ភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី​អំឡុង​ពេល​បុណ្យអុំទូក

ខេត្តមណ្ឌលគិរី ៖ រម​ណីយដ្ឋាន​ទឹកជ្រោះ​​ប៊ូ​ស្រា​នៅ​តែ​ជា​គោលដៅ​ទី​១​ សម្រាប់​ភ្ញៀវ​ទេសចរ​​មក​កម្សាន្ត ​ក្នុង​ខេត្ត​នៃ​ភាគ​ឦ​សាន្ត​មួយ​​នេះ ហើយ​មណ្ឌលគិរី​នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន ដូច​ជា​រម​ណីយដ្ឋាន​​វប្ប​ធម៌​ភ្នំ​ដោះ​​ក្រមុំ ដែល​ជា​កន្លែង​ទី​សក្ការៈបូជា​ដ៏​ស័ក្តិ​សិទ្ធ, រមណីយដ្ឋាន​សមុទ្រ​ឈើ, រមណីយដ្ឋាន​ទឹកជ្រោះ​​ដំណាក់​ស្ដេច, ទឹកជ្រោះ​រម​នា, ទឹ​ក​ជ្រោះ​ជ្រៃ​ធំ,​ ទឹកជ្រោះ​ក្បាល​ព្រះ, ចំការ​កាហ្វេ, ភ្នំ​ណាំ​លៀ ជាដើម ។​ល​។

គេ​សង្កេត​​ឃើញ​ថា ភ្ញៀវ​ទេសចរ ​ទាំង​ភ្ញៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ​ជាង​​១​ម៉ឺន​នាក់ ​បាន​មក​លេង​កម្សាន្ត​​នៅ​ខេ​ត្ត​​មណ្ឌល​គី​រី ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ និង​ស​ពះ​ព្រះ​ខែ ​ឆ្នាំ​២០១៥ ​នេះ​ ។​ អ្នកទេសចរ​​​បាន​ឱ្យ​​ដឹង​ថា ​ពួក​គាត់​និយម​ចូល​ចិត្ត​គយ​គន់​ទេស​ភាព​ធម្មជាតិ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​លើ​កំពូលភ្នំ ក៏​ដូច​ជា​ទស្សនា និង​ងូតទឹក​ជ្រោះ​ដ៏​ស្រស់​ត្រកាល​នោះ ពួក​គាត់​ពិតជា​មិន​អាច​ជិនណាយ​ពី​ខេត្ត​មណ្ឌលគិរី​បាន​ឡើយ ។ ​

​ក្រៅពី​នោះ​ ខេត្ត​មួយ​នេះ ​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ផង​ដែរ​ ដោយ​ការ​ជិះ​ដំរី​​កម្សាន្ត​ព្រៃ​ទស្សនា និង​ស្វែង​យល់​ពី​ទំនៀម​ទម្លាប់​វប្បធម៌​ ក៏​ដូច​ជា​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច ។ ប្រធាន​មន្ទីរ​ទេសចរណ៍​​ខេត្តមណ្ឌលគិរី លោកងិ​ន សុ​វិមាន បានឱ្យ​​ដឹង​ថា ​គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក​ និង​ស​ពះ​ព្រះ​ខែ​នេះ​ មាន​ភ្ញៀវ​ទេសចរ​​មក​កម្សាន្ត​​នៅ​ខេត្តមណ្ឌលគិរី​​សរុប​ចំនួន​១០.៣៨៦​នាក់ ​(១​ម៉ឺន៣​រយ​​៨៦​នាក់​) ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន១០.០៦៧​នាក់​ (១​ម៉ឺន៦៧​នាក់​)​ ភ្ញៀវ​អន្តរជាតិ​ចំនួន​៣១៩​នាក់ ។ ​

​តួលេខ​នេះ ​បើ​ធៀបនឹង​​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុនឃើញ​ថា​ មានការ​កើនឡើង​៧.៩៤% ក្នុង​នោះ ភ្ញៀវ​ជាតិ​កើនឡើង​៧.៣០%​ ​ភ្ញៀវ​អន្តរជាតិ​កើនឡើង​៣២.៩១% ។

សូម​បញ្ជាក់​ថា  ទន្ទឹម​និង​ភាព​សប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អកអំបុក ​និង​ស​ពះ​ព្រះ​ខែ​នេះ ក្នុង​ខេត្តមណ្ឌលគិរី មាន​គ្រោះថ្នាក់​កើតឡើង​​២​ករណី ​បណ្ដាល​ឱ្យ​​មនុស្ស​ម្នាក់​ស្លាប់ ។ ដោយឡែក​ សម្រាប់​សេវា​សណ្ឋាគារ ផ្ទះសំណាក់​ ក៏​ត្រូវ​បាន​អា​ជីវ​ករ​​ដំឡើង​ថ្លៃ​ដែរ ហើយ​ចំពោះ​ការ​ដំឡើងថ្លៃ​លើ​សេវា​សណ្ឋាគារ​ ផ្ទះសំណាក់ នេះ ម្ចាស់​អាជីវកម្ម​ទាំងនោះ​​អះអាង​ថា ដោយសារ​នៅ​តាម​បន្ទប់​នីមួយ​ៗ ​មាន​ភ្ញៀវ​សម្រាក​លើ​ចំនួន​កំណត់​ ដូច្នេះ​ការ​ប្រើប្រាស់​ទឹក​ភ្លើង ​ក៏​ច្រើន​ជាង​ពេល​ធម្មតា​ផង​ដែរ ៕