ជប៉ុន ផ្តល់ជំនួយជាង ១,២លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម ដើម្បីធានា ដល់ដំណើរការ នៅដំណាក់កាលសំខាន់

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ ប្រមាណ ១.២២១.១៨១ដុល្លារ ថែមទៀត ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដើម្បីធានាដំណើរការក្តី ក្នុងការបញ្ចប់អាណត្តិដ៏សំខាន់របស់ខ្លួន ដោយគ្មានការរាំងស្ទះ។ នេះបើតាមការប្រកាសរបស់ សាលាក្តីខ្មែរក្រហម។

រដ្ឋាភិបាលជប៉ុន ជាប្រទេសម្ចាស់ជំនួយធំជាងគេ របស់សាលាក្តីខ្មែរក្រហម ចាប់តាំងពីសាលាក្តីនេះ បានដំណើរការតាំងពីដំបូងម្ល៉េះ។ តាមការប្រកាស រហូតដល់ពេលនេះ សាលាក្តីខ្មែរក្រហម បានទទួលជំនួយប្រមាណ ៨៣លានដុល្លារហើយ ពីរដ្ឋាភិបាលជប៉ុន។

សេចក្តីប្រកាសនោះ បានបញ្ជាក់ថា «ជំនួយនេះ មានភាពចាំបាច់ ដើម្បីធានា ដំណើរការរបស់ អ.វ.ត.ក ក្នុងការបញ្ចប់អាណត្តិរបស់ខ្លួន ដោយគ្មានការរាំស្ទះ នៅក្នុងកិច្ចដំណើរការយុត្តិធម៌»។

សូមជំរាបថា ពេលនេះ សាលាក្តីខ្មែរក្រហម កំពុងបន្តដំណើរការក្តីនៃសំណុំរឿង ០០២/០២ ។ សំណុំរឿងនេះ គឺជាការជំនុំជម្រះ ដំណាក់កាលទីពីរ ទៅលើជនជាប់ចោទ នួន ជា និងខៀវ សំផន ដែលមានបទចោទអំពី អំពើប្រល័យពូជសាសន៍ ទៅលើជនជាតិចាម និងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភផ្លូវភេទ នៅក្នុងបរិបទ នៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការបោស សម្អាតផ្ទៃក្នុង ឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទៅលើពុទ្ធសាសនិក និងអតីតអ្នករដ្ឋការ នៃរបបសាធារណរដ្ឋខ្មែរ ព្រមទាំងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅមន្ទីរសន្តិសុខចំនួនបួន ការដ្ឋានការងារចំនួន៣ និងសហករណ៍មួយ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ សាលាក្តីខ្មែរក្រហម៖

ជប៉ុន ផ្តល់ជំនួយជាង ១,២លានដុល្លារ ដល់សាលាក្តី ខ្មែរក្រហម ដើម្បីធានា ដល់ដំណើរការ នៅដំណាក់កាលសំខាន់