JITCO សន្យាថា នឹងព្យាយាមសម្រួល ឱ្យពលករខ្មែរ ទៅធ្វើការនៅ ប្រទេសជប៉ុន កាន់តែច្រើនឡើង

ភ្នំពេញ៖ តំណាងអង្គការ សហប្រតិបត្តិការ បណ្តុះបណ្តាល អន្តរជាតិជប៉ុន ( JITCO) ដែលមានបេសកកម្ម បណ្តុះ បណ្តាលពលករខ្មែរ ទៅធ្វើការនៅប្រទេស ជប៉ុន បានសន្យាថា នឹងខិតខំសម្រួលឱ្យ ពលករខ្មែរធ្វើទៅការនៅ ប្រទេស ជប៉ុន ឱ្យបានកាន់តែច្រើនឡើង។

ការសន្យារបស់អង្គការJITCO បានធ្វើឡើងបន្ទាប់ពី លោក YUZO HAYAHI តំណាងអង្គការនេះ បានជួបពិភាក្សា ជា មួយ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

លោក YUZO HAYAHI បានលើកឡើងថា ភាគីជប៉ុននឹងប្រឹងប្រែងរកលទ្ធភាពដើម្បីទទួលពលករកម្ពុជា ឱ្យបាន កាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើន ទំនាក់ទំនងការទូត និងទំនាក់ទំនងសេដ្ឋកិច្ច។ លោកថា ជារៀងរាល់ឆ្នាំជប៉ុន បានទទួលបណ្តុះបណ្តាលជំនាញ ដល់ពលករមកពីប្រទេសជាច្រើន មានរហូតដល់ទៅជិត២០ម៉ឺននាក់នៅជប៉ុន ក្រោយមកពួកគេបាននាំនូវចំណេះដឹងទៅពង្រីកសេដ្ឋកិច្ចរបស់គេ។  

លោកបានបន្ថែមថា ពលករដែលទៅទទួលការបណ្តុះបណ្តាលនៅជប៉ុន ពួកគេបានទទួលមកវិញនូវអត្ថប្រយោជន៍ ៣សំខាន់គឺ បច្ចេកទេស ភាសារ និងបានដឹងអំពី បែបបទធ្វើការងារ របស់ក្រុមហ៊ុនជប៉ុននីមួយៗ ហើយក្រោយ ត្រលប់ មកវិញពួកគេ បានយកចំណេះដឹងទាំងនោះមក អនុវត្តន៍ និងអភិវឌ្ឍប្រទេស របស់គេរៀងៗខ្លួន។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានស្វាគមន៍ចំពោះការលើកឡើង របស់តំណាងអង្គការ JITCO និងអរគុណ ចំពោះភាគីជប៉ុន ដែលតែងតែទទួលពលករកម្ពុជា យកទៅបណ្តុះ បណ្តាល លើគ្រប់មុខជំនាញ ហើយឥឡូវនេះពួកគេបានក្លាយជាធនធានមួយ ដ៏សំខាន់របស់កម្ពុជា និងបានចែក ចាយ នូវចំណេះដឹងទាំងឡាយដែលពួកគេមានបន្តទៅអ្នកដទៃទៀត។ លោកថា ពលករកម្ពុជាបច្ចុប្បន្ននេះ កំពុង បំរើការងារនៅក្នុងប្រទេសជប៉ុន ប្រមាណជា២ពាន់នាក់។

លោករដ្ឋមន្រ្តី បានបន្ថែមថាក្រៅពីទំនាក់ទំនងការងារ បច្ចេកទេស និងការទូតល្អ ប្រទេសទាំងពីរក៏បានសិក្សាស្វែង យល់ ពីគ្នាផងដែរនូវលើវប្បធម៌ ប្រពៃណី ភាសារការរស់នៅរវាងប្រជាជនទាំងពីរ៕

JITCO សន្យាថា នឹងព្យាយាមសម្រួល ឱ្យពលករខ្មែរ ទៅធ្វើការនៅ ប្រទេសជប៉ុន កាន់តែច្រើនឡើង