Liverpool និង Spurs ទៅវគ្គ៣២ក្រុមនៃ Europa League ខណៈ Celtic ធ្លាក់

Liverpool និង Tottenham បាន​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League វគ្គ​៣២ក្រុម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែលក្រុម​ជើង​ខ្លាំង​របស់​​ស្កុត​ឡេន បាន​ជួប​ការ​​ខក​ចិត្ត​ដ៏​ធំ នៅ​ពេល​ដែល​ Celtic បាន​ធ្លាក់​ចេញពី​យុទ្ធ​នា​ការ​នេះ​។ ក្រុម Liverpool របស់​លោក Jurgen Klopp បាន​ផ្តួល​ក្រុម Bordeaux ក្នុង​លទ្ធ​ផល ២-១ នៅលើ​ទឹក​ដី Anfield ក្រោយ​ពី​​បាន​ស៊ូ​ទ្រាំ​​នឹង​ការ​ចាប់​ផ្តើម​យ៉ាង​​ខក​ចិត្ត ដែលនៅ​​ពេល​នោះ​​ការ​វិល​ត្រឡប់​របស់​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អង់​គ្លេស​ដែល​ញ៉ាំ​ញី​ដោយ​របួស Daniel Sturridge ពី​បញ្ហា​របួស​ជង្គង់ បាន​បញ្ចប់​នៅ​​​ពេល​​រូប​គេ​ឈឺ​ចាប់​ត្រង់​ប្រអប់​ជើង​របស់​​គេ​ក្នុង​ពេល​កម្តៅ​​សាច់​ដុំ​។
3099
ក្រោយ​មក ក្រុមរ​បស់​អង់​គ្លេស​មួយ​នេះ​បាន​បណ្តោយ​ឲ្យមាន​គ្រាប់​បាល់​ដេញ​តាម​ពីក្រោយ​ក្នុង​ការ​ប្រកួត​​ពូល B ក្រោយ​​រូប​ភាព​ដ៏​ចម្លែកមួយ​នៅ​​នាទី ទី​៣៣ ដែលនៅ​ពេល​​នោះអ្នក​ចាំ​ទី Simon Mignolet ត្រូវ​បាន​ពិន័យ​​សម្រាប់​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​។ កីឡាករ​ Henri Saivet បាន​ស៊ុត​បាល់​ពិន័យ Free-kick បញ្ចូល​ទី​ ប៉ុន្តែ ក្រុម Liverpool បាន​តាម​ស្មើ​វិញ​ក្នុង​​រយៈ​ពេល​៥​នាទីក្រោយមក នៅពេល​នោះខ្សែ​បម្រើ James Milner បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ក្រោយពី​កីឡាករ Ludovic Sane បាន​ប្រព្រឹត្ត​កំហុស​ទៅលើ​ខ្សែ​ប្រយុទ្ធ Christian Benteke​។ បន្ទាប់​មក តា​រា​ឆ្នើម​អន្តរ​ជាតិ​​បែល​ហ្ស៊ិក Benteke បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​​ជិត​បញ្ចប់​តង់​ទី​១ ជា​មួយ​នឹង​​ការ​ស៊ុត​យ៉ាង​ល្អ​ដោយ​ជើង​ស្តាំ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ខ្សែ​ប្រយុទ្ធ Harry Kane បាន​​ជួយ​ឲ្យក្រុម Tottenham ឈាន​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ខណៈ​ដែល​គ្រាប់​បាល់​​ទី​៩​របស់​ខ្សែ​ប្រយុទ្ធ​​អន្តរ​​ជាតិ​អង់​គ្លេស​រូប​នេះក្នុង​ចំណោម​ការ​ប្រកួត​៦​លើក បាន​ជួយ​ឲ្យ Spurs ទទួល​ជ័យ​​ជម្នះ ១-០ នៅ​លើ​ទឹក​ដីក្រុម​ម្ចាស់​ជើង​ឯក​របស់​អាស៊ែ​បៃ​ហ្សង់ Qarabag​។ គ្រាប់​បាល់​កាត់​សេច​ក្តី​​របស់ Kane ក្នុង​តង់​ទី​២ បាន​ជួយ​ឲ្យ​ក្រុម​ឈរ​លេខ​១​ក្នុង​ពូល J មួយ​នេះ​​ឈាន​ទៅ​ប្រកួត​​ក្នុង​វគ្គ​បន្ទាប់​ជា​មួយ​នឹង​ការ​​​នៅ​សល់​មួយ​ប្រកួត​ទៀត​៕

ប្រភព​ព័ត៌មាន៖ Channel News Asia