ពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្ត​កំពង់ធំ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដី

មន្ត្រី​អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម រួម​នឹង​សមត្ថកិច្ច​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​នាំ​ខ្លួន​មនុស្ស​ពីរ​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ពាក់ព័ន្ធ​រឿង​ចូល​កាន់​កាប់​ដី​រដ្ឋបាល​ព្រៃឈើ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​ជំនាញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ក្រយា ម្នាក់ អ្នកស្រី អ៊ុក ថាវរី មាន​ប្រសាសន៍​ថា ករណី​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​នេះ កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ទៅ​ឈូស​ឆាយ​ដី​របស់​ពលរដ្ឋ​ដោយ​អះអាង​ថា ជា​ដី​របស់​ខាង​រដ្ឋបាល​ព្រៃឈើ​ចំនួន​ពីរ​ថ្ងៃ​មក​ហើយ។ យ៉ាង​ណា អ្នកស្រី​ហៅ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​នេះ ថា​ជា​រឿង​អយុត្តិធម៌ ត្បិត​ពួកគាត់​បាន​ទៅ​កាន់កាប់​ដី​តំបន់​នោះ​ខុស​បញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​ទៅ​ទៀត៖ «ខ្ញុំ​យល់​ឃើញ​ថា ដូចជា​អយុត្តិធម៌​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្នា​ក្រីក្រ»

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន គឺ​ម្នាក់​ឈ្មោះ អ្នកស្រី ឌឹត គឹមយ៉ុន ភេទស្រី និង​ម្នាក់​ទៀត ឈ្មោះ អ៊ាវ វណ្ណហៀង ភេទ​ប្រុស ហើយ​ពួកគេ​ទាំង​ពីរ​រស់​នៅ​ភូមិ​សែនសេរី ឃុំ​ក្រយា។

តំណាង​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ខាង​រដ្ឋបាល​ព្រៃឈើ គឺ​មាន​ចំនួន ​៩​គ្រួសារ លើ​ទំហំ​ដី​ជាង ១​ហិកតារ។ អ្នកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ទាំង​នោះ​មក​វិញ បើ​មិន​ដូច្នេះ ពួកគាត់​នឹង​នាំ​គ្នា​ឡើង​ទៅ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ដល់​មន្ត្រី​ថ្នាក់​លើ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។