លោក​ហូ​ឡង់ ពេល​ទៅ​រុ​ស្ស៊ី ព្រមព្រៀង​គ្នា​ជាមួយ​លោកពូ​ទី​ន រួម​សហការ​ប្រឆាំង​ក្រុម​ដ្ឋ​អ៊ិ​ស្លា​ម

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​នា​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​ក្រុង​មូ​ស្គូ ពី​បំណង​រួម​បង្កើន​ការ​ផ្លាស់​ប្តូរ​ព័ត​ឥ​មាន​ស៊ើបការណ៍​គ្នា ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

បន្ទាប់​ពី​ពិធីជប់លៀង​ការងារ​មួយ ប្រធានាធិបតី​រុ​ស្ស៊ី និង​បារាំង​បាន​ព្រមព្រៀង​គ្នា​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដោយ​រក្សា​ទុក​បណ្តា​ក្រុម​ប្រដាប់​អាវុធ​មូលដ្ឋាន​ដែល​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ រហូត​មក​ទល់​ពេល​នេះ ពួក​លោក​ខាងលិច​បាន​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា វាយប្រហារ​លើ​ពួក​ឧទ្ទាម​ដែល​ប្រទូស្ត​រ៉ា​យ​នឹង​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ។

នៅ​មុខ​សារព័ត៌មាន​ឯ​វិមាន​ក្រឹម​ឡាំង លោក​ហូ​ឡង់ មាន​ប្រសាសន៍​ថា យើង​នឹង​បង្កើន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ស៊ើបការណ៍​គ្រប់​ប្រភេទ ហើយ​ជា​ពិសេស​រវាង​កងទ័ព​យើង ។ ការ​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​បង្កើន ហើយនឹង​ជា​កម្មវត្ថុ​នៃ​ការ​សម្របសម្រួល​គ្នា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ពិសេស​លើ​ការ​ដឹក​ជញ្ជូន​ប្រេងកាត ។

លោក​បន្ត​ថា ម្យ៉ាងវិញទៀត បណ្តា​កងកម្លាំង​ដែល​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រមទាំង​ក្រុម​ភេរវកម្ម​ឯទៀត​ៗ​នឹង​ពុំ​ត្រូវ​រង​ការ​វាយប្រហារ​របស់​កង​យន្តហោះ​យើង​ឡើយ រួច​យើង​ត្រូវ​ផ្តោត​ការ​វាយប្រហារ​លើ​បណ្តា​ក្រុម​ភេរវកម្ម និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ចំណែក​លោកពូ​ទី​ន វិញ​គូសបញ្ជាក់​ថា រុ​ស្ស៊ី​ត្រៀម​រួមចំណែក​ជាក់ស្តែង​ដល់​ការ​បង្កើត​ក្រុមចម្រុះ​ប្រឆាំង​ភេរវកម្ម​ដ៏​ធំ​ទូលាយ​បំផុត​មួយ ពោល​គឺ​រណសិរ្ស​ប្រឆាំង​ភេរវកម្ម​មួយ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

លើ​វាសនា​របស់​លោក​បា​ចា អាល់​អាសា​ដ ពុំ​មាន​ជំហរ​ស្របគ្នា​ឡើយ ដោយ​លោកពូ​ទី​ន បដិសេធ​ជា​និច្ច​ពុំ​យល់​ស្រប​នឹង​គំនិត​របស់​ពួក​លោក​ខាងលិច ដែល​ចាត់​ទុក​ប្រធានាធិបតី​ស៊ី​រី​ជា​អ្នក​ទទួលខុសត្រូវ​លើ​សង្គ្រាមស៊ីវិល​ជិត​៥​ឆ្នាំ ហើយ​ចង់​ឃើញ​លោក​អាសា​ដ​ចាក​ចេញពី​អំណាច ។

លោក​ហូ​ឡង់ លើក​ឡើង​ពី​គំនិត​ប្រគល់​អំណាច​ប្រតិបត្តិ​ដល់​រដ្ឋាភិបាល​រួបរួម​ជាតិ​ឯករាជ្យ​មួយ​អំឡុង​ពេល​ឆ្លងកាត់​ដែល​នាំ​ទៅ​រក​ការ​បោះ​ឆ្នោត ។

ក្រុង​មូ​ស្គូ​គឺជា​ដំណាក់កាល​សំខាន់​មួយ​នៃ​ម៉ា​រ៉ា​តុង​ការទូត​របស់​ប្រធានាធិបតី​បារាំង ដើម្បី​ប៉ុនប៉ង​ប្រមូលផ្តុំ​ការ​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​អាក្រក់​បំផុត​នៅ​ក្រុងប៉ារីស​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក៏​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​តំបន់​ស៊ី​ណៃ​អីុអេ​ហ្ស៊ី​ប ដែល​ដឹក​អ្នកទេសចរ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់ ។

ក្រៅពី​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​មូ​ស្គូ លោក​ហូ​ឡង់ ក៏​អំពាវនាវ​ឱ្យ​មាន​សាមគ្គីភាព​របស់​អឺរ៉ុប​ផង​ដែរ ។ ប្រទេស​អា​ល្លឺ​ម៉​ង់​យល់ព្រម​ចូលរួម​ក្នុង​បេសកកម្ម​ការពារ ស៊ើបការណ៍ និង​ផ្តល់​ភស្តុ​ភារ​ដល់​បណ្តា​ប្រតិបត្តិការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។

ទោះបី​លោកពូ​ទី​ន និយាយ​ថា ត្រៀមប្រយុទ្ធ​ប្រឆាំង​សត្រូវ​រួម​មួយ និង​ចូលរួម​ក្នុង​ក្រុមចម្រុះ​ធំ​តែ​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដូច​បំណង​របស់​លោក​ហូ​ឡង់​ក្តី តែ​ក្រុមចម្រុះ​ធំ​នេះ​ហាក់​ពិបាក​បង្កើត​ឡើង​បាន មក​ពី​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង និង​ភាព​តានតឹង​នានា​នៅ​លើ​ទីលាន ។ នា​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា លោកពូ​ទី​ន នៅ​តែ​ប្រើ​ពាក្យពេចន៍​ធ្ងន់​ៗ​ចំពោះ​តួ​ក​គី សមាជិក​អូតង់​ដែល​លោក​ចោទប្រកាន់​ថា បិទ​ភ្នែក​ចំពោះ​ការ​រត់ពន្ធ​ប្រេង​មក​ពី​បណ្តា​តំបន់​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕