៣ សំណួរ ទាក់ទង​ទៅនឹង ការ​ពិនិត្យ​ក្នុង​ពេល​ពរ​ពោះ​

៣ សំណួរ ទាក់ទង​ទៅនឹង ការ​ពិនិត្យ​ក្នុង​ពេល​ពរ​ពោះ​

​ពេលខ្លះ ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ហើយ ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​ពោះ​។ ការថែទាំ​យ៉ាង​ល្អ ពេល​កំពុង​ពរ​ពោះ ជួយ​ឲ្យ​កូន​របស់​អ្នក ចាប់ផ្តើម​នូវ​ជីវិត​ដ៏​មាន​សុខភាព​ល្អ​។

១, តើ​ខ្ញុំ​គួរតែ​រៀបចំ​ខ្លួន ក្នុង​ការជួប​គ្រូពេទ្យ​ដំបូង ដូចម្តេច​ខ្លះ​ទៅ​?
​ចូរ​សរសេ​សំណួ​រទាំង​អស់ ដែល​អ្នក​ចង់​សួរ និង​យក​វា​ដាក់​តាម​ខ្លួន ដូច្នេះ អ្នក​អាច​ប្រើ​ពេលវេលា ឲ្យមាន​ប្រយោជន៍ និង​ទទួល​យកដំបូន្មាន ដែល​អ្នក​ចង់​បាន​ពី​គ្រូពេទ្យ​។ ចូរ​បញ្ជាក់​នូវ​អ្វីៗ ដែល​អ្នក​យល់ឃើញ ឬ​បារម្ភ ឲ្យ​គ្រូពេទ្យ​ដឹង​ផង ដោយ​មិន​ខ្វល់​ថា នោះ​ជា​រឿង​សំខាន់ ឬក៏​អត់​នោះទេ​។
•​    ​យក​តារាង​ឈ្មោះ​ថ្នាំ​ទាំង​អស់ ដែល​អ្នកប្រើប្រាស់ (​ថ្នាំ​មាន​វេជ្ជបញ្ជា និង​គ្មាន​វេជ្ជបញ្ជា  ព្រមទាំង​ថ្នាំ​បំប៉ន​ផងដែរ​) ដូចនេះ គ្រូពេទ្យ​អាច​នឹង​វាយតម្លៃថា វា​មាន​សុវត្ថិភាព ក្នុង​ការប្រើប្រាស់ ឬក៏​អត់​។
•​    ​មើល​កាលបរិច្ឆេទ​របស់​អ្នក​ឡើងវិញ និង​កត់ចំណាំ​នូវ​ថ្ងៃ​ដំបូង ដែល​អ្នក​បាត់​រដូវ​ចុងក្រោយ​។ គ្រូពេទ្យ ឬ​ឆ្មប នឹង​ប្រើ​ថ្ងៃ​ខែ​នេះ ដើម្បី​ប៉ាន់ស្មាន​អាយុ​របស់​កូន​។ (​មិនបាច់​បារម្ភ​ទេ​បើសិន​ជា​អ្នក មិន​បាន​តាមដាន​អំពី​រឿងនេះ ឬ​មក​រដូវ​មិន​ទៀងទាត់​។ បើសិន​ជា​អ្នក​មិន​មាន​ពេលវេលា​នៃ​ការ​មក​រដូវ ដែល​អាច​យកជាការ​បាន​ទេ គ្រូពេទ្យ​អាច​ពេលវេលា​ថត​អេកូ ឲ្យបាន​លឿន ដើម្បី​កំណត់​អាយុ​គភ៌​)​។
•​    ​ចូរ​យក​ពេលវេលា​មួយចំនួន ដើម្បី​រំលឹក​អំពី​ប្រវត្តិ​ជំងឺ ក្នុង​គ្រួសារ​របស់​អ្នក និង​ប្តី​ផង​។ បើសិន​ជា​អ្នក​មិន​ប្រាកដ​ថា សមាជិក​ក្រុមគ្រួសារ​របស់​អ្នក​ទាំង​ពីរ មាន​ក្រូម៉ូសូម ឬ​ហ្សែ​ន​មិនធម្មតា ឬក៏​អត់​នោះ ចូរ​ធ្វើការ​ពិនិត្យ​វា ជាមួយ​ឪពុក​ម្តាយ ឬ​សាច់ញាតិ​ដែល​ស្និទ្ធស្នាល​ជាងគេ​។ គ្រូពេទ្យ​នឹង​សួរ​អ្នក អំពី​រឿង​នេះ ដើម្បី​បង្ហាញ​ផ្លូវ​ថា គួរ​ធ្វើ​តេស្ត​អ្វី​បន្ថែម​ទៀត​។

២, តើ​មាន​អ្វី​កើតឡើង​ទៅ ក្នុង​ពេល​ជួប​ជាមួយ​គ្រូពេទ្យ​?
​ជាទូទៅ គ្រូពេទ្យ​នឹង​ចាប់ផ្តើម ដោយ​ការ​សួរ​ពី​អារម្មណ៍​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត ថា​តើ​អ្នក​មាន​បញ្ហា ដែល​ចង់​និយាយ ឬ​បារម្ភ​ដែរ​ឬ​អត់ ហើយ​មាន​សំណួរ​អ្វី ដែល​ចង់​សួរ​ដែរ​ទេ​។ គ្រូពេទ្យ​នឹងមាន​សំណួរ ដើម្បី​សួរ​អ្នក​ផងដែរ ដែល​វា​អាស្រ័យ​ទៅលើ រយៈពេល​ដែល​អ្នកមាន​ផ្ទៃពោះ និង​ការបារម្ភ​ពិសេសៗ​ជាច្រើន​ទៀត​។
​ពេល​ជិត​បញ្ចប់​នៃ​ការជួបគ្នា គ្រូពេទ្យ​នឹង​រំលឹក​អំពី​ការ​ធ្វើ​តេស្ត ពន្យល់​នូវ​ការប្រែប្រួល​ធម្មតា ដែល​អាច​កើតមាន មុនពេល​មក​ជួប​ពេទ្យ​ពេល​ក្រោយ ព្រមទាំង​សញ្ញា​ប្រកាសអាសន្ន ដែល​ត្រូវ​យកចិត្តទុកដាក់ ផ្តល់​ប្រឹក្សា​អំពី​បញ្ហា​នៃ​របៀប​រស់នៅ (​ដូច​ជា​សារៈសំខាន់ នៃ​ជីវជាតិ​ណា​ដែល​ល្អ និង​ចៀសវាង​ការជក់បារី ស្រា និង​ការប្រើ​ថ្នាំ​) និង​ពិភាក្សា​ទៅលើ​គុណ​ស​ម្ប​តិ្ត និង​គុណវិបត្តិ​នៃ​ការ​ធ្វើ​តេស្ត​ដែល​អ្នក​ចង់​ធ្វើ​។

៣, តើ​ប្តី​របស់​ខ្ញុំ គួរតែ​ទៅ​ជាមួយ​ខ្ញុំ​ដែរ​ទេ​?
​វា​អាស្រ័យ​ទៅលើ ការចង់បាន​របស់​អ្នក​តែប៉ុណ្ណោះ​។ គូ​ស្វាមី​មួយចំនួន​ដឹងថា ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​ការចូលរួម​ជួប ជាមួយ​គ្រូពេទ្យ​ទាំងអស់គ្នា ជាពិសេស ថ្ងៃ​ទៅ​ជួប​គ្រូពេទ្យ​លើកដំបូង​តែម្តង ព្រោះ​ជា​ពេល​ដែល​ត្រូវ​ថត​អេកូ និង​ចង់​ដឹង​អំពី​លទ្ធផល​ផង​។ គូ​ស្វាមីភរិយា​នៅ​មជ្ឈមណ្ឌល​ទារក (BabyCenter) និយាយថា ៖ ៥៧ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ចាប់លេខ​ហើយ​និយាយ​ថា ពួកគេ​តែងតែ​ចង់​ឲ្យ​ប្តី​របស់​គេ មកជួប​ពេទ្យ​ជាមួយ​គ្នា​ដែរ​។ ៣៧ ភាគរយ​នៃ​ប្តី​ទាំងអស់​និយាយ​ថា ពួកគេ​បាន​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​ផ្ទៃពោះ​គ្រប់ពេល​ទាំងអស់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។