លោក ផៃ ស៊ី​ផាន ៖ ការព្រមាន​លុប​ជំនួយ​សម្រាប់​កម្ពុជា​គឺជា​ការរើសអើង​មាន​លក្ខណៈ​របស់​ពួក​អាណានិគម

​រាជធានី​ភ្នំពេញ​៖អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន​បាន​ប្រតិកម្ម​ជាមួយ​សមាជិកសភា​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែល​បាន ព្រមាន​លុបចោល​ជំនួយ​សម្រាប់​កម្ពុជា​នូវ​ទឹកប្រាក់​៤០០​លាន​ដុល្លារ ប្រសិនបើ​ទណ្ឌិត សម រង្ស៊ី មិនអាច​វិល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ ។ លោក​ចាត់ទុក​ការព្រមាន​នោះ​គឺជា​ភាព​រើសអើង​មួយ​ដែលមាន​លក្ខណៈ​របស់​ពួក អាណានិគម​។

​    ​លោក ផៃ ស៊ី​ផាន បាន​បញ្ចេញ​នូវ​ប្រតិ​កម្មនេះ បានធ្វើ​ឡើង​បន្ទាប់ពី​សមាជិកសភា​មួយចំនួន​របស់​សហភាព​អឺរ៉ុប​បាន​ព្រមាន ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​បទ​ចោទ​ទាំងឡាយណា​ដែល​ប្រឆាំង ទណ្ឌិត សម រង្ស៊ី ហើយ​បានទាមទារ​ផ្ដល់​និតិ​សម្បទា បុព្វ​សិទ្ធ អភ័យ​ឯក​សិទ្ធ​សភា ឲ្យ​ទណ្ឌិត សម រង្ស៊ី ឡើងវិញ​។

​    ​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ​ថា លោក​សូម​វាយតម្លៃថា ដោយសារតែ​សហគមន៍​អឺរ៉ុប​មាន​អ្នកនយោបាយ​មួយចំនួន មិនបាន​យល់​ច្បាប់ មិនបាន​យល់​អំពី​ស្ថានភាព​ពិត​ដែល​កើត​មាននៅ​កម្ពុជា គឺ​ករណី​លោក​សម រង្ស៊ី ទទួលបាន​ការសម្របសម្រួល​នយោបាយ​ចំនួន​២​ដង រួចមកហើយ តាម​ការ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ដូច្នេះ​នេះ​គឺជា​លើក​ទី​៣ យើង​កំពុងតែ​ពិបាក​នៅក្នុង​ឧ​ត្ត​ម​គតិ និង​នីតិរដ្ឋ​។ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា យើង​កំពុងតែ​ពង្រឹង​កម្ពុជា​ឲ្យ​មាន​នីតិរដ្ឋ បំបាត់ចោល​នីរ​ទណ្ឌ​ភាព​។ រឿង​លោក​សម រង្ស៊ី គឺជា​រឿង​ឯកជន​សុទ្ធសាធ រវាង​លោក​សម រង្ស៊ី ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយ​គួរតែ​អ្នកនយោបាយ​នៅ​សហគមន៍​នៅ​អឺរ៉ុប​គួរតែ​ពិចារណា​។ លោក​បញ្ជាក់ទៀតថា ចំពោះ​ការដក​អភ័យឯកសិទ្ធិ​របស់លោក​សម រង្ស៊ី គឺជា​ការងារ​នីតិវិធី នៃ​ច្បាប់ ហើយក៏​ធ្វើតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ហើយ​ការលើកឡើង​អំពី​ការព្រមាន​រឿង ជឿជាក់ថា ជីវិត​របស់​កម្ពុជា​ជាមួយ​សន្តិភាព ជីវិត​កម្ពុជា​ជាមួយ​ការពង្រឹង​នីតិរដ្ឋ យើង​មិនអាច​នៅ​ជាមួយ​ទឹក​លុយ​បានទេ នេះ​គឺជា​ភាព​រើសអើង​មួយ វា​គឺជា​សិទ្ធិ​របស់​ពួក​អាណានិគម កម្ពុជា​អត់​ត្រូវការ​ពួក​អាណានិគម​ទេ​៕

លោក ផៃ ស៊ី​ផាន ៖ ការព្រមាន​លុប​ជំនួយ​សម្រាប់​កម្ពុជា​គឺជា​ការរើសអើង​មាន​លក្ខណៈ​របស់​ពួក​អាណានិគម