អ្នក​ភូមិ​ក្នុង​ឃុំ​សំបូរដុត​ភ្នក់​ធ្វើ​រូប​ទី​ងមោងដាក់​មុខ​ផ្ទះ ក្រោយ​ពី​ផ្អើល​នឹង​ការ​ស្លាប់​មនុស្សដោយសារ​ពុល​ស្រា

ខេត្តក្រចេះ​ ៖ ភាពក្អាក​ក្អា​យ​នៅ​ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ​បាន​កើត​មាន​បន្តិចវិញ ក្រោយ​ពី​អ្នក​ភូមិ​ប្រុស​-​ស្រី ដែល​រង​គ្រោះ​ពី​ពុល​ស្រាចំនួន​រាប់​សិប​នាក់​បាន​ត្រឡប់មក​ពី​ពេទ្យ​ចូល​រស់នៅ​តាម​ផ្ទះ​ក្នុងភូមិ​តាម​ធម្មតា​វិញ​។

បន្ទាប់​ពី​កើត​មាននូវ​បាតុភាព​មនុស្ស​ស្លាប់​ជាបន្ត​បន្ទាប់​​ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ​នោះ​បាន​ធ្វើ​ឲ្យ​ភូមិ​មួយ​នេះ​មាន​សភាព​ស្ងាត់ជ្រងំមើលទៅ​ហាក់​ដូច​ជា​​ស្រងេះស្រងោច​ និង​ធ្វើ​ឱ្យ​អ្នក​ភូមិ​ភ័យ​​រអារ​ទៅ​នឹងការ​ផ្ទុះ​ជម្ងឺ​អាសន្នរោគ​ទៅ​វិញ ទើប​ពួក​គាត់សម្រេច​នាំ​គ្នា​ធ្វើ​រូបសំណាក​ទីង​មោង​ធ្វើ​ពី​ចំបើង គូមុខយក្ស​ដាក់​ពីមុខ​ផ្ទះ​រៀង​ៗ​ខ្លួន​តាំងពី​ដើម​ដល់​ចុង​ភូមិ​។

ផ្អែក​ទៅ​លើ​ជំនឿ​អរូបី​បែប​នេះ មិន​ត្រឹមតែ​ដាក់​រូប​ទីង​មោង​ប៉ុណ្ណោះ​ទេ ជា​រៀង​រាល់​យប់​ពួក​គាត់​តែងតែ​ដុត​ភ្នក់ភ្លើង​រោយអំបិល បាចអង្ករ ដោយ​សំអាង​ថា​ កុំ​ឲ្យ​មាន​ភាព​ឧ​ប​ទ្រុប​ចង្រៃ​ចូល​មក​យាយី​គ្រួសារ​គាត់ នៅ​តាម​ផ្ទះ​។

គិត​មក​ទល់​​​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ​មាន​រយៈពេល​មួ​យស​ប្តា​ហ៌​ហើយ ដែល​មាន​អ្នកភូមិ​ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ចំនួន​២​នាក់ ​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​តែ​ពុ​លស្រា​.​ស និង​បាន​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​ប្រុស​-​ស្រី​ចំនួន​ជាង​៥០​នាក់​ទៀត​ត្រូវ​រង​គ្រោះ ក្នុង​នោះ​មាន​ពីរ​នាក់ ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។ ចំណែកឯ​ការ​ខ្លាចរអារ​របស់​អ្នកភូមិ​​ទៅ​នឹង​ការ​ស្លាប់​មនុស្ស​ក្នុងភូមិ​នៅ​នឹង​មុខស្រស់​ៗ​ដោយសារ​តែពុល​ស្រាក៏​មិនទាន់​រំសាយ​នៅឡើយ​ដែរ​។

ការ​ស្លាប់​របស់​អ្នក​ភូមិ​ទាំង​ពីរ​នាក់ ក្នុង​ថ្ងៃ​បន្តបន្ទាប់​ចាប់​ពិ​ថ្ងៃ​ទី​២១-២២ ​វិច្ឆិកា ត្រូវ​បាន​សមត្ថកិច្ច​​​កំណត់​ថា បណ្តាល​មក​ពី​ការ​ពុល​ស្រា​.​ស ក្រោយ​ពី​មាន​អ្នក​ភូមិ​ជាច្រើន​នាក់​ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ បាន​ចូល​រួម​កំដរ​បុណ្យសព​អ្នក​ភូមិ​ម្នាក់​នៅ​ក្នុងភូមិ និងបាន​នាំ​គ្នា​ផឹកស្រាកំដរ​រោង​បុណ្យ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព