រថ​យន្តវីហ្គោ​ អ្នក​បើក​បរ​ស្រវឹង​ធ្លាក់​ភ្នែក​បើក​បុក​របាំង​ថ្ម​សួន​ច្បារ​ខណ្ឌ​ចែក​ផ្លូ​វ​​ជាតិ​លេខ៦ផ្អើល​ទាំង​ថ្ងៃ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​មួយ​គ្រឿង​ម៉ាក​វី​ហ្គោ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​បាត់​ដំបង ២A៥៩៧៩ បើក​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បើក​បុក​ក្បាល​របាំង​ថ្មសួន​ច្បារ​ខណ្ឌ​ចែក​ផ្លូវ​បណ្តាល​ឱ្យខ្ទេច​មុខ និង​​បែក​កង់​ខាង​ឆ្វេង​ តែ​មិន​បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​មាន​របួស​ទេ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​២៥នាទី​រសៀល​ មុន​នេះ​បន្តិច​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦ ភូមិ​កៀន​ឃ្លាំង មុខ​សណ្ឋា​គារ​វ៉ា​ស៊ិន​តោន​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​សំដៅ​ចូល​រាជ​ធានី​ភ្នំពេញ​ ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ទៅ​បុ​ក​របាំង​ថ្ម​សួន​ច្បារខណ្ឌ​ចែក​ផ្លូវ​ ហើយ​រថយន្ត​បម្រុង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ស្រាប់​តែ​បែក​កង់​ធ្វើ​ឱ្យ​ទាញ​ចង្កូត​ឡើង​ទៅ​លើ​សួន​ច្បារ​បុក​ដើម​ផ្កា​បាក់​អស់​១​ដើមរង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

ពេល​នេះ​សមត្ថ​កិច្ច​បាន​ទាក់​ទង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​យក​ទៅ​ដោះ​ស្រាយ​៕