ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៩

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៩

​មនុស្ស​ដែល​សុំ​ជ្រកកោន​ថ្មី ក្នុង​ពោះ​អ្នក នៅពេលនេះ មាន​ប្រវែង​ខ្លួន​ជិត ២,៥៤ សង់ទីម៉ែត្រ​ហើយ (​ប្រហែល​ប៉ុន​ផ្លែ​ទំពាំងបាយជូរ​) ហើយ​ទម្ងន់​វិញ ប្រមាណ​ជា ២៨,៣៥ ក្រាម​ប៉ុណ្ណោះ​។ ឥឡូវនេះ គេ​កំពុងតែ​មើលទៅ ដូចជា​មនុស្ស​មែនទែន​ដែរ​។ ផ្នែក​សំខាន់ៗ​នៃ​រាងកាយ ត្រូវបាន​បង្កើតឡើង ប៉ុន្តែ វា​នឹង​ត្រូវ​រង់ចាំ រយៈពេល​ច្រើន​ខែ​ទៀត ទើប​ចេញ​ជា​រូបរាង​ត្រឹមត្រូវ​។ ការប្រែប្រួល​ផ្សេងៗ​ទៀត ដូចជា បេះដូង​របស់​កូន បានបញ្ចប់​ការ​បំបែក​ខ្លួន​ជា​បួន​ថត ហើយ​ប្រឹស​បេះដូង ចាប់ផ្តើម​បង្កើតឡើង​។ ចំពោះ​កន្ទុយ​អំប្រ៊ីយ៉ុង​វិញ ក៏​រួច​ខ្លី​បាត់​តែម្តង​ទៅ​ដែរ​។ សរីរាង្គ​ខាងក្នុង​ខ្លួន សាច់ដុំ និង​សរសៃប្រសាទ កំពុងតែ​បង្កើនល្បឿន​របស់​វា​។ នៅពេលនេះ សរីរាង្គ​ប្រដាប់ភេទ​ខាងក្រៅ មើលឃើញ​ហើយ ប៉ុន្តែ នៅតែ​មិន​អាច​កំណត់​បាន ថា​ស្រី ឬ​ប្រុស​នៅឡើយ​។ ភ្នែក​របស់​គេ ត្រូវបាន​បង្កើតឡើង​យ៉ាង​ពេញលេញ ប៉ុន្តែ ត្របកភ្នែក​នៅតែ​បិទ​ជិត និង​មិន​អាច​បើក​បាន​ទេ រហូត​ដល់​សប្តាហ៍​ទី ២៧ ទើប​បើក​បាន​។ ស្លឹកត្រចៀក​ដ៏​តូចៗ មាត់ ច្រមុះ និង​រុន្ធ​ច្រមុះ អាច​មើលឃើញ​កាន់តែច្បាស់​។ ពេលនេះ សុក​ត្រូវបាន​អ​វិវត្ត​ឡើង​គ្រប់គ្រាន់ ដើម្បី​បំពេញ​មុខងារ​ដ៏​សំខាន់ ក្នុង​ការបង្កើត​អ័រម៉ូន​របស់​ខ្លួន​ហើយ​។ ឥឡូវនេះ ដំណើរ​ការវិវត្ត​ធម្មតា​ជា​មូលដ្ឋាន​របស់​កូន ត្រូវ​បាន​ចាប់កំណើត​ហើយ ដូច្នេះ ទម្ងន់​នឹង​កើនឡើង​យ៉ាង​រហ័ស​ផងដែរ​។

​ចំណាំ ៖ នៅក្នុង​ស្បូន ទារក​ម្នាក់ៗ​មាន​ការលូតលាស់ ខុស​គ្នា​តិចតួច ដូច្នេះហើយ ព័ត៌មាន​ដែល​យើងខ្ញុំ​ជម្រាបជូន​នេះ គ្រាន់តែ​ជា​គំនិត​ទូទៅ​មួយ​ប៉ុណ្ណោះ ដែល​ទាក់ទង​នឹង​ការលូតលាស់​របស់​ទារ​ក​។

​អ្នក​នៅ​តែ​មើលទៅ មិន​ដូច​មាន​ផ្ទៃពោះ​សោះ ទោះបីជា​ចង្កេះ​ពេលនេះ ដូចជា​មាន​សាច់​ជាង​មុន​បន្តិច​ក៏ដោយ​។ ប៉ុន្តែ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​ផ្ទៃពោះ​ហើយ​។ មិន​ត្រឹមតែ​ការ​ចាញ់កូន និង​រោគសញ្ញា​ផ្លូវកាយ​ផ្សេងៗ​ទៀត ដែល​កំពុងតែ​កើត​ឡើង យ៉ាង​កម្រោល​ទៅលើ​ស្ត្រី​ភាគច្រើន​នោះទេ ប៉ុន្តែ អ្នក​ប្រហែលជា​មាន​បញ្ហា​ផ្លូវចិត្ត​ដែរ​។

​ក្នុង​ពេល​នេះ អារម្មណ៍​មិន​នឹងនរ ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ ប៉ុន្តែ វា​គឺជា​ការប្រែប្រួល​ធម្មតា​ទេ ហើយក៏​អាច​ជា​ភាពភ័យខ្លាច ក្នុងការ​ក្លាយទៅជា​ឪពុក​ម្តាយ​គេ​ផងដែរ​។ ចូរ​ព្យាយាម​រំងាប់​អារម្មណ៍​ខ្លួនឯង​ខ្លះ​ទៅ​។ ស្ត្រី​ភាគច្រើន​យល់ថា ខ្លួនឯង​ឆាប់​មាន​អារម្មណ៍​ប្រែប្រួល ពុះកញ្ជ្រោល​លឿន​ណាស់ នៅ​ជុំវិញ​សប្តាហ៍ ៦ ដល់​ទី ១០ និង​បាត់​ទៅ​វិញ នៅ​ត្រីមាស​ទី​ពីរ ប៉ុន្តែ វា​នឹង​កើតឡើង​ម្តង​ទៀត ពេល​ជិត​បញ្ចប់​ការ​មាន​ផ្ទៃពោះ​៕
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។