ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ SU-24 ភាព​តានតឹង​ពុំ​ធូរស្រាល​ឡើយ​រវាង​រុ​ស្ស៊ី និង​តួ​ក​គី

ទោះបីជា​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​សម​ភាគី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បង្ហាញ​ពី​បំណង​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​ក៏​ដោយ ក៏​ភាព​តានតឹង​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​អង់កា​រ៉ា​មិន​ចុះ​ថយ​ដែរ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ក្រុង​មូ​ស្គូ​សម្រេច​ផ្អាក​រាល់​ការ​ទាក់ទង​ខាង​យោធា​ជាមួយ​តួ​ក​គី ខណៈ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ពុំ​ធូរស្រាល បន្ទាប់​ពី​យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​ត្រូវ​បាញ់​ធ្លាក់​មក ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​អីុ​ហ្គ័​រ កូ​ណា​ឆេ​ន​កូវ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ពេល​នេះ​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ត្រូវ​ផ្អាក​រវាង​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី និង​កងទ័ព​តួ​ក​គី ក្នុង​នោះ​រួម​ទាំង​ខ្សែ​ទូរស័ព្ទ​ពិសេស បង្កើត​ឡើង​ដើម្បី​ចៀសវាង​បណ្តា​ឧប្បត្តិហេតុ ពេល​យុទ្ធនាការ​តាម​អាកាស​របស់​រុ​ស្ស៊ី​ប្រឆាំង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវកម្ម​នៅ​ស៊ី​រី​ផង ។

លោក​កូ​ណា ឆេ​ន​កូវ បញ្ជាក់​ថា តួ​ក​គី​បដិសេធ​ពុំ​ព្រម​ផ្តល់​ដល់​សេនា​នុ​ពន្ធ​រុ​ស្ស៊ី​បណ្តា​ឯកសារ​ទាក់ទិន​នឹង​យន្តហោះ​ប្រយុទ្ធ SU-24 ដែល​ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ។ លោក​បន្ត​ថា កងទ័ពអាកាស​រុ​ស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​បណ្តា​គោលដៅ​ភេរវកម្ម​ស្ថិត​នៅ​តំបន់​ដែល​អ្នក​បើក​យន្តហោះ​ត្រូវ​បាញ់​ធ្លាក់​ម្នាក់​អាច​ជួយ​សង្គ្រោះ ។ លោក​បញ្ជាក់​ថា កង​យន្តហោះ​រុ​ស្ស៊ី​បាន​ចេញ​ធ្វើ​បេសកកម្ម​ជាង​១៣០​លើក រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​វាយប្រហារ​លើ​គោលដៅ​ប្រមាណ​ជា​៥៤០​ក្នុង​ខេត្ត​៨​របស់​ស៊ី​រី ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន អះអាង​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា តួ​ក​គី​នឹង​មិន​សុំ​ទោស​រុ​ស្ស៊ី​ឡើយ​ទាក់ទិន​នឹង​យន្តហោះ​ត្រូវ​បាញ់​ធ្លាក់​នៅ​តាម​ព្រំដែន​ស៊ី​រី ។ ក្នុង​បទ​សម្ភាសន៍​មួយ​លោក​គូសបញ្ជាក់​ថា គួរ​ពួក​អ្នក​ដែល​រំលោភ​បំពាន​ដែនអាកាស​យើង​វិញ​ទេ ដែល​ត្រូវ​សុំ​ទោស​យើង ។

ប្រទេស​តួ​ក​គី​បាន​កោះ​ហោះ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បន្ទាប់​ពី​អំពើ​ហិង្សា​របស់​ពួក​បាតុករ​រុ​ស្ស៊ី​ប្រឆាំង​ស្ថានទូត​ខ្លួន​ប្រចាំ​ក្រុង​មូ​ស្គូ ។

បាតុករ​រុ​ស្ស៊ី​ដែល​មានការ​ខឹងសម្បា​ចំពោះ​ការ​បាញ់​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​បាន​នាំ​គ្នា​គប់​បំបែក​កញ្ចក់​ស្ថានទូត គប់​ពងមាន់ ពង​ទា​ដាក់​ស្ថានទូត ព្រមទាំង​ដាក់​បដា​ពាក្យស្លោក​សម្តែង​កំហឹង​នៅ​របាំង​សន្តិសុខ​ដោយ​បរិហារ​តួ​ក​គី​ថា ផ្សំ​គំនិត​ជាមួយ​ពួក​ភេរវ​ករ ។

ម្យ៉ាងទៀត នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក​ឌី​មី​ឌ្រី ម៉េ​ដ​វេ​ដេ​វ បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ដល់​រដ្ឋាភិបាល​លោក​ឱ្យ​រៀបចំ​រយៈពេល​២​ថ្ងៃ នូវ​វិធានការ​សងសឹក​ខាង​សេដ្ឋកិច្ច​មួយ​ចំនួន ។ វិធានការ​ទាំងនេះ​នឹង​ទាក់ទិន​ដល់​ផ្នែក​ពាណិជ្ជកម្ម​ក៏​ដូច​ជា​វិនិយោគ ព្រមទាំង​ការ​ប្រើ​កម្លាំង​ពលកម្ម និង​ផ្នែក​ទេសចរណ៍ ។ រុ​ស្ស៊ី​ប្រកាស​រួច​ហើយពី​ការ​រឹតត្បិត​លើ​ការ​នាំ​ចូល​ផលិតផល​ស្បៀង​ពី​តួ​ក​គី ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​របស់​រុ​ស្ស៊ី​ថា តួ​ក​គី​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រធានាធិបតី​តួ​ក​គី​បាន​បដិសេធ ។ ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា បណ្តា​អ្នក​ដែល​ចោទ​យើង​ថា​ទិញ​ប្រេង​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​បង្ហាញ​ភស្តុ​តាង​នានា ។ លោក​អះអាង​ថា ប្រេង​រត់ពន្ធ​៧៩​លាន​លី​ត្រ ត្រូវ​តួ​ក​គី​ចាប់​រឹបអូស​កាលពី​ឆ្នាំ​២០១៤ ។

ចំណែក​អ្នកកាសែត​ប្រឆាំង​តួ​ក​គី​២​នាក់​ដែល​រាយការណ៍​ពី​ការ​ផ្តល់​អាវុធ​របស់​តួ​ក​គី​ដល់​ពួក​អ៊ិ​ស្លា​ម​និយម​នៅ​ស៊ី​រី ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​ចោទប្រកាន់​កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ពី​បទ​ធ្វើ​ចារកម្ម និង​លាតត្រដាង​ការ​សម្ងាត់​របស់​រដ្ឋ ៕