ក្រសួងការបរទេស​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «យុវវ័យ ក្នុង​ការ​ដឹកនាំ»

ក្នុង​គោលបំណង​ជំរុញ​ការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​យើង ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​ជាមួយ​មូលនិធិ​អាស៊ី​-​អឺរ៉ុប (Asia-Europe Foundation - ASEF) រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី «យុវវ័យ ក្នុង​ការ​ដឹកនាំ​» (Youth on Leadership) នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ដល់ ០១ ខែធ្នូ ឆ្នាំ ២០១៥​ ។

វគ្គ​បណ្តុះបណ្តាល​នេះ ដែល​នឹង​មានការ​ចូលរួម​របស់​យុវជន​កម្ពុជា​ចំនួន ៦០​នាក់ ដែល​ជា​និស្សិត​ត្រូវ​បាន​មូលនិធិ​អាស៊ី​-​អឺរ៉ុប​ជ្រើសរើស​មក​ពី​សាកលវិទ្យាល័យ និង​ប្រភព​ផ្សេង​ៗ នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ពី​គ្រូ​មក​ពី​អឺរ៉ុប​ចំនួន ២​នាក់ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ បណ្តុះបណ្តាល​សមត្ថភាព​ស្តី​ពី ការ​ដឹកនាំ (Leadership) និង​ការ​ដឹកនាំ​សហគ្រាស (Entrepreneurship) ​។

ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ សង្ឃឹម​យ៉ាង​មុតមាំ​ថា វគ្គប​ណ្តុះបណ្តាល​នេះ នឹង​អនុញ្ញាត​ឲ្យ​យុវជន​យើងយល់​ដឹង​ថែម​ទៀត​អំពី​តួ​នាទី​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​លើ​កិច្ចការ​នានា​របស់​រដ្ឋ ព្រមទាំង​សហគ្រាស​ ៕