លោក​ផៃ​ស៊ី​ផាន​៖ សិទ្ធិ​ស្វ័យ​សម្រេច ជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​កម្ពុជា​

ភ្នំពេញ: ​លោក​ផៃ​ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើក​ឡើងថា ​អ្វី​ដែលជា​ព្រឹ​ត្ត​ការណ៍​ពាក់ព័ន្ធ​នឹង​សភា​អឺរ៉ុប ចេញពី​សេចក្តីថ្លែងការណ៍​របស់​ខ្លួន “ Non binding resolution” គឺជា​ការសម្តែង​មតិ​ជា​ផ្លូវការ​របស់​សមាជិកសភា ហើយ​ក៏​​មិនមែនជា​កំហិត បង្ខំ​ជា​ច្បាប់​នៃ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​រៀងៗ​ខ្លួន​របស់គេ​នោះ​ឡើយ​។​

​នៅ​ព្រលប់​ថ្ងៃទី​២៧​វិច្ឆិកា​នេះ លោក​ផៃ​ស៊ី​ផាន បាន​លើកឡើងថា "​ការសម្តែង​មតិ​ជា​លាយ​លក្ខ​អក្សរ​បង្គាប់​ឲ្យ​រាជរដ្ឋាភិបាល បង្គាប់​ឲ្យ​រដ្ឋសភាជាតិ និង​ស្ថាប័ន​ឯករាជ្យ តុលាការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ធ្វើតាម​គំនិត​របស់គេ គឺ​មិន​ឆ្លើយតប មិន​ត្រឹមតែ​សភាពការណ៍​ជាក់ស្តែង​នៅ​កម្ពុជា​នោះទេ គឺជា​អំពើ​យល់ច្រឡំ​ធំ​នៃ​ការសោកស្តាយ ត្បិត​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​ដែល​មិន​ឋិត​និង​អំណាច​នៃ​ការសម្រេច​របស់​ក្រុម នយោបាយ​បរទេស​ណាមួយ​ឡើយ (​ឯករាជ្យ​)​។ សេចក្តីសម្រេច​របស់​ស្ថាប័នរដ្ឋ ដែល​តំណាង​ឲ្យ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ផលប្រយោជន៍​របស់​ខ្មែរ គឺជា​ក្រឹត្យក្រម​"​។​
 
លោក​ផៃ​ស៊ី​ផាន បន្តថា "​នៅក្នុង​នេះដែរ អ្វីដែល​យើងខ្ញុំ​យល់ថា កិច្ចសហការ​របស់​ស​ហ​គម​អ៊ឺរ៉ុប គឺជា​ទិសដៅ​ប្រសើរ​ក្នុង​កិច្ចពង្រឹង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ដែលជា​ជម្រើស​របស់​កម្ពុជា គឺ​មិនមែន ជាការ​ធ្វើ​អាណានិគម​នយោបាយ ឬ​បំបិទ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។ អាស្រ័យ​ដូចនេះ ការសម្រេច​នេះ គឺជា​ការបង្ខំ​ឲ្យ​កម្ពុជា​ដើរ​ប្រាស់ចាក​ពី​ផ្លូវ​នៃ​ការអភិវឌ្ឍន៍ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នៃ​សណ្តាប់ធ្នាប់​នយោបាយ ដែល​អាច​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ក្នុងសង្គម​ជាយថាហេតុ​"​។​

​លោក​ផៃ​ស៊ី​ផាន​បន្តថា "​រីឯ​ការព្រមាន​ជាមួយ​ប្រាក់​ជំនួយ​មកកាន់​កម្ពុជា នោះ គឺជា​ការ​ប្រាស់ចាក​ពី​កិច្ចសហប្រតិបត្តិការ​ដៃគូ​អភិវឌ្ឍន៍ គឺ​មិនមែន​បង្ខំ​ឲ្យ​កម្ពុជា​លក់​អធិបតេយ្យ​របស់ខ្លួន ឬ​ឆ​ន្ទះ​នយោបាយ​កម្ពុជា​នោះឡើយ ហើយ​កម្ពុ​ជាមាន​សិទ្ធិ​ស្វ័យ​សម្រេច​ជានិច្ចកាល និង​កាតព្វកិច្ច​ជា​ម្ចាស់​ស្រុក​ក្នុងការ​ទទួលខុសត្រូវ​នៅលើ​ជោគវាសនា​របស់ខ្លួន​ផ្ទាល់​។​ ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ជា​ទន់​ជាច្រើន ក្នុងការ​រំដោះជាតិ​ខ្លួន​ដើម្បី​ឯករាជ្យ សន្តិភាព និង​សិទ្ធិ​ស្វ័យ​សម្រេច​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ អ​.​ស​.​ប​"​។​

​លោក​ផៃ​ស៊ី​ផាន បន្តថា "​ការសោកស្តាយ​របស់​ក​ម្ពុ​ជា ចំពោះ​ការសម្តែង​មតិ នៃ​ក្រុម​សភា​អ៊ឺរ៉ុប​មួយចំនួន​នោះ គឺ​មិន​ចំ​ទិសដៅ​នៃ​សេចក្តីប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចងបាន​សន្តិភាព និង​ការអភិវឌ្ឍន៍ ហើយ​ខ្ញុំ​ផ្ទាល់​ក៏​សូម​ថ្លែង​នូវ​ការគាំទ្រ និង​ឯកភាព​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា អូស្ត្រាលី ដែល​ឯកឧត្តម បាន​លើកឡើងថា “​រដ្ឋាភិបាល ទោះជា​យ៉ាងណាក៏ដោយ ក៏​មិនត្រូវ​ជឿជាក់ ជាការ​សមស្រប ឬ​ជា​អំណោយផល ក្នុងការ​ប្រើប្រាស់​សភា​ជា​មូលដ្ឋាន ដើម្បី​ជា​សេចក្តីថ្លែងការណ៍ ដែល​គេ​អាច​បកស្រាយ​បាន​ថា ជាការ​លូកលាន់ បៀតបៀន និង​សិទ្ធិ​របស់​កម្ពុជា ក្នុង​ការសម្រេច​ដោយផ្ទាល់​នូវ​នីតិវិធី​របស់ខ្លួន​”​។

​ជាមួយគ្នា​នោះ លោក​ផៃ​ស៊ី​ផាន ក៏បាន​គូសបញ្ជាក់ថា "​រាជរដ្ឋាភិបាល​កម្ពុជា សភាជាតិ​កម្ពុជា តុលាការ​កម្ពុជា គឺ​កើតចេញពី​ឆ​ន្ទះ​របស់​កម្ពុជា មាន​សិទ្ធិ​គ្រប់គ្រាន់ ដែល​មិនត្រូវ​មានការ​បំពាន ឬ​ឧបសគ្គ​ណាមួយ​ដាច់ខាត ចំពោះ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុជា​"៕