខ​ម្ខាង​ស្ទឹង គឺ​ផ្សារ​រាត្រី ក៏មាន​ពលរដ្ឋ​រាប់ពាន់នាក់ មក​កំសាន្ត​សប្បាយ​ជាមួយ​ការប្រគុំ​តន្ត្រី​ផងដែរ​។​
   
​តម​កលោក​ប្រធាន​ក្រុមប្រឹក្សា លោក​អភិបាលខេត្ត និង​មន្ត្រី បាន​អញ្ជើញ​ចូលរួម​ប្រា​ព្ធ​ពី​ធី​ប្រពៃណី នា​វេទិកា​សាលាខេត្ត​។ អាចារ្យ​ខេត្ត បាន​ដឹកនាំ​ប្រារព្ធ​ពី​ធី​សែន​ក្រុង​ពាលី​ដេញ​ឧបទ្រពចង្រៃ សុំ​ម្ចាស់​ចាស់​ទឹក​ម្ចាស់​ដី និង​វត្ថុ​ស​ក្ត័​សិទ្ធី បាន​និមន្ត​ព្រះសង្ឃ​សូ​ត្ត​ជ័យ​ន្តោ ចម្រើន​ព្រះ​បរិ​ត្តិ បង្កក់​ប្រសិទ្ធី​សុំ​ជៅ​គ​សុំ​លាភ សិរី​សួស្តី​វិបុល​សុខ​ចម្រើន​។ អាជ្ញាធរ ក៏បាន​រៀបចំ​ការសម្តែង​ចម្រៀង​ចាប៉ី និង​តន្ត្រី​ស្គរ​ដៃ​ផងដែរ​។​

​ព្រះរាជ​ពី​ធី​ជា​បន្ត គឺ​ទស្សនា​ក្រុម​កសិករ​លីង​ស្រូវ បុក​អំបុក  អុំ​អំបុក ហើយ​សែន​ព្រះ​ខែ រលឹក​ដល់​អង្គ​ព្រះ​ពោធិសត្វ កាល​យោនយកកំណើត​ជា​សត្វ​ទន្សាយ និង​ចែក​អំបុក​គ្នា​អក​ដោយ​ក្តី​រីករាយ​។​
       
​ក្នុងឱកាស​នោះ ក៏មាន​ពី​ធី​ប្រពៃណី​ដ៏​សំខាន់​មួយទៀត គឺ​ការ​សម្រក់​ទៀនជ័យ​ផ្សង​មើល​កម្រិត​ទឹកភ្លៀង សម្រាប់​បរិភោគ ពិសេស​សម្រាប់​បង្កបង្កើន​ផល​។​
     
​លោក​អាចារ្យ ប្រាក់ សុ​ភ័ត អនុប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត ដើម្បី​បង្វិល​ទៀនជ័យ​នោះ​។ ទៀន​ធ្វើ​ពី​ក្រមួនឃ្មុំ​សុទ្ធ មាន ៩​ដើម ដែលជា​តំណាង​ស្រុក​ក្រុង​ទាំង ៩​នៃ​ខេត្ត​។​
   
​មាន​មន្ត្រី​យោធា មន្ត្រី​អាវុធហត្ថ និង​មន្ត្រីនគរបាល ក្នុង​មួយអង្គ​ភាពៗ ចំនួន ៩​រូប បាន​ឈរ​អម​ពីក្រោយ​ទី​សម្រក់​ទៀនជ័យ ហើយ​លទ្ធផល គឺ​ទៀន​ស្រក់​ស្ទើរ​ស្មើៗ​គ្មា ដែល​បញ្ជាក់ថា ឆ្នាំ​២០១៦​នេះ នឹងមាន​ភ្លៀង​គ្រប់គ្រាន់ សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​។​
       
​ដោយឡែក​នៅ​រាត្រី​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ លោក​ប្រធាន​ក្រុមប្រឹក្សា លោក​អភិបាល អភិបាលរង និង​មន្ត្រី បាន​បូជា​គ្រឿង​រណ្តាប់​សក្ការ​: ភស្តុ​ភារៈ និង​បច្ច័យ​ក្នុង​សំពៅ​ជ័យ ហើយ​ទាំងអស់គ្នា បាន​ដង្ហែ​ដោយ​ថ្មើរ​ពី​វេទិកា​ខេត្ត​តាម​ដងផ្លូវ​កណ្តាល​ក្រុង យកទៅដាក់​បណ្តែត​ក្នុង​ទឹកស្ទឹង​សិរី​ស​ភ័ណ​ត្រង់​ទី​បណ្តែតប្រទីប​នៃ​ស្ពាន​ព្រះ​ពន្លា​ទាំង​២ នា​រាត្រី​ក្រោម​ពន្លឺ​ខែ​ពេញ​បូរ​មី​១៥​កើត ខែ​ក​ក្តិ​ក និង​មាន​ខ្យល់​ត្រជាក់​បក់​ល្ហៀ​ក​ត្រសៀក​ប​ន្តុ​ច​បន្តិច​ផង​។​
    
​សូមបញ្ជាក់ថា ព្រះរាជ​ពី​ធី​នេះ នៅ​ខេត្តបន្ទាយមានជ័យ មិនទាន់​បញ្ចប់​ទេ គឺ​នៅសល់​បុណ្យអុំទូក​ចុងក្រោយ ត្រូវ​ប្រារព្ធ នា​ថ្ងៃទី​៥-៦​ធ្នូ​ខាងមុខ​ទៀត​។ បណ្តែតប្រទីប ក៏​ទុក រហូតដល់​ថ្ងៃនោះ​ដែរ​៕

ទិដ្ឋភាព​បុណ្យ​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​បន្ទាយមានជ័យ រីឯ​ពិធី​អុំទូក លើក​ទៅធ្វើ​នៅ​ថ្ងៃទី​៥-៦​ធ្នូ​

ទិដ្ឋភាព​បុណ្យ​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​បន្ទាយមានជ័យ រីឯ​ពិធី​អុំទូក លើក​ទៅធ្វើ​នៅ​ថ្ងៃទី​៥-៦​ធ្នូ​

ទិដ្ឋភាព​បុណ្យ​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​បន្ទាយមានជ័យ រីឯ​ពិធី​អុំទូក លើក​ទៅធ្វើ​នៅ​ថ្ងៃទី​៥-៦​ធ្នូ​