ជើងឯក GLF Open 2015 ឈានដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់នៃព្រឹត្តិការណ៍ ITF Futures ឆ្នាំ២០១៥ សប្ដាហ៍ទី១ ដែលមានឈ្មោះថា ជើង ឯកពានរង្វាន់ GLF Open 2015 បានឈានដល់វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រហើយ (១/២ ផ្ដាច់ព្រ័ត្រ) បន្ទាប់ពីឆ្លងកាត់ ការប្រកួតជម្រុះអស់រយៈពេលជាង ១សប្ដាហ៍កន្លងទៅ នៅលើទីលានវាយកូនបាល់ CCC ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ការប្រកួតសប្ដាហ៍ទី១ ឬជើង ឯក GLF Open 2015 បានដំណើរការប្រកួតតាំងពីថ្ងៃទី២១ ខែវិច្ឆិកាមកម្ល៉េះ ដោយមានការចូលរួមពីកីឡាករ១៦រូប ដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា លើពិភពលោក ។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកានេះ ការប្រកួតបានជម្រុះសល់ កីឡាករជើងខ្លាំងតែ៤នាក់ប៉ុណ្ណោះ ដែលត្រូវឡើងមកប្រកួតវគ្គ១/២ផ្ដាច់ព្រ័ត្រ លើវិញ្ញាសាវាយទោល ១ទល់១ តែក្នុង នោះមិនមានវត្តមានកីឡាករកម្ពុជាឡើយ ។

ចំពោះកីឡាករដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយត្រូវជួបប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រជាបន្ដនោះ គឺមានកីឡាករ Miliaan Niesten មកពីប្រទេសហូឡង់ ត្រូវជួបកីឡាករ Ji Hoon Son មកពីកូរ៉េខាងត្បូង និងកីឡាករ Cheong Eui Kim ត្រូវជួបមិត្តរួមជាតិ Soon Woo Kwon មកពីកូរ៉េខាងត្បូងដូចគ្នា ។ ដោយឡែកវិញ្ញាសាវាយគូបាន ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយកីឡាករ Kuan និង Yi Lee មកពីតៃប៉ិ ត្រូវជួបកីឡាករ Soon Woo និង Ji Hoon Son មកពីកូរ៉េខាងត្បូង ។

គួរបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតវាយកូនបាល់ជើងឯកសប្ដាហ៍ទី១នេះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដោយជយលាភីជើងឯក នឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ ។ បន្ទាប់មកនៅថ្ងៃទី២៩ ខែដដែលសហព័ន្ធ នឹងរៀបចំការ ប្រកួតសប្ដាហ៍ទី២ ដែលមានឈ្មោះ GLF Tep Khunnah Memorial Cup 2015 ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ ៕

ជើងឯក GLF Open 2015 ឈានដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ជើងឯក GLF Open 2015 ឈានដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ