វិធានការ​របស់​សភា​អឺរ៉ុប​ចំពោះ​បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​

​ភាព​តានតឹង​ផ្នែក​នយោបាយ​ក្នុងប្រទេស​កម្ពុជា កំពុងតែ​ធ្វើ​ឲ្យ​សភា​អឺរ៉ុប​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​ព្រមាន​លុបចោល​ជំនួយ​សម្រាប់​កម្ពុជា​នូវ​ទឹកប្រាក់​៤៣៥​លាន​ដុល្លារ ប្រសិនបើ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​វិល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ដោយ​គ្មាន​ការរំខាន​។ បញ្ហា​នេះ​ក្រុមអ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា បានផ្តល់​ជា​អនុសាសន៍​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​គិតគូរ​ឡើងវិញ​ចំពោះ​ការគំរាមកំហែង​និង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងនោះ​ការដោះស្រាយ​ដោយ​សន្តិវិធី​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​បន្ថយកម្តៅ​នយោបាយ​គឺជា​កត្តា​សំខាន់បំផុត ដើម្បី​ស្ថិរភាព​នយោបាយ​និង​ផលប្រយោជន៍​ជាតិ​។

​ការព្រមាន​របស់​សភា​អឺរ៉ុប​ក្នុងការ​លុបចោល​ជំនួយ​ទឹកប្រាក់​៤៣៥​លាន​ដុល្លារ បាន​កើតឡើង​មួយថ្ងៃ​នៅពេលដែល​សភា​ពិភពលោក​មួយ​នេះ បានអនុម័ត​ដំណោះស្រាយ​លេខ​២៩៦៩ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​បទ​ចោទ​ទាំងឡាយណា​ដែល​ប្រឆាំង​លោក សម រង្ស៊ី ហើយ​បានទាមទារ​ឲ្យ​ផ្តល់​នីតិសម្បទា បុព្វសិទ្ធិ អភ័យឯកសិទ្ធិសភា ជូន​លោក សម រង្ស៊ី វិញ​។ ការព្រមាន​របស់​សភា​អឺរ៉ុប​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយមាន​ការអនុម័ត​ជា​ដំណោះស្រាយ​នូវ​សមាជិកសភា​៥៦៧ គាំទ្រ​ក្នុងចំណោម​៦៣០ ក្នុងនោះ​២៧​សំឡេង​ជំទាស់ និង​៣៦​សំឡេង​អនុបវាទ​។ ដំណោះស្រាយ​របស់​សភា​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបចោល​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សមាជិក​ព្រឹទ្ធសភា​មួយរូប​ដែល​កំពុង​ឃុំខ្លួន​។ ជាងនេះទៅទៀត​សភា​អឺរ៉ុប​បាន​ចាត់ទុកថា តុលាការ​គឺជា​ឧបករណ៍​នយោបាយ​រប​ស់​គណបក្សកាន់អំណាច​។

សូមបញ្ជាក់ថា សហគមន៍​អឺរ៉ុប​គឺជា​ប្រភព​ផ្តល់ជំនួយ​ច្រើនជាងគេ​សម្រាប់​កម្ពុជា ហើយ​ជំនួយ​នេះ​កើតចេញ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ហើយ​សហគមន៍​អឺរ៉ុប ក៏​ជាទី​ផ្សារ​ទទួល​ផលិតផល​កាត់ដេរ​ពី​ប្រទេស​កម្ពុជា ភាគច្រើន​លើសលប់​ផងដែរ​។ ដូច្នេះ​នៅពេលដែល​សភា​អឺរ៉ុប​ព្រមាន​លុបចោល​ជំនួយ​ទឹកប្រាក់​៤៣៥​លាន​ដុល្លារ ប្រសិនបើ​លោក សម រង្ស៊ី មិនអាច​ចូល​ស្រុក​វិញ គឺ​មិនមែនជា​រឿង​ធម្មតា​នោះទេ​។ មានន័យថា​សហគមន៍​អឺរ៉ុប កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​គំនាប​ទៅលើ​គណបក្សប្រឆាំង​ដែលមាន​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ​ពី​ប្រជាពលរដ្ឋ​។

ព្រឹទ្ធសភា​អូស្ត្រាលី ក៏បាន​ទាមទារ​ដល់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​វិញ​ដោយ​គ្មាន​ការភ័យខ្លាច​ជុំវិញ​រឿង​ចាប់ខ្លួន​។ ញត្តិ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី ដែល​ត្រូវ​លោក សម រង្ស៊ី យកមក​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​បានបង្ហាញ​ថា ព្រឹទ្ធសភា​អូស្ត្រាលី មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការឡើង​កម្តៅ​នយោបាយ​នៅ​កម្ពុជា ការចេញ​ដីកាចាប់ខ្លួន​និង​ដកហូត​អភ័យឯកសិទ្ធិ​មេបក្ស​ប្រឆាំង ការវាយប្រហារ​ទៅលើ​អ្នកតំណាងរាស្ត្រ ការដកហូត​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ពី​លោក កឹម សុខា​។ ព្រឹទ្ធសភា​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឡើងវិញ ហើយ​ធានា​ឲ្យ​មាន​លំហ​នយោបាយ​ប្រកបដោយ​ភាពសេរី​និង​សុវត្ថិភាព​នៅ​កម្ពុជា​។

នៅក្នុង​ញត្តិ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​មានការ​បើកចំហ​សន្ទនា​គ្នា​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ទម្លាក់ចោល​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​អនុញ្ញាត​ឲ្យ​មេបក្ស​ប្រឆាំង​រូបនេះ វិល​មកវិញ​ដោយ​គ្មាន​ការភ័យខ្លាច​ការចាប់ខ្លួន​និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ ញត្តិ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី គឺមាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​សភា​សហភាព​អឺរ៉ុប ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា​។ ក្នុងនោះ​ការព្រមាន​លុបចោល​ជំនួយ​សម្រាប់​កម្ពុជា​នូវ​ទឹកប្រាក់​៤៣៥​លាន​ដុល្លារ​អាមេរិក មិនមែនជា​រឿង​ធម្មតា​នោះទេ ប្រសិនបើ​លោក សម រង្ស៊ី មិនបាន​វិល​ត្រឡប់មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​៕

12299208_997862200270513_7661493137267119337_n www-youtube-com-maxresdefault-2015-11-27 C92C9047-70B7-4ADA-8B57-0FF07B8EF4F0_cx0_cy12_cw0_w1000_r1_s_r1ca567567pture-2015-11-25