៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​មាន​ទេសចរ​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ជិត​១០​ម៉ឺន​នាក់

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​មូលដ្ឋាន​នេះ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឆ្នាំ​នេះ បាន​កើន​ជិត ១០​ម៉ឺន (៩៨.១០៣) នាក់។

​រីឯ​បញ្ហា​សន្តិសុខ​វិញ កម្លាំង​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​តំបន់​ឆ្នេរ ឬ​កោះ​ជាដើម ទទួល​បាន​លទ្ធផល​ល្អ ដោយ​គ្មាន​បទល្មើស​ចោល​លួច ឆក់ ឬ​ប្លន់​កើត​ឡើង​ទេ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល បាន​បង្ហាញ​ស្ថិតិ​ថា កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ជាប់​សមុទ្រ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បាន​កើន​ជិត ២០​ភាគរយ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៤។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន ៨៦.៨២១​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន ១១.២៨២​នាក់។

លោក នូ សុផល ឲ្យ​ដឹង​ទៀត​ថា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​ទៅ​កម្សាន្ត​តាម​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ មាន ៣.៧៥០​នាក់។

​ទាក់ទិន​បញ្ហា​នេះ លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន​បាន​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ ឬ​កោះ​ជាដើម មាន​សន្តិសុខ​ល្អ ដោយ​គ្មាន​បទល្មើស​ផ្សេងៗ​កើត​ឡើង​ទេ។ បញ្ហា​នេះ​លោក​ស្នងការ​បញ្ជាក់​ថា នៅ​មុន​ថ្ងៃ​ពិធី​បុណ្យ​អុំ​ទូក​ចូល​មក​ដល់​លោក​បាន​បែងចែក​កម្លាំង​ជំនាញ​ដើម្បី​ទទួល​ខុស​ត្រូវ​នៅ​តាម​គោលដៅ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត រង់ចាំ​ពង្រឹង​សន្តិសុខ ដោយ​ប្ដូរ​វេន​ប្រចាំការ​ទាំង​យប់​ថ្ងៃ៖ «»។

ជាង​នេះ​ទៀត លោក ជួន ណារិន្ទ ក៏​បាន​ឲ្យ​ដឹង​ថា លោក​បាន​សហការ​ជាមួយ​កម្លាំង​ស្ថាប័ន​ជំនាញ​ដទៃ​ទៀត​ដើម្បី​ចុះ​ល្បាត​ទាំង​នៅ​លើ​ដី​គោក ពិសេស​ភ្ញៀវ​ដែល​និយម​ទៅ​កម្សាន្ត​តាម​កោះ ដោយ​បាន​ចុះ​អប់រំ ឬ​ណែនាំ​អំពី​វិធី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ថែម​ទៀត។ លោក​បន្ត​ថា ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៥​ករណី ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ៖ «»។

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវទេសចរ​ជាតិ ដែល​ចូល​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់​ឃើញ​ថា តម្លៃ​សេវា​ស្នាក់នៅ និង​អាហារ​ហូបចុក​ជាដើម ត្រូវ​ក្រុម​អាជីវករ​ដំឡើង​ថ្លៃ​ខ្ពស់​ទ្វេ​ដង​បើ​ប្រៀបធៀប​តម្លៃ​បម្រើ​សេវា​ថ្ងៃ​ធម្មតា។

ត្រង់​ចំណុច​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់ ស៊ី.អិន.រ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់​នៅ ឬ​ម្ហូប​អាហារ ពិសេស​សេវា​បម្រើ​នៅ​ឆ្នេរ​អូរ​ឈើទាល ថា​មាន​តម្លៃ​ខ្ពស់​កប់​ពពក​នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ ឬ​បុណ្យ​ឆ្លង​ឆ្នាំ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​មិន​ទាន់​បាន​ល្អ៖ «»។

ជាង​នេះ​ទៀត ភ្ញៀវ​ទេសចរ​បាន​រអ៊ូរទាំ​ថា ខេត្ត​ព្រះសីហនុ មិន​មាន​ឆ្នេរ​ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចូល​ទស្សនា ឬ​ងូត​ទឹក​សមុទ្រ​កម្សាន្ត​នោះ​ទេ ព្រោះ​ឃើញ​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​របង​ទុក​ចោល គ្មាន​ការ​អភិវឌ្ឍ ហើយ​ទេសចរ​មិន​អាច​ដើរ​ឆ្លង​កាត់​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។