កម្ពុជាសោកស្តាយ ដែលសហគមន៍អឺរ៉ុប យកជំនួយគំរាម ខ្មែរក្នុងករណី លោក សម រង្ស៊ី

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងថា ការព្រមានគំរាមកាត់ផ្តាច់ ជំនួយពីកម្ពុជា របស់សហគមន៍អឺរ៉ុបនោះ គឺជារឿងមួយដែលសោកស្តាយ មិនគួរណាភាគីអន្តរជាតិមួយនេះ យកថវិកាមកគំរាម បែបនេះទៅវិញ។

ការថ្លែងរបស់ លោក ផៃ ស៊ីផាន យ៉ាងនេះ បានធ្វើឡើងក្រោយពីសារព័ត៌មាន ក្នុងស្រុកបានផ្សព្វផ្សាយថា សហគមន៍អឺរ៉ុប ព្រមានលុបចោលនូវជំនួយមកកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជា៤៣៥លានដុល្លារអាម៉េរិក ក្នុងករណី លោក សម រង្ស៊ី មិនអាចវិលត្រឡប់មកធ្វើនយោបាយនៅកម្ពុជាវិញបាន។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ប្រសិនបើការមានការបាត់បង់ឯករាជ្យ សន្តិភាព និង អធិបតីភាពរបស់កម្ពុជានោះ ដូច្នេះកម្ពុជាមិនត្រូវការ ប្រាក់ ឡើយ។

លោកបានបញ្ជាក់ថា “ការគំរាមអ្វី ដែលគេបាននិយាយនុង គឺការគំរាមកំហែងតាមប្រាក់ជំនួយប្រឆាំងកម្ពុជា បាន សេចក្តីថា ប្រឆាំងនីតិរដ្ឋ ប្រឆាំងរដ្ឋសភា ប្រឆាំងតុលាការកម្ពុជា ដោយសាររឿងនេះ មិនពាក់ព័ន្ធនឹងរាជរដ្ឋាភិបាល កម្ពុជាទេ។ គឺគេប្រឆាំងចំពោះមុខតុលាការ និងរដ្ឋសភាកម្ពុជា អាហ្នឹង គឺគេយកលុយមកទិញដូរ និងគំរាម កំហែង អាហ្នឹង ជារឿងសោកស្តាយមួយដែលជាភាពអាម៉ាស់របស់ប្រទេសដែលមាននិន្នការប្រជាធិបតេយ្យ ដោយសារ កម្ពុជា ជារាជាណាចក្រ ជារដ្ឋឯករាជ្យមួយ ហើយការកសាងស្រុកមួយមិនមែនរស់ដោយសារលុយទេ គឺយើងរស់ ដោយសារការប្រឹងប្រែងចំណាយអាយុជីវិតកម្ពុជាច្រើនណាស់។ ព្រោះវាស្ថិតនៅក្នុងរបបអាណានិគម របស់ ពួកបរទេស ការផ្តួចផ្តើមឲ្យមានរឿងពីពួកបរទេសដល់កម្ពុជាដូច្នេះយើងអត់ត្រូវការប្រាក់នោះទេ”។

លោកបន្ថែមថា ចំពោះសមាជិកសភាទាំង១៥៧រូបនោះ គឺកំពុងតែគិតផ្ទុយនិងប្រឆាំងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស អាស្រ័យនីតិរដ្ឋ សណ្តាប់ធ្នាប់នយោបាយ នៅកម្ពុជាដែលពួកគេមិនយល់ច្បាស់លាស់៕

កម្ពុជាសោកស្តាយ ដែលសហគមន៍អឺរ៉ុប យកជំនួយគំរាម ខ្មែរក្នុងករណី លោក សម រង្ស៊ី