ថ្ងៃទី​៣០​វិច្ឆិកា សវនាការ​ក្នុង​សំណុំរឿង​០០២​វគ្គ​២ នឹង​ឈានដល់​អង្គហេតុ ការប្រព្រឹត្ត​ទៅលើ​ជនជាតិ​វៀតណាម​

ភ្នំពេញ: សវនាការ​សួរដេញដោល​លើ​ភស្តុតាង​ក្នុង​សំណុំរឿង​០០២/០២ នឹង​ចាប់ផ្តើម​បន្ត​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជាមួយនឹង​ការផ្តល់​ស​ក្តី​កម្ម​របស់​សាក្សី​មួយរូប​ទាក់ទង​នឹង​អង្គហេតុ ការដ្ឋាន​ការងារ​ទំនប់​ត្រពាំងថ្ម បន្ទាប់មក​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នឹង​ស្តាប់​ភស្តុតាង​ទាក់ទង​នឹង​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត​ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​អនុវត្ត​ប្រឆាំងនឹង​ជនជាតិភាគតិច​វៀតណាម​នៅ​កម្ពុជា​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា សាក្សី និង ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​១០ រូប ត្រូវបាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការផ្តល់​សក្ខីកម្ម​នៅក្នុង​អំឡុងពេល​សវនាកា​រលើ​ផ្នែក​នេះ​ក្នុង​សំណុំរឿង​០០២/០២​។ អង្គជំនុំជម្រះ​ក៏​កំពុង​ពិចារណា​ផងដែរ​ថា តើ​ត្រូវ​ស្តាប់​សក្ខីកម្ម​របស់​អ្នកជំនាញ​លើ​អង្គហេតុ​នេះដែរ​ឬ​យ៉ាងណា​។

​តាម​ដីកា​ដំណោះស្រាយ គោលនយោបាយ​មួយ​ក្នុងចំណោម​គោលនយោបាយ​ចំនួន ៥ ដែល​អនុវត្ត​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា (​ប​.​ក​.​ក​) ដើម្បី​ការពារ​បដិវត្តន៍សង្គម​និយម គឺ​ការដាក់​ក្រុម​ជាក់លាក់ ជា​គោលដៅ​តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​ចាំបាច់​នានា​។​

​ទាក់ទង​នឹង​ផ្នែក​ស្តីពី​ជនជាតិ​វៀតណាម ដីកា​ដំណោះស្រាយ​គូសបញ្ជាក់ថា គោលនយោបាយ​នេះ​មាន​អត្ថិភាព​នៅមុន​ឆ្នាំ ១៩៧៥ និង​រីក​រាលដាល​ពេញ​មួយ​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ យ៉ាងហោចណាស់​រហូតដល់​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩​។

​កាលពី​ដំបូង ប​.​ក​.​ក ត្រូវបាន​ចោទប្រកាន់ថា បាន​ផ្តោតទៅលើ​ការបណ្តេញ​ជនជាតិ​វៀតណាម​ទាំង​អស់ពី​ទឹកដី​កម្ពុជា និង បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ​។ តាម​ដីកា​ដំណោះស្រាយ​គោលនយោបាយ​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ១៩៧៣ និង​ត្រូវបាន​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ១៩៧៥ និង ១៩៧៦​។ ចាប់ពី​ខែ មេសា ឆ្នាំ ១៩៧៧ ប​.​ក​.​ក ត្រូវបាន​ចោទប្រកាន់ថា បាន​មាន​ចេតនា​ជំរុញ​គោលនយោបាយ​នេះ​តាមរយៈ​ការបំផ្លិចបំផ្លាញ​ទាំងស្រុង ឬ មួយផ្នែក​នូវ​ក្រុម​ជនជាតិ​វៀតណាម​។

​នៅក្នុង​ខេត្តស្វាយរៀង និង ព្រៃវែង កម្មាភិបាល ប​.​ក​.​ក ត្រូវបាន​ចោទប្រកាន់ថា បានធ្វើការ​ចាប់ខ្លួន និង​សម្លាប់​ជនជាតិ​វៀតណាម​ជា​ប្រព័ន្ធ​តាមរយៈ​ការធ្វើដំណើរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ឬ ហៅ​ទៅ​ប្រជុំ​ដើម្បី​ចុះឈ្មោះ​ជាតិពន្ធុ​វៀតណាម និង​ការប្រើប្រាស់​បញ្ជី​ឈ្មោះ​ប្រជាជន​វៀតណាម ដែល​បានរៀបចំ​ទុកជាមុន​នៅពេល​ធ្វើការ​ចាប់ខ្លួន​។

​ដីកា​ដំណោះស្រាយ​បាន​ចោទប្រកាន់ថា នួន ជា និង ខៀវ សំផន​ជា​អ្នកទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ជា​លក្ខណៈ បុគ្គល​ចំពោះ ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​មកលើ​ក្រុម​ជនជាតិ​វៀតណាម ក្នុងអំឡុងពេល​ខាងលើ​តាមរយៈ​តួនាទី​នានា​របស់​ពួកគាត់​ក្នុង​ជួរ ប​.​ក​.​ក ។​

​សំណុំរឿង ០០២/០២ គឺជា​ការជំនុំជម្រះ​ដំណាក់កាល​ទី​ពីរ​ទៅលើ នួន ជា និង ខៀវ សំផន និង​ដែលមាន​បទ​ចោទ​អំពី អំពើ​ប្រល័យពូជសាសន៍ ទៅលើ​ប្រជាជន​ចាម និង​ប្រជាជន​វៀតណាម ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការរំលោភ​ផ្លូវភេទ នៅក្នុង​បរិបទ​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​បោសសម្អាត​ផ្ទៃក្នុង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​ទៅលើ ពុទ្ធសាសនិក​និង​អតីត​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ព្រមទាំង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ ចំនួន​បួន ការដ្ឋាន​ការងារ​ចំនួន​បី និង​សហករណ៍​មួយ​។

​នៅពេល​សវនាការ​លើ​អង្គហេតុ​ទី​បី ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​លើ​ក្រុម​គោលដៅ​ជាក់លាក់​កំពុងតែ​ដំណើការ មកទល់នឹង​ពេលបច្ចុប្បន្ន អង្គជំនុំជម្រះ​បាន​ស្តាប់  សក្ខីកម្ម​របស់​សាក្សី​ចំនួន ៤៨ រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​២៩ រូប​និង​អ្នកជំនាញ​មួយរូប​ក្នុងអំឡុងពេល សវនាការ​ចំនួន​១១៤ ថ្ងៃ​៕​