នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់​បញ្ជូន​ទៅ​តុលាការ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ឧដុង្គ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើរ​លក់​ថ្នាំ​ញៀន​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សុំ ភា​រុណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ប្រវឹក​ពង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ត្រី ពីង ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ បានអោយ​ដឹង​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ចំនួន​៨​នាក់ ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៥១ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​វាំង​ចាស់ បាន​ប្រទះ​ឃើញ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ឈប់​ហុច​ដោះ​ដូរ​ថ្នាំ​ញៀន​គ្នា ពេល​នោះ​កម្លាំង​របស់​លោក​ក៏​ឃាត់​ឆែកឆេរ​ឃើញ​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក​៣ កញ្ចប់​តូច តែ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ វត្ថុ​តាង និង​ជនសង្ស័យ ត្រូវ​បាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕