នាយករដ្ឋមន្រ្តីកម្ពុជា ឧបត្ថម្ភ សំបុត្រយន្តហោះ ដល់ពលការិនី រងគ្រោះ ២នាក់ នៅម៉ាឡេស៊ី ឲ្យត្រឡប់មកវិញ

ភ្នំពេញ៖ ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅទីក្រុងកូឡាឡាំពួ ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ ឲ្យពលការិនី២នាក់ ដើម្បីបានវិលត្រឡប់មកកម្ពុជាវិញ។

សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ពលការិនីរងគ្រោះទាំងពីរ មានឈ្មោះ ហឿន សុខនា និងកេត ស្រីលាភ ពួកគេបានទៅធ្វើការតាមរយៈមេខ្យល់ និងក្រុមហ៊ុន ហើយជួបប្រទះការលំបាកក្នុងការងារ បានមកសុំឲ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ជួយឲ្យបានវិលត្រឡប់មកស្រុកកំណើតវិញ។

ពលការិនី កេត ស្រីលាភ នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ បានទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទិ១៩ មករា ឆ្នាំ២០១៤។នាងបានមកដល់ភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា ម្សិលមិញ នៅម៉ោង៧និង៥០នាទីយប់ តាមជើងយន្តហោះ AK៥៣៦។

ចំណែកពលការិនី ហឿន សុខនា នៅឃុំជីរោងទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានមកម៉ាឡេស៊ីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Phillimore មកធ្វើការ ជាអ្នកបោសសំអាតឲ្យក្រុមហ៊ុន Dust off Clean Team Sdn.Bhd ពលការិនីរូបនេះ នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី២៨ វិច្ឆិកា ស្អែកនេះ ម៉ោង៧និង៥០នាទីព្រឹក តាមជើងយន្តហោះAK៥៣៦។

អំឡុងពេលរង់ចាំ ការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុក ជូនពលការិនីទាំងពីរនាក់នេះផងដែរ៕