នារីរងគ្រោះនៅម៉ាឡេស៊ី២នាក់ ទទួលថវិកាពីលោក ហ៊ុន សែន ដើម្បីត្រឡប់មក​កម្ពុជា​វិញ

លោកនាយក​រដ្ឋា​មន្ត្រី ហ៊ុន សែន បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ជួន​ដល់​ពល​ការិនី​ខ្មែរ២នាក់ ដែល​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា​វិញ។ ការឧបត្ថម្ភ​របស់លោក ធ្វើឡើង​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការអះអាង​របស់​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។​​

បើតាម​លោក ជុំ សុន្ទរី ពល​ការិនី​ទាំង២រូបនោះ មានឈ្មោះ ហឿន សុខ​នា និង​កេ​ត ស្រី​លាភ បានទទួល​ប្រាក់ឧបត្ថម្ភ ពី​លោក ហ៊ុន សែន ដើម្បី​មានលទ្ធភាព​ត្រឡប់មក​មាតុភូមិ​វិញ។ ទោះបីជា​យ៉ាងណាក៏ដោយ រូបលោក មិនអាច​បញ្ហា​ក់​ឲ្យ​ច្បាស់​ថា តើ​លោក ហ៊ុន សែន ផ្តល់​ថវិកា​ដល់​ពលកា​រិ​នី​ទាំង២នាក់​នោះ ចំនួន​ប៉ុន្មាន​ក្នុងម្នាក់ៗនោះទេ។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គ្រាន់តែ​ដឹងថា សម្តេច ហ៊ុន សែន ជួយឧបត្ថម្ភ​ដល់​ពួកនាង តែ​ខ្ញុំ​មិនដឹងថា​ចំនួន​ប៉ុន្មាន​នោះទេ»។

លោក ជុំ សុន្ទរី បាន​លម្អិត​ព័ត៌មាន​ជុំវិញ​ពល​ការិនី​ខ្មែរ​រងគ្រោះ​នោះ​ថា ពួកគេ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់​និង​ក្រុមហ៊ុន ហើយ​ជួបប្រទះ​ការលំបាក​ក្នុង​ការងារ ទើ​ម​មកសុំ​ឲ្យ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ធ្វើ​អន្តរាគមន៍ ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ។

លោក​បន្តទៀតថា ពល​ការិនី កេ​ត ស្រី​លាភ នៅ​ភូមិ​វាល​ស្បួ​វ សង្កាត់​វាល​ស្បូវ រាជធានី​ភ្នំពេញ បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី១០ ខែមករា ឆ្នា២០១៤ ។ រូបនាង​បាន​មកដល់​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃទី២៦ ម្សិលមិញ។ ចំណែកឯ ពល​ការិនី ហឿន សុខ​នា នៅ​ឃុំ​ជី​រោង​ទី២ ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូងឃ្មុំ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេង​ស៊ី នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ តាមរយៈ​ក្រុមហ៊ុន Phillimore ដោយ​ធ្វើការ​ជា​អ្នក​បោសសំអាត​ឲ្យ​ក្រុមហ៊ុន Dust off Clean Team Sdn. Bhd ។ ពល​ការិនី ហឿន សុខ​នា នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី២៨ វិច្ឆិកា ស្អែក​នេះ។

សូមបញ្ជាក់ថា ទាក់ទង​នឹង​ការ​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ តែង​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ដើម្បី​ចៀសវាង​ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​