ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

ភ្នំពេញ៖ នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកប្រាកដជាព្រួយបារម្ភអំពីសុខភាពរបស់អ្នក និងកូន។ ការព្រួយបារម្ភចម្បងរបស់មាតា គឺការលូតលាស់របស់កូននៅក្នុងផ្ទៃ និងនៅពេលដែលកូនកើតមក។ ក្នុងនោះម្តាយគ្រប់រូបក៏មានការព្រួយបារម្ភអំពី រោគសញ្ញាមួយចំនួនអំឡុងពេល មានផ្ទៃពោះ ពេលសម្រាល និង ក្រោយពេលសម្រាល។ លើសពីនេះទៅទៀត ម្តាយគ្រប់រូបតែងមានការព្រួយបារម្ភអំពីអាហារូបត្ថម្ភ និងសារធាតុបំប៉ននានាដើម្បីទ្រទ្រង់នូវសុខភាពរបស់ខ្លួន សុខភាពកូននៅក្នុងផ្ទៃ និងកូននៅពេលធំឡើង។ ការលូតលាស់របស់ទារក និងកាវិវឌ្ឍរបស់កុមារ អាស្រ័យទៅនឹងដំណាក់កាលមាសសំខាន់៣ ដូចខាងក្រោម៖
I.    ដំណាក់កាលមាសទី១ គឺការលូតលាស់របស់ទារកនៅក្នុងផ្ទៃ
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា នៅអំឡុងពេល៣ខែចុងក្រោយនៃគភ៌ ទារកនៅក្នុងផ្ទៃកំពុងលូតលាស់ធ្មេញ និងឆ្អឹង ។ ក្នុងនោះទារកពិតជាចាំបាច់ក្នុងការទាមទារនូវជាតិកាល់ស្យូមពីម្តាយរបស់ខ្លួន ដើម្បីធ្វើឲ្យឆ្អឹង និងធ្មេញលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំមានសុខភាពល្អ។ លើសពីនេះទៅទៀត កាល់ស្យូមជួយឲ្យចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

តើកង្វះជាតិកាល់ស្យូមធ្វើឲ្យម្តាយជួបនូវផលវិបាកអ្វីខ្លះ?
ប្រសិនបើម្តាយមិនទទួលទាននូវជាតិកាល់ស្យូមគ្រប់គ្រាន់ទេនោះ ម្តាយនឹងមានបញ្ហាសុខភាព ដែលទាក់ទងទៅនឹងកង្វះជាតិកាល់ស្យូម ដោយសារទារកបឺតស្រូបនូវជាតិកាល់ស្យូមពីឆ្អឹងរបស់ម្តាយ ហើយជាលទ្ធផល ឆ្អឹងម្តាយនឹងខ្សោយ រួចក្រោយមកអាចប្រឈមមុខនឹងជំងឺពុកឆ្អឹង។ លើសពីនេះទៅទៀត ស្រ្តីជាម្តាយនឹងមានបញ្ហាដូចជា៖ ពិបាកសម្រាល ឈឺក្រោមចង្កេះ រមួលក្រពើ ហើមអវ:យវ:ខាងក្រោម ឈឺសន្លាក់ ល្ហិតល្ហៃ អស់កម្លាំង និងការរលូត។ ប្រសិនបើធ្ងន់ធ្ងរជាងនេះ វាជំរុញឲ្យ សម្ពាធឈាមឡើង ពុកឆ្អឹង ឆ្អឹងទន់ អាងត្រគាកខូចទ្រង់ទ្រាយ ធ្មេញពុកឬបាក់ និងមានជំងឺផ្សេងៗ ទៀត។ ការផ្តល់អនុសាសន៍ របស់អង្គការសុខភាពពិភពលោក(WHO) ចំពោះស្រ្តីមានផ្ទៃពោះដែលខ្វះជាតិកាល់ស្យូម ការញ៉ាំកាល់ស្យូមបន្ថែមជាផ្នែកមួយនៃការថែទាំទារកក្នុងផ្ទៃ និងការទប់ស្កាត់រោគសញ្ញាបម្រុងក្រឡាភ្លើង ពិសេសគឺការឡើងសម្ពាធឈាម។ *ស្រ្តីមានផ្ទៃពោះនៅក្នុងត្រីមាសចុងក្រោយគួរតែបរិភោគកាល់ស្យូម ១២០០ មក្រ/ថ្ងៃ។
អាហារដែលសំបូរជាតិកាល់ស្យូមមានដូចជា÷

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

II.    ដំណាក់កាលមាសទី២ គឺទារកស្ថិតនៅក្នុងកំណើត ១០០០ ថ្ងៃដំបូងនៃជីវិត
ដំណាក់កាលនេះ គឺជាអំឡុងពេលដែលទារកមានការលូតលាស់ខ្លាំង ទារកពិតជាចាំបាច់ណាស់ក្នុងការនាំចូល នូវសារជាតិកាល់ស្យូមបន្ថែមស្មើនឹង ២-៤ដងធៀប នឹងមនុស្សពេញវ័យ ដោយផ្អែកទៅលើទម្ងន់ខ្លួនកុមារគិតជាគីឡូក្រាម។)
តើកង្វះនូវជាតិកាល់ស្យូមចំពោះទារក នឹងបណ្តាលឲ្យមានបញ្ហាអ្វីខ្លះ?
ចំពោះទារកធ្វើឲ្យទម្ងន់ទាប ឆ្អឹងទន់ ខ្លួនតូច ញ័រដៃជើង ស្ពឹក និងឆ្អឹងស្ពោត។ លើសពីនេះទៅទៀតនឹងមាននូវរោគសញ្ញាមួយចំនួនទៀតដូចជា ប្រកាច់ ស្ទះបំពង់ក គេងមិនលក់ អស់កម្លាំង មិនចង់ញ៉ាំអាហារ ភិតភ័យពេលយប់ យំយប់ អន្ទះអន្ទែង បែកញើស ថយចុះភាពស៊ាំ និងជំរុញឲ្យមានជំងឺ    ដូចជាផ្តាសាយ ក្តៅខ្លួន និងក្អក ដុះធ្មេញយឺតយ៉ាវ ធ្មេញមិនរឹងមាំល្អ។
តើអ្វីជាការលូតលាស់មិនប្រក្រតី (ភាពក្រិន)?
 ភាពក្រិន គឺជារោគសញ្ញានៃការលូតលាស់មិនគ្រប់លក្ខណ:នៅលើខួរក្បាល និងរាងកាយកុមារនៅពេលដែលកុមារមិនបានទទួលរបបអាហារ ឬអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងរយ:ពេល១០០០ថ្ងៃដំបូងនៃជីវិត។ យោងទៅតាមទិន្នន័យរបស់ការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា (CDHS) ឆ្នាំ២០១៤  បានឲ្យដឹងថា ៣២%នៃកុមារដែលមានអាយុក្រោម៥ឆ្នាំ គឺមានកម្ពស់ទាបបើធៀបទៅនឹងអាយុរបស់ពួកគេ ពោលគឺកុមារម្នាក់នៅក្នុងចំណោមដប់នាក់មានការលូតលាស់មិនប្រក្រតីឬភាពក្រិននេះ។ មធ្យោបាយដើម្បីជៀសវាងវាងនូវភាពក្រិនគឺ ផ្តល់អាហារដែលសម្បូរកាល់ស្យូមឲ្យបានគ្រប់គ្រាន់ដល់កុមារ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កុំលេងកីឡាលើកទម្ងន់អំឡុងពេលលូតលាស់ និងញ៉ាំអាហារសម្បូរវីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់ ។
III.    ដំណាក់កាលមាសទី៣ គឺវ័យមុនចូលសាលារៀន
ក្នុងវ័យនេះ កុមារត្រូវការនូវអាហារបំប៉នក៏ដូចជាអាហារូបត្ថម្ភជាច្រើនដើម្បីទ្រទ្រង់ដល់ការលូតលាស់ទាំងផ្នែករាងកាយ ស្មារតី និងសតិបញ្ញា។ ក្នុងការលូតលាស់ កាល់ស្យូមមានតួនាទីយ៉ាងសំខាន់។ ជាង ៩៩%នៃកាល់ស្យូមផ្ទុកក្នុងឆ្អឹង និងធ្មេញ ហើយមានមុខងារទ្រទ្រង់រាងកាយទាំងមូល ១%ទៀតជួយសម្រួលដល់កំណកឈាម ការកន្ត្រាក់សាច់ដុំ និងសរសៃប្រសាទ។ កោសិកាប្រើប្រាស់កាល់ស្យូមដើម្បីឲ្យមានសកម្មភាព និងជួយសម្រួលដល់ចលនាបេះដូងឲ្យដើរបានទៀងទាត់ផង។ កង្វះជាតិកាល់ស្យូមចំពោះកុមារ និងក្មេងជំទង់ មាននូវរោគសញ្ញាមួយចំនួនដូចជា ប្រកាច់ ឬញាក់សាច់ដុំ យំយប់ និងងាយភិតភ័យ  ធុំអាហារ ទល់លាមក រញ៉ាំរញ៉ូវ និងរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនដូចជា លលាដ៏ក្បាលសំប៉ែត ទ្រូងមាន់      ឆ្អឹងខូចទ្រង់ទ្រាយ (ក្បាលជង្គង់ចូលគ្នា ឬជើងកោង)។ លើសពីនេះទៅទៀត បើសិនកូនលោកអ្នកខ្វះជាតិកាល់ស្យូមរ៉ាំរ៉ៃ វានឹងធ្វើឲ្យសារធាតុរ៉ែរបស់ឆ្អឹងមិនប្រក្រតី ភាពរឹងមាំរបស់ឆ្អឹងថយចុះឬបាត់បង់ រោគក្រិស រមួលក្រពើ សាច់ដុំកន្ត្រាក់ជាប់។ យោងតាមស្ថិតិឆ្នាំ២០១៣នៃ United Nations Children’s Fund (UNICEF) បានឲ្យដឹងថា ក្នុងចំណោមកុមារបួននាក់នៅក្នុងពិភពលោក មានម្នាក់លូតលាស់មិនប្រក្រតី។
ជាការពិត អ្នកម្តាយគ្រប់រូបពិតជាមិនចង់ឲ្យកូនរបស់ខ្លួនលូតលាស់មិនប្រក្រតី និងមានភាពក្រិននោះទេ ដូច្នេះអ្នកម្តាយគួរតែ ផ្តល់នូវអាហារូបត្ថម្ភទាំងឡាយណា ដែលសម្បូរជាតិកាល់ស្យូមដល់កូន។
តើកុមារត្រូវការកាល់ស្យូមប្រចាំថ្ងៃប៉ុន្មាន?

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ

ដំណាក់​កាល​មាស​សំខាន់៣ ដើម្បី​សុខ​ភាព និង​ការ​លូត​លាស់​របស់​ទារក និង​កុមារ