ប្រជាពលរដ្ឋ​ចាប់ចោរ​គាស់​សោរ​បន្ទប់​ផ្ទះជួល​បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ភ្នំពេញ: ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍ទឹកថ្លា ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី ខណៈដែល​ជននេះ​បានធ្វើសកម្មភាព គាស់​បន្ទប់​ផ្ទះ​លួច​យក​ទូរ​សព្ទ​ដៃ​២​គ្រឿង បានសម្រេច​។​

​ហេតុការណ៍​ឃាត់ខ្លួន​យុវជន​ខាងលើនេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកាឆ្នាំ​២០១៥ នៅផ្ទះ​លេខ​១៨​ផ្លូវ​K4A ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​
សែន​សុខ​។​

​ជនសង្ស័យ​ឈ្មោះ​ម៉ុ​ន ម៉ាប់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅផ្ទះជួល​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ចំណែក​ជនរងគ្រោះ​​មានឈ្មោះ​សេង សុគន្ធា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់ នៅផ្ទះ​លេខ​១៨​ផ្លូវK៤A ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​និយាយថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺមាន​ប្រជាពលរដ្ឋ​បានទូរស័ព្ទ​មក​ប្រាប់ថា​មាន​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ ខណៈនោះ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​គឺ​ត្រូវបានប្រជាពលរដ្ឋ​ក្របួច​ជាប់​ហើយ​បានប្រគល់​យកមក​អោយ​សមត្ថកិច្ច​រួមទាំងមាន​វត្ថុតាង​ទូរស័ព្ទដៃ​២​គ្រឿង​ម៉ាក​សាំ​សុង​ពណ៌​ស​មួយគ្រឿង និង​ម៉ាក​LGមួយគ្រឿង​និង​លុយ​ខ្មែរ​ចំនួន​បី​ម៉ឺន​រៀល​កងដៃ​ចំនួន​ប្រាំ ហើយ​បាន​ប្រគល់អោយម្ចាស់​វិញ​ហើយ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ពេលនេះ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាននគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់កា​តាមផ្លូវ​ច្បាប់​៕​