ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុ​ង​យ៉ាង​ព្រមព្រៀង​គ្នា​លើ​ការ​ជួប​គ្នា​ថ្នាក់​អនុរដ្ឋមន្ត្រី

យោង​តាម YONHAP ថា ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា កូរ៉េ​ទាំង​២​បាន​ព្រមព្រៀង​ឱ្យ​មាន​កិច្ចប្រជុំ​កម្រិត​អនុរដ្ឋមន្ត្រី​មួយ​នា​ខែធ្នូ​ខាង​មុខ​នេះ នៅ​តំបន់ឧស្សាហកម្ម​រួមកា​អឺ​សុង ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​នេះ​រៀបរាប់​តាម​ទូរស័ព្ទ​ថា ភាគី​ទាំង​២​បាន​ព្រមព្រៀង​ឱ្យ​មានការ​ចរចា​រដ្ឋាភិបាល​មួយ​នា​ថ្ងៃ​ទី​១១ ធ្នូ ខាង​មុខ​នេះ នៅ​ក្នុង​ប្លុក​ឧស្សាហកម្ម​កា​អឺ​សុង​នៃ​ទីក្រុង​មានឈ្មោះ​ដូច​គ្នា​នេះ ។ ប្រមុខ​គណៈប្រតិភូ​នៃ​ភាគី​ទាំង​២​នឹង​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​ការ​ជួប​គ្នា​នេះ ហើយ​ទំហំ​នៃ​គណៈប្រតិភូ​ចូលរួម​នឹង​ផ្អែក​លើ​ការ​ចង់បាន​របស់​ភាគី​នីមួយ​ៗ ។

ចំពោះ​របៀបវារៈ​នៃ​ការ​ជួប​គ្នា​ថ្នាក់​អនុរដ្ឋមន្ត្រី​នេះ​នឹង​រួម​មាន​បណ្តា​បញ្ហា​ទាក់ទិន​នឹង​ការ​កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ ។

ចំពោះ​ការ​រៀបចំ និង​នីតិវិធី​ចាំបាច់​នានា​សម្រាប់​ការ​ចរចា​អន្តររដ្ឋាភិបាល​នា​ពេល​ខាង​មុខ នឹង​ត្រូវ​ពិភាក្សា​រវាង​ភាគី​ទាំង​២ តាម​រយៈ​ការិយាល័យ​ទំនាក់ទំនង​នៃ​ភូមិ​ព្រំដែន​ប៉ាន​មុន​ហ្សូ​ម ។

កិច្ចព្រមព្រៀង​នេះ​ទទួល​បាន​បន្ទាប់​ពី​ការ​ចរចា​ម៉ា​រ៉ា​តុង​រវាង​អ្នក​ទទួលខុសត្រូវ​ប្រតិបត្តិការ​របស់​ភាគី​ទាំង​២​នៅផ្ទះ TONGIL ជា​អគារ​រដ្ឋបាល​មួយ​នៅ​ភាគ​ខាងជើង​ភូមិ​ប៉ាន​មុន​ហ្សូ​ម ៕