ក្រសួងការបរទេស បើក​វគ្គ​បណ្តុះបណ្តាល​យុវជន​កម្ពុជា ស្តីពី “​យុវវ័យ​ក្នុងការ​ដឹកនាំ​”

ភ្នំពេញ: ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យដឹងនៅថ្ងៃទី២៧វិច្ឆិកានេះថា វគ្គ​បណ្តុះបណ្តាល​យុវជន​កម្ពុជា ស្តីពី "​យុវវ័យ​ក្នុងការ​ដឹកនាំ​" នឹងធ្វើ​ឡើង ក្នុង​គោលបំណង​ជំរុញ​ការបណ្តុះបណ្តាល​យុវជន​កម្ពុជា​យើង​។ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​ជាមួយ​មូលនិធិ​អាស៊ី​-​អឺរ៉ុប (Asia-Europe Foundation - ASEF) ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី “​យុវវ័យ ក្នុងការ​ដឹកនាំ​” (Youth on Leadership) នៅ​ទីក្រុង​ភ្នំពេញ ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០១៥​។

​លោក ជុំ សុន្ទរី បាន​បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ នឹងមាន​ការចូលរួម​របស់​យុវជន​កម្ពុជា​ចំនួន ៦០​នាក់ ដែលជា​និស្សិត​ត្រូវបាន​មូលនិធិ​អាស៊ី​-​អឺរ៉ុប ជ្រើសរើស​មកពី​សាកល​វិទ្យាល័យ និង​ប្រភព​ផ្សេងៗ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​គ្រូ​មកពី​អឺរ៉ុប​ចំនួន ២​នាក់ ដែល​ផ្តោត​សំខាន់​ទៅលើ​ការបណ្តុះបណ្តាល​សមត្ថភាព ស្តីពី ការដឹកនាំ (Leadership) និង​ការដឹកនាំ​សហគ្រាស (Entrepreneurship)​។

​លោក​ជុំ​សុន្ទរី បន​ត្ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សង្ឃឹម​យ៉ាង​មុតមាំ​ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​អនុញ្ញាត​ឲ្យ​យុវជន​យើង យល់ដឹង​ថែមទៀត​អំពី​តួរ​នាទី​របស់ខ្លួន​ក្នុងការ​ដឹកនាំ​លើ​កិច្ចការ​នានា​របស់​រដ្ឋ ព្រមទាំង​សហគ្រាស​៕​