សម្តេច​ហ៊ុនសែន ចេញ​លុយ​ថ្លៃ​សំបុត្រ​យន្តហោះ ឲ្យ​ពល​ការិនី​ខ្មែរ​ពីរ​នាក់​ទៀត វិល​មកពី​ម៉ាឡេស៊ី​

ភ្នំពេញ: ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បានប្រកាសថា ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ពីថ្ងៃ​ទី ២០-២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឧបត្ថម្ភ​ថ្លៃ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​ចំនួន ២​រូប មានឈ្មោះ ហឿន សុខ​នា និង កេ​ត ស្រី​លាភ ដើម្បី​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

​លោក​ជុំ​សុន្ទរី លើកឡើងថា ពល​ការិនី​ខ្មែរ រងគ្រោះ​ចំនួន ២ រូបនេះ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់ និង​ក្រុមហ៊ុន ហើយ​ជួបប្រទះ​ការលំបាក​ក្នុង​ការងារ បានមក​សុំ​ឲ្យ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី  អន្តរាគមន៍​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។  

​លោក​ជុំ​សុន្ទរី លើកឡើងថា ពល​ការិនី កេ​ត ស្រី​លាភ  នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ រាជធានី​ភ្នំពេញ បាន​ទៅធ្វើ​ការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៤​។ នាង​បាន​មកដល់​ភ្នំពេញ កាលពី​ថ្ងៃទី​២៦  ខែវិច្ឆិកា ឆ្នាំ​២០១៥  វេលា​ម៉ោង ៧ និង ៥០ នាទី​យប់ តាម​ជើងយន្តហោះ AK៥៣៦​។ ចំណែក​ពល​ការិនី ហឿន សុខ​នា នៅ​ឃុំ​ជី​រោង​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានមក​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ ២០១៥ តាមរយៈ ក្រុមហ៊ុន Phillimore មក​ធ្វើការ ជា​អ្នក​បោសសំអាត​អោយ​ក្រុមហ៊ុន Dust off Clean Team Sdn. Bhd ។  ពល​ការិនី ហឿន សុខ​នា នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ៧ និង ៥០ នាទី ព្រឹក តាម​ជើងយន្តហោះ AK៥៣៦​។​

​លោក​ជុំ​សុន្ទរី បាន​លើកឡើងថា កំឡុងពេល​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក​ជូន​ដល់​ពល​ការិនី​ទាំង​០២ នាក់​៕