ជប៉ុនផ្តល់ជំនួយ ជាងមួយលាន ដុល្លារអាមេរិក ដល់ អ.វ.ត.ក

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ១,២២១,៨១៨ ដុល្លារអាមេរិក ជាវិភាគទាន សម្រាប់ឆ្នាំសារពើពន្ធ ២០១៥ របស់ខ្លួន ដើម្បីផ្តល់ជូនភាគី អង្គការសហប្រជាជាតិ នៃថវិកាអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់វិភាគទាននេះ ដើម្បីបន្តទ្រទ្រង់ដំណើរការ យុត្តិធម៌របស់សាលាក្តីខ្មែរក្រហម ក្នុងដំណាក់កាលដ៏សំខាន់នៅពេលដែល អ.វ.ត.ក បានជួបប្រទះស្ថានភាពកង្វះ ខាតថវិកាដ៏ធ្ងន់ធ្ងរ ។

ភាពជឿនលឿនពេលថ្មីៗនេះ របស់សាលាក្តីខ្មែរក្រហម ដូចជាសវនាការលើបណ្តឹងសារទុក្ខ ក្នុងសំណុំរឿង ០០២ /០០១ ដែលបានដំណើរការ ដោយអង្គជំនុំជម្រះតុលាការកំពូល និងបន្តសវនាការលើភស្តុតាងពាក់ព័ន្ធ និងបទ ចោទប្រកាន់នានា រួមមាន បទឧក្រិដ្ឋប្រល័យពូជសាសន៍ និងអាពាហ៍ពិពាហ៍ ដោយបង្ខំក្នុងសំណុំរឿង ០០២/ ០២ ។

ប្រទេសជប៉ុនចាត់ទុកថា ថវិកានេះ មានសារៈសំខាន់សម្រាប់ អ.វ.ត.ក ដើម្បីបន្តការកាត់ក្តី ក្នុងរបៀបមួយ មាន ភាពត្រឹមត្រូវមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយជនជាប់ចោទមានវ័យកាន់តែចាស់ជរា និងសុខភាពទន់ខ្សោយ និងដើម្បីសម្រេចបាន នូវយុត្តិធម៌ដែលកំពុងត្រូវបានទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរមកហើយ សម្រាប់ប្រជា ជនកម្ពុជា ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បាន និងកំពុងជួយដល់អង្គជុំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាំងពីដើមមក ហើយគិតត្រឹមថ្ងៃទី២៧ វិច្ឆិកា ជំនួយហិរញ្ញវត្ថុ សម្រាប់តុលាការនេះ មានចំនួនប្រមាណជា ៨៣,៩៥លានដុល្លារ អាមេរិក ប្រហាក់ប្រហែល៣៣% នៃវិភាគទានអន្តរជាតិសរុប ៕