ក្រសួងការបរទេស​ និងមូលនិធិ អាស៊ី-អឺរ៉ុប នឹងបើកវគ្គបណ្តុះ បណ្តាល យុវជន ក្នុងការដឹកនាំ

ភ្នំពេញ ៖ ក្នុងគោលបំណង ជំរុញការបណ្តុះ បណ្តាល យុវជនកម្ពុជា ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប (Asia-Europe Foundation - ASEF) រៀបចំវគ្គបណ្តុះ បណ្តាលមួយស្តីពី “យុវវ័យ ក្នុងការដឹកនាំ” (Youth on Leadership) នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ០១ ខែធ្នូ ឆ្នាំ ២០១៥។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសបានឲ្យដឹងថា  ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា វគ្គបណ្តុះបណ្តាលនេះ នឹងមានការចូលរួមរបស់យុវជនកម្ពុជាចំនួន ៦០នាក់ ដែលជានិស្សិតត្រូវបាន មូលនិធិអាស៊ី-អឺរ៉ុបជ្រើសរើសមកពីសាកលវិទ្យាល័យ និងប្រភពផ្សេងៗ នឹងទទួលបានការបណ្តុះ បណ្តាលពីគ្រូមកពីអឺរ៉ុបចំនួន ២នាក់ ដែលផ្តោតសំខាន់ទៅលើការ បណ្តុះបណ្តាលសមត្ថភាពស្តីពី ការដឹកនាំ (Leadership) និងការដឹកនាំសហគ្រាស (Entrepreneurship)។

ក្រសួងការបរទេស សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះ បណ្តាលនេះ នឹងអនុញ្ញាតឲ្យយុវជនយើង យល់ដឹងថែមទៀតអំពីតួរនាទីរបស់ខ្លួនក្នុងការដឹក នាំលើកិច្ចការនានារបស់រដ្ឋ ព្រមទាំងសហគ្រាស៕