ចុះអ័ព្ឌខ្លាំងនៅតំបន់ Urumqi ប្រទេសចិន ធ្វើឲ្យជើងហោះហើរពន្យារពេល

URUMQI៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មន្រ្តីឧត្តុនិយមប្រចាំប្រទេសចិនបានឲ្យដឹងថា អ្នកធ្វើដំណើរលើសពី ៥០០០ នាក់ ត្រូវបានកកស្ទះនៅព្រលានយន្តហោះ Urumqi នាភាគពាយព្យប្រទេសចិន បន្ទាប់ពីមានការចុះអ័ព្ឌយ៉ាងខ្លាំងនៅតំបន់នោះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថា កាលពីព្រឹក ម៉ោង ១០ និង ៣០នាទីព្រឹកនេះ (ម៉ោងក្នុងតំបន់) ជើងហោះហើរទៅក្រៅស្រុកប្រមាណជា ៥២ ត្រូវចេញដំណើរ ត្រូវបានពន្យារពេល និង ជើងហោះហើរក្នុងស្រុក ០៦ផ្សេងទៀត ត្រូវបានរៀបចំឡើងវិញឲ្យចុះចតនៅព្រលានយន្តហោះ Kashgar ខាងត្បូងទីក្រុង Xinjaing និង ព្រលានយន្តហោះ Lanzhou នៅខេត្ត Gansu។ មន្រ្តីនៅព្រលានយន្តហោះបានឲ្យដឹងថា នៅថ្ងៃសុក្រនេះ ជើងហោះទៅក្រៅស្រុកមានរហូតទៅដល់ ២០៩ ដែលក្នុងនោះមាន ជើងហោះហើរបានចាកចេញ ១០ កាលពីព្រឹកម៉ោង ៩នេះ និង ០៤ផ្សេងទៀតត្រូវបានលុបចោល។

គួរបញ្ជាក់ផងដែរថា ការចុះអ័ព្ឌនេះ បានធ្វើឲ្យស្រអាប់ពេញផ្លូវចម្ងាយជា ៥០០ ម៉ែត្រពីព្រលានយន្តហោះ។ អាជ្ញាធរព្រលានយន្តហោះបានធ្វើឱ្យសកម្មភាព ឆ្លើយតបជាបន្ទាន់ចំពោះការរំខានពីបញ្ហានេះ៕