បឹងកេត សង្ឃឹមឈ្នះខ្ពស់ ទោះចាញ់ប្រៀបក្រុមមីយ៉ាន់ម៉ា

ក្រុម​បាល់​ទាត់​​បឹងកេតអង្គរ ​របស់​កម្ពុជា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម Yangon United FC របស់​ប្រទេស​មីយ៉ាន់ម៉ា ​ក្នុង​វគ្គ​ជម្រះ​ពាន Toyota Mekong Club Championship 2015 ​នៅលើ​ទឹក​ដី​ខ្លួន​ឯង​ គឺ​​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាប់​ថា តើ​រវាង​ក្រុម​ទាំង​២​នេះ ក្រុម​មួយ​ណា ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​វៀតណាម នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ?
mm1
យោង​តាម​លទ្ធ​ផល​នៃ​ការ​ប្រកួត​ជម្រុះលើក​ទី​១ នៅ​​ក្រៅ​ទឹក​ដី កាល​ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​រក​​បាន​២​គ្រាប់​តែ​ម្នាក់​ឯង ដើម្បី​ជួយ​ឲ្យ​​ក្រុម​បឹង​កេត ឈ្នះក្រុម​លីក​កំពូល​របស់​ឡាវ Lao Toyota FC ២-០ ប៉ុន្តែ​ បឹង​កេត នៅ​​តែ​មាន​ប្រៀប​ចាញ់​ក្រុម Yangon United FC ដដែល ខណៈ​ក្រុម​លីក​កំពូល​របស់​​មីយ៉ាន់​ម៉ាមួយ​នេះ​បាន​លត់​ក្រុម Lao Toyota ៥-៣ កាល​ពី​ថ្ងៃ​២២ ខែវិច្ឆិកា ដើម្បី​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​បឹង​កេត​​១​គ្រាប់​នោះ។

លទ្ធ​ផល​នេះ វា​​បាន​ដាក់​កំបិត​ឲ្យ​​ក្រុម​បឹង​កេត ត្រូវ​ការ​ឈ្នះ​លើ​ Yangon United FC ជា​ដាច់​ខាត ទើប​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ នា​ថ្ងៃ​ទី​៦ ខែធ្នូ ខណៈ​ក្រុម Yangon United FC ​ត្រូវ​ការ​​ត្រឹម​ស្មើ​​ក៏​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​ដែរ។
mm2
យ៉ាង​ណា​ក៏​ដោយ លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​ក្រុម​បឹង​កេតអង្គរ បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា៖​«វា​អាច​នឹង​ជួប​ការ​លំបាក នៅ​ពេល​យើង​ត្រូវ​ការ​ឈ្នះជា​ដាច់​ខាត ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត​នោះ ប៉ុន្តែ​​យើង​មាន​ពេល​វេលា​ហ្វឹក​ហាត់​បាន​គ្រាប់​គ្រាន់ និង​​បាន​ហ្វឹក​ហាត់​នៅ​លើ​ទី​លាន​ ដែល​យើង​​ត្រូវប្រកួតជាមួយ​ក្រុម Yangon ទៀត​ ដែល​ធ្វើ​ឲ្យ​កីឡាករ​របស់​យើង​កាន់​តែ​​មាន​ភាព​ស៊ាំ​ទៅនឹង​ទី​លាន​សិប្បនិម្មិត បាន​កាន់​តែ​ច្រើន។ ហេតុ​នេះ​យើង​​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ខក​ចិត្ត​នោះ​ឡើយ»។

លោក ​សុវណ្ណារ៉ា បាន​និយាយ​ថា៖​«​​ទាំង​គ្រូ​បង្វឹក កីឡាករ និង​ថ្នាក់​ដឹក​នាំ​​របស់​ក្លិប​បាន​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ដើម្បី​ត្រៀម​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​មាន​មហិច្ឆតា​ចង់​ឈ្នះដូច​គ្នា ហើយ​ខ្ញុំ​ជឿ​ជាក់​ថា យើង​អាច​នឹង​សម្រេច​បំណង​មួយ​នេះ​បាន»។​
mm3
បន្ថែម​លើ​គុណ​ភាព​កីឡាករ​ដែល​មាន​ស្រាប់ ក្រុម​បឹង​កេត ក៏នឹង​ដាក់​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ Bata របស់​ក្លិប​ស្វា​យរៀង ឲ្យ​ចូល​រួម​ជួយ​ក្រុម​របស់​ខ្លួន​ផង​ដែរ ខណៈ​ Bata ដែល​ទើប​ផុត​កុង​ត្រា​ជាមួយ​ក្លិប​ស្វាយ​រៀង បាន​​បាន​ស្ម័គ្រ​ចិត្ត​​ចូល​រួម​ជួយ​នោះ ហើយពួក​គេ​បាន​ចាប់ធ្វើ​ការ​ហ្វឹក​ហាត់​ជុំ​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍ ម្សិល​មិញ។

លោក ប្រាក់ សុវណ្ណារ៉ា បាន​បញ្ជាក់​ថា៖​«​ Bata ដែល​បាន​ផុត​កុង​ត្រាជាមួយ​ក្លិប​ស្វាយ​រៀង​នោះ បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ​ក្រុមបឹង​កេត ហើយ​​នេះ​ជា​រឿង​ល្អ​មួយ ព្រោះ​តាម​បទ​បញ្ជា​នៃ​ការ​ប្រកួត​នេះ យើង​អាច​ចុះ​បញ្ជី​ឈ្មោះ​កីឡាករ​បរទេស​បាន​៥​នាក់ នឹង​អាច​លេង​នៅ​លើ​ទី​លាន​បាន​៤​នាក់ ធ្វើ​ឲ្យ​​យើង​មាន​ផល​ចំណេញ​ច្រើន ដូច្នេះ​ការ​​ប្រកួត​លើក​នេះ ទម្រង់​លេង​របស់​បឹងកេត នឹង​ខ្លាំង​ជាង​ការ​ប្រកួត​មុនៗ គឺ​យើង​មាន​សង្ឃឹមឈ្នះ​​ច្រើន ក្នុង​ការ​ប្រកួត​ខាងមុខ​នេះ»៕