នាយឧត្តមសេនីយ៍ ខេង សុមេធ អបអរសាទរការ ទទួលបានពានរង្វាន់ សន្តិភាពរបស់លោក ហ៊ុន ម៉ានី និងប្រកាសប្តេជ្ញា ការពារសន្តិភាព ជូនជាតិ និងប្រជាជន

ភ្នំពេញ ៖ អគ្គស្នងការរង នគរបាលជាតិ ទទួលទិសយោធភូមិភាគទី៤-៥ នាយឧត្តមសេនីយ៍ ខេង សុមេធ បានអបអរសាទរ និងប្រកាសថា កម្លាំងនគរបាលទាំងអស់ នៃយោធភូមិភាគទី៤-៥ ប្តេជ្ញាយកអស់កម្លាំងកាយចិត្ត និងប្រើអស់លទ្ធភាព គាំទ្ររាល់បុព្វហេតុរបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ដែលបាននាំ សន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។

មន្រ្តីនគរបាលជាន់ខ្ពស់ ខេត្តបន្ទាយមានជ័យ បានដកស្រង់ ប្រសាសន៍របស់នាយឧត្តមសេនីយ៍ ខេង សុមេធ យ៉ាងដូច្នេះថា « យើងជាកងកម្លាំងនគរបាល យោធភូមិភាគទី៤-៥ ពិតជាមានមោទភាពណាស់ ចំពោះកូនខ្មែរដំបូង ដែលបានទទួលពានរង្វាន់ដ៏មហាសាលមួយនេះ ហេតុដូច្នេះហើយ យើងសូមប្រកាសប្តេជ្ញា យ៉ាងម៉ឺងម៉ាត់ និងប្រើប្រាស់ឲ្យអស់សមត្ថភាព និងលទ្ធភាព គាំទ្របុព្វហេតុសកម្មភាពទាំងឡាយ សម្រាប់បញ្ហាសន្តិសុខនៅទូទាំងប្រទេស»។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ពានរង្វាន់សន្តិភាព «The Gusi Peace Prize» ត្រូវបានប្រគល់ជូនឥស្សរជនខ្មែរដំបូងគេ លោក ហ៊ុន ម៉ានី ជាផ្លូវការហើយ នៅប្រទេសហ្វីលីពីន។ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជា នៅកម្ពុជា បានក្លាយជាជនជាតិកម្ពុជា និងឥស្សរជនខ្មែរដំបូងគេ ទទួលបានពានរង្វាន់សន្តិភាព « The Gusi Peace Prize » ក្នុងភាពជាអ្នកដឹកនាំយុវជន ការគោរពសិទ្ធិ និង ជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។

លោក ហ៊ុន ម៉ានី រួមនិងម្ចាស់ជ័យលាភី ១៨នាក់ផ្សេងទៀត មកពីជុំវិញពិភពលោក នឹងឡើងទទួលពាន « The Gusi Peace Prize» នៅប្រទេសហ្វីលីពីន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះវេលាម៉ោងប្រមាណ ៥ល្ងាចម៉ោងនៅកម្ពុជា។

Gusi Peace Prize ត្រូវបានបង្កើតឡើងដោយលោក Barry Gusi ក្នុងគោលបំណងឧទ្ទិសដល់ឪពុករបស់លោក គឺលោក Gemeniano Javier Gusi អតីតយុទ្ធជននាសម័យសង្គ្រាមលោកលើកទីពីរ ដែលបានតស៊ូរប្រយុទ្ធ ប្រឆាំងជប៉ុន ហើយក្រោយមកបានក្លាយជាអ្នកនយោបាយ និង ជាសកម្មជនសិទ្ធិមនុស្ស។ Gusi ជាអង្គការរបស់អាស៊ី ដែលសំខាន់បំផុត និង នាំមុខគេនៅលើពិភពលោកសព្វថ្ងៃនេះ។

ចំណុចសំខាន់ ដែលធ្វើឲ្យគណៈកម្មការទាំង២១ប្រទេស សម្រេចចិត្តជ្រើសរើស លោក ហ៊ុន ម៉ានី ជាម្ចាស់ពាន រង្វាន់ពិភពលោកមួយនេះរួមមាន៖
១. រក្សាឲ្យបាននូវសុខសុវត្ថិភាព យុត្តិធម៌ និងសេរីភាពរបស់យុវជន ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈសង្គម និង និន្នាការនយោបាយ
២. លើកកម្ពស់ចលនាចូលរួមដោយស្ម័គ្រចិត្តរបស់យុវជននៅក្នុងការអភិវឌ្ឍ ថែរក្សាបូរណភាពទឹកដី សេចក្ដីថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព
៣. លើកកម្ពស់ការថែទាំសុខភាព កំសាន្ត កីឡា និង សិល្បៈ
៤. លើកទឹកចិត្តយុវជនក្នុងការស្វែងយល់អំពីប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់
៥. បង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ល្អជាមួយ អង្គការសហគមន៍ជាតិ និងអន្តរជាតិ
៦. ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បំនិនជីវិត ការអប់រំយុវជន ជាពិសេសសម្រាប់ជនពិការ៕

នាយឧត្តមសេនីយ៍ ខេង សុមេធ អបអរសាទរការ ទទួលបានពានរង្វាន់ សន្តិភាពរបស់លោក ហ៊ុន ម៉ានី និងប្រកាសប្តេជ្ញា ការពារសន្តិភាព ជូនជាតិ និងប្រជាជន

នាយឧត្តមសេនីយ៍ ខេង សុមេធ អបអរសាទរការ ទទួលបានពានរង្វាន់ សន្តិភាពរបស់លោក ហ៊ុន ម៉ានី និងប្រកាសប្តេជ្ញា ការពារសន្តិភាព ជូនជាតិ និងប្រជាជន