សិស្សវិទ្យាល័យជប៉ុន នឹងទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញ ការយល់ដឹង អំពីជប៉ុន JENESYS 2015

ភ្នំពេញ ៖ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ក៏ដូចជា ជំរុញការយល់ដឹង អំពីប្រទេសជប៉ុន ដែលដំណើរការ ដោយរដ្ឋាភិ បាលជប៉ុន សិស្សវិទ្យាល័យប្រទេសជប៉ុន ចំនួន ២១នាក់ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៨ថ្ងៃ គឺចាប់ ពីថ្ងៃទី១-៨ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី ២៧ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូនឹងធ្វើដំណើរ មកប្រទេសកម្ពុជា ក៏ដូចជា ប្រទេសផ្សេងៗទៀត ហើយនឹងធ្វើការផ្លាស់ប្តូរយោបល់ អំពីនយោបាយ និងសង្គមជាតិជាដើម របស់ប្រទេសជប៉ុន ហើយធ្វើការផ្សព្វផ្សាយវប្បធម៌ និងភាពទាក់ទាញ នៃធម្មជាតិរបស់ជប៉ុន ដើម្បីជំរុញឲ្យប្រជាជន នៃប្រទេស នីមួយៗយល់ដឹងពីប្រទេសជប៉ុន ។

សេចក្តីប្រកាស បានឲ្យដឹងទៀតថា ពួកគេនឹងជួបប្រាស្រ័យផ្ទាល់ជាមួយសង្គម វប្បធម៌ និងមនុស្សម្នា នៅប្រទេស នីមួយៗ ទទួលបទពិសោធន៍ ដើម្បីភាពរីកចម្រើនលូតលាស់ ក្នុងនាមធនធានមនុស្សជំនាន់ក្រោយ ដោយមានចក្ខុ វិស័យជាសាកលដែលគេសង្ឃឹមថា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹង ពីគ្នាទៅវិញទៅមក រវាងកម្ពុជា-ជប៉ុន ៕