និស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ២៥នាក់ បង្កើត ខ្សែភាពយន្ត ឯកសារ ពីភាពចម្រូងចម្រាសសង្គម និងការអភិវឌ្ឍ

ភ្នំពេញ៖ និស្សិតដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២៥នាក់ បានបង្កើតខ្សែភាពយន្តឯកសារ ចំនួន៨ លើតថភាព និងការវិវឌ្ឍសង្គមកម្ពុជា រួមមាន វិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ការអប់រំ  ភាពចម្រូងចម្រាស និងជាពិសេសការផ្សារភ្ជាប់ ការរស់នៅរបស់ប្រជាជនកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយទៀត ក្នុងទិសដៅធ្វើការ ផ្សះផ្សារតាមរយៈការយល់ដឹងពីប្រវត្តិសាស្រ្ត។

ខ្សែភាពយន្តឯកសារទាំង៨នោះ នឹងត្រូវដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី០៤ ខែធ្នូ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៥ល្ងាចតទៅ នៅក្នុងបរិវេណ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក្បែរវិទ្យាស្ថានភាសារបរទេស (IFL)។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានដាក់សម្ពោធខ្សែភាពយន្តឯកសារ ដែលស្ថិតក្រោមគម្រោង “កម្ពុជា មិនបញ្ចេញយោបល់ វគ្គទី៣”។ ការបង្កើតខ្សែភាពយន្តឯកសារទាំងនេះឡើង គឺជាគម្រោងប្រចាំឆ្នាំ (Project 3) ក្រោមកិច្ចសហការរវាង ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) និង អង្គការកិច្ចសហប្រតិបត្តការអាល្លឺម៉ង់ (GIZ) ផ្តល់ឱកាសដល់និស្សិត បន្ទាប់ពីពួកគេបានបញ្ចប់វគ្គសិក្សា ស្តីពីការផលិតព័ត៌មានសោតទស្សន៍ នៅក្នុងឆ្នាំ ២០១៥៕