អ្នកនាំពាក្យ CPP ៖ បន្ត​វប្បធម៌​សន្ទនា​លុះត្រា CNRP បង្ហាញ​ភាពស្មោះត្រង់

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បាន​ថ្លែងថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បន្ត​វប្បធម៌​សន្ទនា​នោះ​លុះត្រាតែ​គណបក្ស​នេះ​ត្រូវ​បង្ហាញ​នូវ ភាពស្មោះត្រង់​ជាមួយគ្នា គ្រា​ដែល​កន្លងមកនេះ មេដឹកនាំ​CNRP បាន​អនុវត្ត​នយោបាយ​ចាប់ដៃ ជាន់​ជើង ដែល​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​ត្រូវ​បរិ​យា​ជ័យ ។  

​    ​ការ​ថ្លែង​បែប​នោះ​ធ្វើឡើង បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់ CNRP បាន​បង្ហើប​ព័ត៌មាន​ថា នា​សប្តាហ៍​នេះ នឹងមាន​ការជួប​គា្ន​រវាង​ថ្នាក់ដឹកនាំ CPP និង CNRP ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​បន្ធូ​បន្ថយកំដៅ​នយោបាយ ដែល​កំពុង​កើត​មាននៅ​កម្ពុជា ។  

​     ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ លោក ឈឹម ផល​វរុណ ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដកស្រង់​សំដី​មក​ចុះផ្សាយ​ថា CPP មិនទាន់​ទទួលបាន​ព័ត៌មាន​ដូចដែល​មន្ត្រីជាន់ខ្ពស់ CNRP បានលើកឡើង​នោះទេ ។ ប៉ុន្តែ​លោក​បញ្ជាក់ថា វប្បធម៌​សន្ទនា​ត្រូវការ​ភាពស្មោះត្រង់​មិនមែន​និយាយ​ផ្សេង ធ្វើ​ផ្សេង​នោះទេ ដូចជា​កន្លងទៅនេះ លោក កឹម សុខា អនុប្រធាន CNRP បាន​និយាយ​វាយប្រហារ​ជា​បន្តបន្ទាប់​មកលើ​ថ្នាក់ដឹកនាំ CPP ពិសេស មកលើ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដែល​បញ្ហា​នោះបាន​បង្ហាញ​ឲ្យ​ឃើញថា ថ្នាក់ដឹកនាំ​CNRP គ្មាន​ចេតនា​ណាមួយ​ដើម្បី​ភ្ជាប់​វប្បធម៌​សន្ទនា​ឡើងវិញ​នោះឡើយ ។  

​    ​លោក ឈឹម ផល​វរុណ បាន​អះអាងថា អ្វីដែល​លោក កឹម សុខា បាន​ផ្តើមគំនិត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ឡើងវិញ​នោះ គឺជា​ការយក​ប្រៀប​ឬ ឥទ្ធិពល​លើ​លោក សម រង្ស៊ី តែប៉ុណ្ណោះ ព្រោះថា លោក កឹម សុខា ធ្វើ​ដូច្នេះ​ដើម្បី​បង្ហាញថា លោក​ក៏មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​គណបក្ស​និង​ដោះស្រាយ បញ្ហានយោបាយ​ដោយ​មិនចាំបាច់​មាន​លោក សម រង្ស៊ី នោះឡើយ ។  

​    ​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ មន្ត្រី​អ្នកនាំពាក្យ CNRP បាន​អះអាងថា អំឡុង​សប្តាហ៍​នេះ នឹងមាន​ការជួបគ្នារ​វាង​មេដឹកនាំ CPP និង CNRP ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ករណី​លោក សម រង្ស៊ី និង​ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ក្នុងនោះ​ក៏​នឹងមាន​ការលើកឡើង​អំពី​អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ CNRP ពីររូប​ផងដែរ ។

​    ​មន្ត្រី អ្នកនាំពាក្យ​រូប​នោះបាន​បញ្ជាក់ថា ការជួបគ្នា​នោះ​គឺជា​ការបន្ត​នូវ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ ដើម្បី​ឈានឆ្ពោះ​ទៅរក​ដំណោះស្រាយ​នយោបាយ ដែល​កំពុង​ឡើង​កំដៅ​ផងដែរ​៕

អ្នកនាំពាក្យ CPP ៖ បន្ត​វប្បធម៌​សន្ទនា​លុះត្រា CNRP បង្ហាញ​ភាពស្មោះត្រង់